ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ចោទិយ‌កថា 6 - អាល់គីតាប អាល់គីតាប
ចោទិយ‌កថា 6

ត្រូវ​ស្រឡាញ់​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក

1 «នេះ​ជា​បទ​បញ្ជា គឺ​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។

2 ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ។

3 អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់​ហ៊ូកុំ និង​បទ​បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​ឲ្យ​អ្នក​មាន​សុភ‌មង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក បាន​សន្យា​ជា​មួយ​អ្នក។

4 អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់! មាន​តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង តែ​មួយ​គត់ ដែល​ពិត​ជាអុលឡោះ‌តាអាឡា។

5 អ្នក​ត្រូវ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។

6 ត្រូវ​ទុក​ឲ្យ​ពាក្យ​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជា​និច្ច។

7 ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក អំពី​បន្ទូល​របស់​អុលឡោះគឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្តាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។

8 ត្រូវ​ចង​បន្ទូល​របស់​អុលឡោះ​ទាំង​នេះ ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។

9 ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។

កុំ​បំភ្លេច​អុលឡោះ​ឡើយ

10 «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប។ ជា​បុព្វ‌បុរស​របស់​អ្នក​ថា​នឹង​ប្រគល់​ឲ្យ​អ្នក។ ស្រុក​នោះ​មាន​ក្រុង​ដ៏​ធំៗ ហើយ​ស្អាតៗ​ជា​ក្រុង​ដែល​អ្នក​មិន​បាន​សង់

11 ព្រម​ទាំង​មាន​ផ្ទះ ពេញ​ទៅ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង ជា​ទ្រព្យ​ដែល​អ្នក​ពុំ​បាន​ស្វះ‌ស្វែង​រក មាន​អណ្តូង​ស្រាប់ គឺ​អណ្តូង​ដែល​អ្នក​ពុំ​បាន​ជីក ហើយ​មាន​ចម្ការ​ទំពាំង​បាយ​ជូរ និង​ចម្ការ​អូលីវ​ដែល​អ្នក​ពុំ​បាន​ដាំ។

12 ពេល​ណា​អ្នក​មាន​ភោគ​ផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាស‌ករ។

13 ចូរ​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​គោរព​បម្រើ​ទ្រង់ និង​ពោល​ពាក្យ​ស្បថ​ក្នុង​នាម​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។

14 មិន​ត្រូវ​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ឯ​ទៀតៗ ក្នុង​ចំណោម​ព្រះ​របស់​ជាតិ​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ​វិញ​អ្នក​រាល់​គ្នា​ឡើយ

15 ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​ពេញ​ចិត្ត​ឲ្យ​អ្នក​ជំពាក់​ចិត្ត ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទ្រង់​ខឹង​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។

16 មិន​ត្រូវ​ល្បងលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បងល​ទ្រង់ នៅ​ម៉ាសា នោះ​ឡើយ។

17 ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​ហ៊ូកុំ​ដែល​អុលឡោះ​បាន​បង្គាប់។

18 ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត និង​ត្រឹម​ត្រូវ ដែល​គាប់​ចិត្តអុលឡោះ‌តាអាឡា ដើម្បី​ឲ្យ​អ្នក​មាន​សុភ‌មង្គល ហើយ​កាន់​កាប់​ទឹក​ដី​ដ៏​ល្អ​ដែលអុលឡោះ‌តាអាឡា​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​ថា នឹង​ប្រទាន​ដល់​អ្នក

19 ដោយ​បណ្តេញ​ខ្មាំង​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក ដូច​ទ្រង់​មាន​បន្ទូល​ទុក។

20 នៅ​ថ្ងៃ​មុខ ប្រសិន​បើ​កូន​របស់​អ្នក សួរ​ថា: តើ​ដំបូន្មាន ហ៊ូកុំ​ទាំង​ឡាយ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង បាន​បង្គាប់​មក​យើង​នេះ មាន​ន័យ​ដូច​ម្តេច?

21 អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ស្តេច​ហ្វៀរ៉អ៊ូន​នៅ​ស្រុក​អេស៊ីប ហើយអុលឡោះ‌តាអាឡា​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។

22 អុលឡោះ‌តាអាឡា​បាន​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​យ៉ាង​សំបើម​ឲ្យ​យើង​ឃើញ ដើម្បី​កំទេច​ស្តេច​ហ្វៀរ៉អ៊ូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច។

23 អុលឡោះ‌តាអាឡា​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ មក​នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង​ថា នឹង​ប្រគល់​មក​ឲ្យ​យើង។

24 អុលឡោះ‌តាអាឡា​បាន​បញ្ជា​ឲ្យ​យើង​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​នេះ ព្រម​ទាំង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ដើម្បី​ឲ្យ​យើង​មាន​សុភ‌មង្គល​ជា​រៀង​រាល់​ថ្ងៃ និង​ឲ្យ​ទ្រង់​ថែ​រក្សា​អាយុ​ជីវិត​របស់​យើង ដូច​ទ្រង់​ថែ​រក្សា​នៅ​ថ្ងៃ​នេះ។

25 យើង​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​នេះ ដូច​ទ្រង់​បាន​បង្គាប់​មក ដើម្បី​ឲ្យ​យើង​បាន​សុចរិត ហើយ​គាប់​បំណងអុលឡោះ‌តាអាឡាជា​ម្ចាស់​នៃ​យើង»។

© 2014 United Bible Societies, UK.

United Bible Societies