យ៉ូណាស 3 - អាល់គីតាបអុលឡោះលើកលែងទោសឲ្យអ្នកក្រុងនីនីវេ 1 អុលឡោះតាអាឡាមានបន្ទូលមកកាន់យូណើសម្ដងទៀតថា៖ 2 «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឲ្យដឹងអំពីសេចក្ដី ដែលយើងនឹងប្រាប់អ្នក!»។ 3 លើកនេះ យូណើសធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គឺគាត់ក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសំបើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។ 4 យូណើសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត អុលឡោះតាអាឡានឹងបំផ្លាញក្រុងនេះហើយ!»។ 5 ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើអុលឡោះ។ ពួកគេប្រកាសឲ្យមនុស្សគ្រប់ៗគ្នា ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។ 6 ស្តេចនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏ចុះពីរាជបល្ល័ង្ក ដោះអាវវែងចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងនៅលើផេះទៀតផង។ 7 ស្តេចចេញបញ្ជាឲ្យប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមរាជក្រឹត្យរបស់ស្តេច និងអស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំងឡាយមិនឲ្យបរិភោគ ឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។ 8 ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរទូរអារកអុលឡោះ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត 9 ក្រែងលោអុលឡោះប្រែចិត្តលែងខឹងទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។ 10 អុលឡោះឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ទ្រង់ក៏ប្រែចិត្តមិនដាក់ទោសពួកគេ ដូចទ្រង់បានសម្រេចកាលពីមុននោះទេ ទ្រង់មិនបំផ្លាញពួកគេចោលឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies