ចិត្តមេត្តាករុណារបស់អុលឡោះ1 ពេលឃើញដូច្នេះ យូណើសមិនសប្បាយចិត្តទាល់តែសោះ គាត់ខឹងយ៉ាងខ្លាំង។ 2 គាត់ជម្រាបអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាអើយ! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចខ្ញុំបានសង្ស័យ តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំម៉្លេះ។ ហេតុនេះហើយបានជាខ្ញុំរត់គេចទៅស្រុកតើស៊ីស ព្រោះខ្ញុំដឹងច្បាស់ថា ទ្រង់ជាម្ចាស់ប្រកបទៅដោយចិត្តប្រណីសន្ដោស ទ្រង់តែងតែអាណិតអាសូរ មិនឆាប់ខឹង ទ្រង់មានចិត្តមេត្តាករុណា ហើយតែងតែប្រែចិត្ត មិនព្រមធ្វើទោសគេទេ។ 3 អុលឡោះតាអាឡាអើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំទៅ ដ្បិតខ្ញុំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។ 4 អុលឡោះតាអាឡាមានបន្ទូលមកយូណើសវិញថា៖ «តើអ្នកខឹងដូច្នេះសមឬមិនសម?»។ 5 ខណៈនោះ យូណើសចេញទៅអង្គុយនៅខាងកើតទីក្រុង។ គាត់សង់ខ្ទមមួយតូច ហើយអង្គុយក្រោមម្លប់ រង់ចាំមើលព្រឹត្តិការណ៍ដែលនឹងកើតមានដល់ក្រុងនីនីវេ។ 6 ពេលនោះ អុលឡោះតាអាឡាជាម្ចាស់ធ្វើឲ្យមានរុក្ខជាតិមួយដើម ដុះឡើងពីលើយូណើស ធ្វើជាម្លប់ដល់គាត់ ដើម្បីកុំឲ្យគាត់មួម៉ៅតទៅទៀត។ យូណើសសប្បាយចិត្តនឹងម្លប់រុក្ខជាតិនោះណាស់។ 7 នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ អុលឡោះបញ្ជាឲ្យដង្កូវមួយមកស៊ីរុក្ខជាតិនោះ រុក្ខជាតិក៏ក្រៀមស្រពោនអស់ទៅ។ 8 លុះដល់ថ្ងៃរះ អុលឡោះបញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកំដៅចាំងមកលើក្បាលយូណើស ធ្វើឲ្យគាត់ល្វើយកម្លាំង គាត់ទូរអាអង្វរសុំស្លាប់ ទាំងពោលថា៖ «ខ្ញុំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។ 9 ពេលនោះ អុលឡោះមានបន្ទូលមកគាត់ថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ គាត់ឆ្លើយទ្រង់វិញថា៖ «អុលឡោះ ខ្ញុំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។ 10 អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «សូមគិតមើល៍! អ្នកអាណិតរុក្ខជាតិដែលអ្នកមិនបានហត់នឿយដាំវាទាល់តែសោះ។ វាដុះឡើងតែមួយយប់ រួចវិនាសបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ 11 រីឯយើងវិញ តើមិនឲ្យយើងអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជនជាងដប់ពីរម៉ឺននាក់ ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះទៀតផង»។ |
© 2014 United Bible Societies, UK.
United Bible Societies