យេរេមា 29 - អាល់គីតាបលិខិតផ្ញើទៅប្រជាជនដែលជាឈ្លើយសឹក 1 ណាពីយេរេមាផ្ញើលិខិតមួយច្បាប់ ពីក្រុងយេរូសាឡឹម ទៅជូនក្រុមអះលីជំអះ ព្រមទាំងក្រុមអ៊ីមុាំ ក្រុមណាពី និងប្រជាជនទាំងអស់ ដែលស្តេចនេប៊ូក្នេសាបានកៀរពីក្រុងយេរូសាឡឹម យកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន 2 ក្រោយពេលដែលស្តេចយេកូនាស សម្ដេចមាតា ពួកមហាតលិក ពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូសាឡឹមទៅ។ 3 ណាពីយេរេមាផ្ញើលិខិតនេះទៅក្រុងបាប៊ីឡូន តាមលោកអេឡាសារ ជាកូនរបស់លោកសាផាន និងលោកកេម៉ារា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលស្តេចសេដេគា ជាស្ដេចស្រុកយូដា ចាត់ឲ្យទៅជួបស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ សេចក្ដីក្នុងសំបុត្រនោះមានដូចតទៅ៖ 4 «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលមកកាន់អស់អ្នកដែលទ្រង់ឲ្យគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា: 5 “ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។ 6 ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅឲ្យមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូន ពូនជាចៅឲ្យបានកើនចំនួនច្រើនឡើងនៅកន្លែងនោះ កុំចុះថយឡើយ។ 7 យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើឲ្យក្រុងនោះចំរុងចំរើនឡើង ចូរទូរអាអង្វរឲ្យក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។ 8 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: “មិនត្រូវចាញ់បោកពួកណាពី ឬពួកអ្នកទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ 9 ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេឲ្យមកទេ” -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 10 អុលឡោះតាអាឡាមានបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយបានគំរប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសម្រេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។ 11 យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា ជាគម្រោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អឲ្យអ្នករាល់គ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 12 ពេលនោះ អ្នករាល់គ្នានឹងទូរអា អ្នករាល់គ្នានឹងធ្វើដំណើរទៅទូរអាអង្វរយើង ហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។ 13 អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។ 14 យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងស្ដារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកំចាត់កំចាយអ្នករាល់គ្នាឲ្យទៅនៅ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។ 15 ប៉ុន្តែ អ្នករាល់គ្នាបានពោលថា អុលឡោះប្រទានណាពីមកឲ្យពួកយើង នៅស្រុកបាប៊ីឡូន!”។ 16 អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្ដេច ដែលគ្រងរាជ្យលើបល្ល័ង្កស្តេចទត ព្រមទាំងប្រជាជនទាំងអស់នៅក្នុងក្រុងនេះ និងបងប្អូនរបស់អ្នករាល់គ្នាដែលសត្រូវមិនបានកៀរយកទៅជាឈ្លើយដូចតទៅ: 17 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា “យើងនឹងប្រើដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគទៅប្រហារពួកគេ គឺយើងធ្វើឲ្យពួកគេបានដូចផ្លែឧទុម្ពរស្អុយ ដែលបរិភោគមិនកើត។ 18 យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកំចាត់កំចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។ 19 ការទាំងនេះកើតមាន ព្រោះពួកគេមិនស្ដាប់ពាក្យយើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡា- យើងបានចាត់ណាពី ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរហូតមក តែពួកគេពុំព្រមស្ដាប់ទេ” -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 20 រីឯអ្នកទាំងអស់គ្នាដែលអុលឡោះតាអាឡាបានដេញចេញពីក្រុងយេរូសាឡឹមមកបាប៊ីឡូន ចូរស្ដាប់បន្ទូលរបស់ទ្រង់! 21 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលស្ដីអំពីអហាប់ ជាកូនរបស់កូឡាយ៉ា និងសេដេគា ជាកូនរបស់ម៉ាសេយ៉ាថា: “អ្នកទាំងពីរបានប្រកាសពាក្យក្លែងក្លាយ ក្នុងនាមយើង ប្រាប់អ្នករាល់គ្នា។ ហេតុនេះ យើងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនេប៊ូក្នេសានឹងប្រហារជីវិតអ្នកទាំងពីរ នៅមុខអ្នករាល់គ្នា។ 22 ក្នុងចំណោមប្រជាជនយូដាទាំងអស់ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន គេនឹងយកឈ្មោះអ្នកទាំងពីរទៅដាក់បណ្ដាសាគ្នាថា: សូមអុលឡោះតាអាឡាដាក់ទោសឯង ដូចសេដេគា និងអហាប់ ដែលស្ដេចស្រុកបាប៊ីឡូន ឲ្យគេយកទៅដុតនៅក្នុងភ្លើង! 23 អ្នកទាំងពីរបានប្រព្រឹត្តអំពើដ៏អាស្រូវក្នុងស្រុកអ៊ីស្រអែល គឺប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ ហើយពោលពាក្យក្លែងក្លាយក្នុងនាមយើង ដោយយើងមិនបានបង្គាប់ឲ្យគេប្រកាសសោះ។ យើងជាសាក្សីដឹងឮអំពីរឿងនេះមែន! -នេះជាបន្ទូលរបស់អុលឡោះតាអាឡា”»។ 24 «ចូរប្រាប់សេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំថា 25 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: អ្នកបានផ្ញើសំបុត្រក្នុងនាមអ្នកផ្ទាល់ ទៅឲ្យប្រជាជនទាំងមូលនៅក្រុងយេរូសាឡឹម ព្រមទាំងអ៊ីមុាំសេផានា ជាកូនរបស់ម៉ាសេយ៉ា និងអ៊ីមុាំទាំងអស់ មានសេចក្ដីដូចតទៅ: 26 “លោកសេផានាអើយ អុលឡោះតាអាឡាតែងតាំងអ្នកជាអ៊ីមុាំ ជំនួសអ៊ីមុាំយេហូយ៉ាដា ដើម្បីឲ្យអ្នកទទួលខុសត្រូវលើការងារក្នុងដំណាក់របស់អុលឡោះតាអាឡា ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាណាពី។ អ្នកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។ 27 ឥឡូវនេះ ហេតុដូចម្ដេចបានជាអ្នកមិនដាក់ទោសយេរេមា ជាអ្នកស្រុកអាណាថោត ដែលតាំងខ្លួនជាណាពីក្នុងចំណោមអ្នករាល់គ្នាដូច្នេះ? 28 គាត់សរសេរសំបុត្រមកពួកយើងនៅស្រុកបាប៊ីឡូននេះថា: អ្នករាល់គ្នាត្រូវតែរស់នៅទីនេះយ៉ាងយូរ ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ!”»។ 29 អ៊ីមុាំសេផានាអានសំបុត្រនោះឲ្យណាពីយេរេមាស្ដាប់។ 30 អុលឡោះតាអាឡាក៏មានបន្ទូលមកកាន់យេរេមាដូចតទៅ៖ 31 «ចូរចាត់គេឲ្យទៅប្រាប់ប្រជាជនទាំងអស់ ដែលជាប់ជាឈ្លើយថា អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ ដូចតទៅ: សេម៉ាយ៉ាថ្លែងប្រាប់អ្នករាល់គ្នានូវសេចក្ដីផ្សេងៗ ធ្វើឲ្យអ្នករាល់គ្នាសង្ឃឹមលើពាក្យមិនពិត តែយើងពុំបានចាត់គាត់ឲ្យមកទេ។ 32 ហេតុនេះ យើងនឹងដាក់ទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ និងកូនចៅរបស់គាត់។ គ្មាននរណាម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់ អាចរស់នៅក្នុងចំណោមប្រជារាស្ត្រនេះ ហើយឃើញប្រជារាស្ត្ររបស់យើងទទួលសុភមង្គល ដែលយើងនឹងផ្ដល់ឲ្យនោះឡើយ ដ្បិតសេម៉ាយ៉ាបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងអុលឡោះតាអាឡា» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies