ចិត្តសប្បុរសរបស់អុលឡោះទំនុករបស់ណាពីទត នៅគ្រាដែលគាត់ធ្វើពុតជាវិកលចរិតនៅចំពោះមុខស្ដេចអប៊ីម៉ាឡេក ធ្វើឲ្យស្ដេចអប៊ីម៉ាឡេកដេញគាត់ចេញទៅ។ 1 ខ្ញុំនឹងអរគុណអុលឡោះតាអាឡា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងទ្រង់ឥតឈប់សោះឡើយ។ 2 ខ្ញុំនឹងបានខ្ពស់មុខដោយសារទ្រង់! ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង!។ 3 សូមប្រកាសជាមួយខ្ញុំថា អុលឡោះតាអាឡាថ្កុំថ្កើងរុងរឿងក្រៃលែង! យើងលើកតម្កើងនាមទ្រង់ជាមួយគ្នា!។ 4 ខ្ញុំបានអង្វរអុលឡោះតាអាឡា ទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ ទ្រង់បានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច ទាំងអម្បាលម៉ាន។ 5 អ្នកណាសម្លឹងឆ្ពោះទៅទ្រង់ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ ។ 6 មនុស្សទុគ៌តស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ស្តាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។ 7 ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។ 8 ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាអុលឡោះតាអាឡា មានចិត្តសប្បុរសដ៏លើសលប់! អ្នកណាពឹងផ្អែកលើទ្រង់ អ្នកនោះមានសុភមង្គលហើយ!។ 9 អ្នករាល់គ្នាដែលជាប្រជារាស្ត្រទ្រង់អើយ ចូរគោរពកោតខ្លាចអុលឡោះតាអាឡា ដ្បិតអ្នកដែលគោរពកោតខ្លាចទ្រង់ នឹងមិនខ្វះអ្វីឡើយ។ 10 អ្នកមាន អាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងមិនខ្វះអ្វីសោះឡើយ។ 11 កូនចៅអើយ ចូរនាំគ្នាមក ហើយស្ដាប់ពាក្យខ្ញុំ ខ្ញុំនឹងបង្រៀនអ្នក ឲ្យស្គាល់អំពីការគោរពកោតខ្លាចអុលឡោះតាអាឡា។ 12 តើមាននរណាចង់បានអាយុវែង និងរស់នៅប្រកបដោយសុភមង្គលឬទេ? 13 បើចង់បាន ត្រូវតែចេះទប់អណ្ដាត កុំពោលពាក្យអាក្រក់ និងចៀសវាងនិយាយបោកបញ្ឆោត!។ 14 ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរខិតខំស្វែងរកសេចក្ដីសុខសាន្ត យ៉ាងអស់ពីចិត្ត។ 15 អុលឡោះតាអាឡាតែងរំពៃមើលមនុស្សសុចរិត ហើយទ្រង់យកចិត្ត ទុកដាក់នឹងសំរែករបស់ពួកគេជានិច្ច។ 16 អុលឡោះតាអាឡាតែងតែប្រឆាំង នឹងអស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ ពេលពួកគេស្លាប់ទៅ គ្មាននរណានឹកដល់ពួកគេទៀតទេ។ 17 ពេលមនុស្សសុចរិតស្រែករកទ្រង់ អុលឡោះតាអាឡាស្តាប់ពាក្យគេ ហើយទ្រង់រំដោះគេ ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។ 18 អុលឡោះតាអាឡានៅជិតអស់អ្នកដែលក្រំចិត្ត ហើយទ្រង់សង្គ្រោះអស់អ្នក ដែលមានចិត្តសោកសង្រេង។ 19 មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ អុលឡោះតាអាឡាតែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។ 20 ទ្រង់ថែរក្សាគេឲ្យបានសុខសាន្ត គឺគ្មានឆ្អឹងណាមួយត្រូវបាក់បែកឡើយ។ 21 អំពើអាក្រក់តែងប្រហារជីវិតមនុស្សពាល ហើយអ្នកដែលស្អប់មនុស្សសុចរិត តែងតែទទួលទោសជានិច្ច។ 22 អុលឡោះតាអាឡាសង្គ្រោះជីវិតអ្នកបម្រើរបស់ទ្រង់ ហើយអស់អ្នកដែលមកពឹងផ្អែកលើទ្រង់ តែងតែរួចផុតពីទុក្ខទោស។ |
© 2014 United Bible Societies, UK.
United Bible Societies