ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លេវី‌វិន័យ 9 - អាល់គីតាប អាល់គីតាប
លេវី‌វិន័យ 9

ណាពី​ហារូន និង​កូនៗ​ធ្វើ​គូរបាន​លើក​ដំបូង

1 នៅ​ថ្ងៃ​ទី​ប្រាំ‌បី ម៉ូសា​កោះហៅ​ហារូន កូន​ប្រុស​របស់​គាត់ និង​អស់​លោក​អះលី‌ជំអះ​អ៊ីស្រ‌អែល​ឲ្យ​មក។

2 គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «ចូរ​យក​កូន​គោ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត ហើយ​នាំ​សត្វ​ទាំង​ពីរ​ទៅ​ជូនអុលឡោះ‌តាអាឡា។

3 បន្ទាប់​មក ត្រូវ​បង្គាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: “ចូរ​នាំ​យក​ពពែ​ឈ្មោល សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប ព្រម​ទាំង​កូនគោ និង​កូន​ចៀម​មួយ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត

4 ហើយ​យក​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​មេត្រី​ភាព រួម​ជា​មួយ​ជំនូន​ម្សៅ​លាយ​នឹង​ប្រេង ដ្បិត​នៅ​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​នឹង​បង្ហាញ​ទ្រង់​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា”»។

5 ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​យក​ជំនូន​ទាំង​ប៉ុន្មាន​ដែល​ម៉ូសា​បាន​បង្គាប់ មក​ដាក់​នៅ​ខាងមុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ សហគមន៍​ទាំង​មូល​នាំ​គ្នា​ចូល​មក​ឈរ នៅ​ចំពោះអុលឡោះ‌តាអាឡា។

6 ម៉ូសា​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ដែលអុលឡោះ‌តាអាឡា​បង្គាប់ ចូរ​នាំ​គ្នា​ធ្វើ​តាម​ទៅ នោះអុលឡោះ‌តាអាឡា​នឹង​សំដែង​សិរី‌រុង‌រឿង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ»។

7 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «ចូរ​ទៅ​ជិត​អាសនៈ​ធ្វើ​គូរបាន​រំដោះ​បាប​របស់​បង និង​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​ធ្វើ​គូរបាន​ដុត ដើម្បី​សូម​ទ្រង់​លើក​លែង​ទោស​បង និង​ប្រជា‌ជន​ឲ្យ​បាន​រួច​ពី​បាប​ដែរ។ ចូរ​ជូន​ជំនូន​របស់​ប្រជា‌ជន ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា»។

8 ហារូន​ក៏​ចូល​ទៅ​ជិត​អាសនៈ ហើយ​អារ​ក​កូន​គោ​សម្រាប់​រំដោះ​បាប​របស់​គាត់​ផ្ទាល់។

9 កូន​របស់​គាត់​លើក​ឈាម​សត្វ​ជូន​គាត់ ហើយ​គាត់​ក៏​ជ្រលក់​ម្រាម​ដៃ​ក្នុង​ឈាម រួច​លាប​លើ​ស្នែង​អាសនៈ។ បន្ទាប់​មក គាត់​ចាក់​ឈាម​ដែល​នៅ​សល់ ត្រង់​ជើង​អាសនៈ។

10 គាត់​ដុត​ខ្លាញ់​ក្រលៀន និង​អ្វីៗ​ដែល​នៅ​ជាប់​នឹង​ថ្លើម​របស់​សត្វ​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប​នោះ នៅ​លើ​អាសនៈ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។

11 រីឯ​សាច់ និង​ស្បែក គាត់​យក​ទៅ​ដុត​នៅ​ក្រៅជំរំ។

12 ហារូន​អារ​ក​ចៀម​ឈ្មោល ដែល​ជា​គូរបាន​ដុត។ កូន​របស់​គាត់​យក​ឈាម​ជូន​គាត់ ហើយ​គាត់​ក៏​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

13 ពួក​គេ​យក​សាច់​ដែល​កាប់​ជា​ដុំៗ និង​ក្បាល​មក​ជូន​គាត់ ហើយ​គាត់​ដុត​វា​នៅ​លើ​អាសនៈ។

14 គាត់​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ​ពី​លើ​គូរបាន​ដុត។

15 បន្ទាប់​មក គាត់​យក​ជំនូន​របស់​ប្រជា‌ជន​ជូនអុលឡោះ‌តាអាឡា គឺ​គាត់​យក​ពពែ​ឈ្មោល​ដែល​ប្រជា‌ជន​ធ្វើ​ជា​គូរបាន​រំដោះ​បាប​មក ហើយ​អារ​ក​វា ធ្វើ​ដូច​គូរបាន​រំដោះ​បាប​មុន​ដែរ។

16 គាត់​ធ្វើ​គូរបាន​ដុត តាម​ហ៊ូកុំ។

17 គាត់​ជូន​ជំនូន​ម្សៅ ដោយ​ម្សៅ​មួយ​ក្តាប់​យក​ម្សៅ​មួយ​ក្តាប់​ដុត​នៅ​លើ​អាសនៈ បន្ថែម​ពី​លើ​គូរបាន​ដុត​ដែល​គេ​ធ្វើ​នៅ​ពេល​ព្រឹក។

18 គាត់​អារ​ក​គោ​បា និង​ចៀម​ឈ្មោល​ដែល​ប្រជា‌ជន​យក​មក​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ កូន​របស់​គាត់​យក​ឈាម​ជូន​គាត់ ហើយ​គាត់​ក៏​ប្រោះ​ឈាម​នោះ​នៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

19 ពួក​គេ​យក​ខ្លាញ់​របស់​គោ​បា និង​ចៀម​ឈ្មោល​ព្រម​ទាំង​កន្ទុយ ខ្លាញ់​ដែល​នៅ​ជាប់​ពោះ‌វៀន​ក្រលៀន និង​ថ្លើម

20 ដាក់​នៅ​លើ​សាច់​ទ្រូង ហើយ​ហារូន​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ។

21 បន្ទាប់​មក ហារូន​លើក​សាច់​ទ្រូង និង​ភ្លៅ​ស្តាំ​ជូនអុលឡោះ‌តាអាឡា ដូច​ម៉ូសា​បាន​បង្គាប់។

22 ក្រោយ​ពី​បាន​ធ្វើ​គូរបាន​រំដោះ​បាប​គូរបាន​ដុត និង​គូរបាន​មេត្រី​ភាព​ចប់​សព្វ​គ្រប់​ហើយ ហារូន​លើក​ដៃ​ជូន​ពរ​ប្រជា‌ជន រួច​ចុះ​មក​វិញ។

23 ម៉ូសា និង​ហារូន​នាំ​គ្នា​ចូល​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា រួច​ចេញ​មក​វិញ ជូន​ពរ​ប្រជា‌ជន។ ពេល​នោះ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឃើញ

24 គឺ​មាន​ភ្លើង​ចេញ​ពីអុលឡោះ‌តាអាឡា ឆេះ​គូរបាន​ដុត និង​ដុំ​ខ្លាញ់​នៅ​លើ​អាសនៈ។ ពេល​ប្រជា‌ជន​ទាំង​មូល​ឃើញ ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរ‌សាទរ រួច​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

© 2014 United Bible Societies, UK.

United Bible Societies