ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 28 - អាល់គីតាប អាល់គីតាប
យេរេមា 28

ណាពី​យេរេមា​តទល់​នឹង​លោក​ហាណា‌នា

1 ក្នុង​ឆ្នាំ​ដដែល នៅ​ដើម​រជ្ជកាល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា គឺ​នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​បួន លោក​ហាណា‌នា ជា​កូន​របស់​លោក​អស៊ើរ ដែល​ជា​ណាពី​នៅ​ភូមិ​គីបៀន ពោល​មក​ខ្ញុំ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​មូល​ថា៖

2 «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: “យើង​នឹង​បំបាក់​នឹម​ស្ដេច​ស្រុក​បាប៊ី‌ឡូន!

3 ពីរ​ឆ្នាំ​ទៀត យើង​នឹង​នាំ​សម្ភារៈ​ទាំង​ប៉ុន្មាន​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា ដែល​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​ដឹក​ទៅ​នោះ យក​មក​ទុក​នៅ​កន្លែង​នេះ​វិញ។

4 យើង​ក៏​នាំ​យេកូ‌នាស ជា​បុត្រ​របស់​យេហូ‌យ៉ាគីម ស្ដេច​ស្រុក​យូដា និង​អ្នក​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ី‌ឡូន​នោះ​ត្រឡប់​មក​វិញ​ដែរ ដ្បិត​យើង​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន”»។

5 ណាពី​យេរេមា​បាន​តប​ទៅ​ណាពី​ហាណា‌នា នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ និង​ប្រជា‌ជន​ទាំង​មូល ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ថា៖

6 «អាមីន! សូមអុលឡោះ‌តាអាឡា​ធ្វើ​តាម​ពាក្យ​របស់​អ្នក! សូមអុលឡោះ‌តាអាឡា​សម្រេច​តាម​ពាក្យ​ដែល​អ្នក​ប្រកាស​នេះ​ចុះ! គឺ​សូម​ទ្រង់​នាំ​សម្ភារៈ​របស់​ម៉ាស្ជិទ និង​ប្រជា‌ជន​ដែល​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នោះ​មក​វិញ!

7 ប៉ុន្តែ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​យក​មក​ជម្រាប​អ្នក និង​ប្រជា‌ជន​ទាំង​មូល ឲ្យ​បាន​ជ្រាប ដូច​ត​ទៅ:

8 ណាពី​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​មុន​យើង​ទាំង​ពីរ​នាក់ បាន​ថ្លែង​បន្ទូល​តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​ថា ប្រទេស និង​នគរ​ធំៗ​ជា​ច្រើន ត្រូវ​កើត​សង្គ្រាម កើត​អន្តរាយ និង​កើត​ជំងឺ​អាសន្ន‌រោគ។

9 ប្រសិន​បើ​មាន​ណាពី​ណា​ម្នាក់​ប្រកាស​ថា ស្រុក​បាន​សុខ‌សាន្ត យើង​ដឹង​ថា អុលឡោះ‌តាអាឡា​ចាត់​ណាពី​នោះ​ឲ្យ​មក​មែន លុះ​ត្រា​ណា​តែ​ស្រុក​បាន​សុខ‌សាន្ត ដូច​ពាក្យ​គាត់​ប្រកាស»។

10 ពេល​នោះ ណាពី​ហាណា‌នា​បាន​ដោះ​នឹម​ចេញ​ពី​ស្មា​របស់​ណាពី​យេរេមា មក​កាច់​បំបាក់

11 ហើយ​ពោល​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ពីរ​ឆ្នាំ​ទៀត យើង​នឹង​បំបាក់​នឹម​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ហើយ​រំដោះ​ប្រជា‌ជាតិ​ទាំង​អស់»។ ណាពី​យេរេមា​ក៏​ដើរ​ចេញ​ពី​កន្លែង​នោះ​ទៅ។

12 បន្ទាប់​ពី​ណាពី​ហាណា‌នា​បំបាក់​នឹម​ដែល​ស្ថិត​នៅ​លើ​ស្មា​របស់​ណាពី​យេរេមា អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ណាពី​យេរេមា​ដូច​ត​ទៅ៖

13 «ចូរ​ទៅ​ប្រាប់​ហាណា‌នា​ថា: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ​នេះ: អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​យើង​នឹង​យក​នឹម​ដែក​មក​ដាក់​ជំនួស​វិញ។

14 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា យើង​ដាក់​នឹម​ដែក​លើ​ប្រជា‌ជាតិ​ទាំង​នោះ ដើម្បី​បង្ក្រាប​ពួក​គេ​ឲ្យ​នៅ​ក្រោម​អំណាច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​បម្រើ​នេប៊ូ‌ក្នេសា សូម្បី​តែ​សត្វ​ព្រៃ​ក៏​យើង​ប្រគល់​ឲ្យ​ស្ដេច​នោះ​ដែរ»។

15 បន្ទាប់​មក ណាពី​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ណាពី​ហាណា‌នា​ថា៖ «លោក​ហាណា‌នា​អើយ! សូម​ស្ដាប់​ខ្ញុំ​សិន! អុលឡោះ‌តាអាឡា​មិន​បាន​ចាត់​អ្នក​ឲ្យ​មក​ទេ! អ្នក​នាំ​ប្រជា‌ជន​នេះ​ឲ្យ​សង្ឃឹម​លើ​ពាក្យ​មិន​ពិត។

16 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​នឹង​បណ្ដេញ​អ្នក​ឲ្យ​ចាក​ចេញ​ពី​ផែនដី! ឆ្នាំ​នេះ អ្នក​ត្រូវ​តែ​ស្លាប់ ព្រោះ​អ្នក​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា»។

17 ណាពី​ហាណា‌នា​ស្លាប់ នៅ​ខែ​ទី​ប្រាំ‌ពីរ នា​ឆ្នាំ​នោះ។

© 2014 United Bible Societies, UK.

United Bible Societies