អុលឡោះជាស្តេច ទ្រង់ជាម្ចាស់ដ៏វិសុទ្ធ1 អុលឡោះតាអាឡាគ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ទ្រង់នៅពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយផែនដីកក្រើកញាប់ញ័រ។ 2 អុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន ទ្រង់ជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។ 3 មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងនាម ដ៏ឧត្ដុង្គឧត្ដម គួរជាទីស្ញែងខ្លាចរបស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់ដ៏វិសុទ្ធ!។ 4 អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយអំណាច ទ្រង់ជាស្តេច ដែលស្រឡាញ់យុត្តិធម៌! ទ្រង់បានតែងហ៊ូកុំ ហើយទ្រង់ធ្វើឲ្យមានសេចក្ដីសុចរិត និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រអែល! 5 ចូរលើកតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃយើង ចូរនាំគ្នាក្រាបគោរពទ្រង់ ដ្បិតទ្រង់ជាម្ចាស់ដ៏វិសុទ្ធ! 6 ម៉ូសា និងហារូន ជាអ៊ីមុាំបម្រើអុលឡោះ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកទ្រង់ ពេលអ្នកទាំងនោះអង្វររកអុលឡោះតាអាឡា ទ្រង់ឆ្លើយតបមកពួកគាត់វិញ ។ 7 ទ្រង់មានបន្ទូលពីក្នុងផ្ទាំងពពក មកពួកគាត់ ពួកគាត់បានកាន់តាមដំបូន្មាន និងប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលទ្រង់បង្គាប់ឲ្យពួកគាត់ធ្វើ។ 8 ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់បានឆ្លើយតបមកពួកគាត់ ទោះបីទ្រង់ដាក់ទោសអ្នកទាំងនោះ ព្រោះតែកំហុសដែលគាត់បានប្រព្រឹត្តក្ដី ក៏ទ្រង់តែងតែអត់ទោសឲ្យពួកគាត់ជានិច្ច។ 9 ចូរលើកតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំទ្រង់ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងទ្រង់ជាម្ចាស់ដ៏វិសុទ្ធ! |
© 2014 United Bible Societies, UK.
United Bible Societies