ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 72 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 72

សូម​អុលឡោះ​ប្រទាន​ពរ​ដល់​ស្តេច
ទំនុក​របស់​ណាពី​ស៊ូឡៃ‌ម៉ាន។

1 ឱ​អុលឡោះ​អើយ សូម​ប្រទាន​ឲ្យ​ស្តេច ចេះ​វិនិច្ឆ័យ​ដូច​ទ្រង់ ហើយ​សូម​ឲ្យ​កូន​ប្រុស​របស់​ស្តេច បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ទ្រង់​ដែរ!

2 ដើម្បី​ឲ្យ​ស្តេច​អាច​គ្រប់‌គ្រង ប្រជា‌រាស្ត្រ​របស់​គាត់ ដោយ​សុចរិត ហើយ​គ្រប់‌គ្រង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌។

3 សូម​ឲ្យ​ភ្នំ​ទាំង‌ឡាយ​ផ្ដល់​នូវ​ភោគ‌ផល ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា‌រាស្ត្រ ព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​ស្គាល់ សេចក្ដី​សុចរិត​ដែរ។

4 សូម​ស្តេច​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ សូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កំសត់​ទុគ៌ត ហើយ​កំទេច​អស់​អ្នក​ដែល​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ

5 ដរាប​ណា​នៅ​មាន​ព្រះ‌អាទិត្យ​រះ មាន​ព្រះ‌ច័ន្ទ​បញ្ចេញ​រស្មី សូម​ឲ្យ​ស្តេច​មាន​អាយុ​យឺន‌យូរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

6 សូម​ទ្រង់​ផ្ដល់​ពរ​ដល់​ប្រជា‌រាស្ត្រ ដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចម្ការ និង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។

7 សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចំរើន​ឡើង ក្នុង​រជ្ជកាល​របស់​ស្តេច ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​មាន​យ៉ាង​បរិបូណ៌។

8 សូម​ឲ្យ​អំណាច​របស់​ស្តេច​លាត​សន្ធឹង ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ និង​លាត​សន្ធឹង​ពី​ទន្លេ​អឺប្រាត​នេះ រហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។

9 ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន​ នឹង​នាំ​គ្នា​ក្រាប​គោរព​ស្តេច ហើយ​ខ្មាំង​សត្រូវ​របស់​ស្តេច ត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច​ ។

10 ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស​ និង​នៅ​កោះ​នានា នឹង​យក​ជំនូន​មក​ជូន​ស្តេច ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា​ ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ជូន​ដែរ។

11 ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា ក្រាប​គោរព​ស្តេច ហើយ​ប្រជា‌ជាតិ​ទាំង​អស់ នឹង​នាំ​គ្នា​បម្រើ​ស្តេច។

12 ស្តេច​រំដោះ​ជន​ក្រីក្រ នៅ​ពេល​គេ​ស្រែក​អង្វរ​ស្តេច ហើយ​ស្តេច​រំដោះ​ជន​ទុគ៌ត​ដែល​គ្មាន​ទី​ពឹង។

13 ស្តេច​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កំសត់​ទុគ៌ត ស្តេច​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។

14 ស្តេច​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅ ចំពោះ​ស្តេច ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។

15 សូម​ឲ្យ​ស្តេច​មាន​អាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ជូន​ស្តេច គេ​នឹង​ទូរអា‌អង្វរ​អុលឡោះ​ឲ្យ​ស្តេច ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ជូន​ពរ​ដល់​ស្តេច។

16 នៅ​ក្នុង​ស្រុក សូម​ឲ្យ​មាន​ស្រូវ​យ៉ាង​បរិបូណ៌ នៅ​តាម​កំពូល​ភ្នំ សូម​ឲ្យ​មាន​ភោគ‌ផល​ច្រើន ដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុង សូម​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង ដូច​ស្មៅ​នៅ​តាម​ទី​វាល។

17 សូម​ឲ្យ​ស្តេច​មាន​នាម ល្បី‌ល្បាញ​រហូត​ត​ទៅ គឺ​សូម​ឲ្យ​នាម​ស្តេច នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដូច​ព្រះ‌អាទិត្យ។ សូម​ឲ្យ​មនុស្ស‌ម្នា​យក​នាម​ស្តេច ទៅ​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា ស្តេច​ប្រកប​ដោយ​ពរ!

18 សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​សំដែង​ការ​អស្ចារ្យ​ទាំង​នេះ!

19 សូម​លើក​តម្កើង​នាម​ដ៏​រុង‌រឿង របស់​ទ្រង់​រហូត​ត​ទៅ! សូម​ឲ្យ​ផែនដី​ទាំង​មូល​បាន​ពោរ‌ពេញ ទៅ​ដោយ​សិរី‌រុង‌រឿង​របស់​ទ្រង់! អាម៉ីន! អាម៉ីន!

20 ពាក្យ​ទូរអា​របស់​ស្ដេច​ទត ជា​បុត្រ​របស់​លោក​អ៊ីសាយ ចប់​តែ​ត្រឹម​ណេះ។

© 2014 United Bible Societies, UK.

United Bible Societies