ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 89 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 89

ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ
កំណាព្យ​របស់​លោក​អេថាន ជា​អ្នក​ស្រុក​អេស‌រ៉ាគីត។

1 ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់ រហូត​ត​ទៅ។ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

2 ខ្ញុំ​ដឹង​ថា​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដូច​ផ្ទៃ​មេឃ។

3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ចុះ​ខ​សន្យា​ជា​មួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា:

4 យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​អ្នក ឲ្យ​គ្រង​រាជ្យ​រហូត​ត​ទៅ យើង​នឹង​ពង្រឹង​រាជ្យ​របស់​អ្នក​ឲ្យ​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! »។

5 ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​តម្កើង ស្នា‌ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ សូម​ឲ្យ​អង្គ​ប្រជុំ​ដ៏វិសុទ្ធ​ច្រៀង សរសើរ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។

6 នៅ​លើ​មេឃ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ នឹង​ព្រះអង្គ​បាន​ឡើយ ក្នុង​ចំណោម​ពពួក​ទេវតា ក៏​គ្មាន​នរណា អាច​ប្រៀប​ប្រដូច​នឹង​ព្រះអង្គ​បាន​ដែរ។

7 អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ ក៏​កោត​ស្ញប់‌ស្ញែង​ព្រះអង្គ​ដែរ។

8 ឱ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព ទាំង​មូល​អើយ គ្មាន​នរណា​មាន​ឫទ្ធា‌នុភាព​ដូច​ព្រះអង្គ​ឡើយ! ព្រះអង្គ​ប្រកប​ទៅ​ដោយ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ។

9 ព្រះអង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ នៅ​ពេល​រលក​សមុទ្រ​កក្រើក​ឡើង ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ស្ងប់​ទៅ​វិញ។

10 ព្រះអង្គ​បាន​ជាន់ និង​សម្លាប់​នាគ​រាជ ព្រះអង្គ​បាន​កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ ដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។

11 មេឃ និង​ផែនដី​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ។

12 ព្រះអង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ។

13 ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ព្រះអង្គ​មាន​ឫទ្ធា‌នុភាព និង​ឫទ្ធិ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

14 ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌ អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​បង្ហាញ​អំពី​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។

15 ព្រះ‌អម្ចាស់​អើយ ប្រជា‌ជន​ណា​លើក​តម្កើង​ព្រះអង្គ ព្រម​ទាំង​រស់​នៅ​ក្រោម​ពន្លឺ ដ៏​សប្បុរស​របស់​ព្រះអង្គ ប្រជា‌ជន​នោះ​មាន​សុភមង្គល​ហើយ!

16 រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីក‌រាយ ដោយ‌សារ​ព្រះ‌នាម​ព្រះអង្គ ហើយ​គេ​នឹង​បាន​ខ្ពស់​មុខ ដោយ‌សារ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ

17 ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។ យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើង ដោយ‌សារ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ។

18 ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ជ្រើស​រើស​ព្រះ‌រាជា ឲ្យ​ធ្វើ​ជា​ខែល​ការពារ​យើង​ខ្ញុំ ។

19 នៅ​ថ្ងៃ​មួយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ តាម​ការ​និមិត្ត​ឃើញ​មួយ​ថា: «យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចម្បាំង​មួយ​រូប​ដ៏​ចំណាន យើង​បាន​លើក​តម្កើង​យុវជន​មួយ​រូប ក្នុង​ចំណោម​ប្រជា‌ជន

20 គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​អភិសេក​គេ ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់​យើង

21 កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គេ ឫទ្ធិ‌បារមី​របស់​យើង​នឹង​ធ្វើ​ឲ្យ គេ​បាន​ខ្លាំង​ពូកែ។

22 ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គេ មនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គេ​បាន​ឡើយ។

23 យើង​នឹង​កម្ទេច​បច្ចា‌មិត្ត​នៅ​មុខ​គេ យើង​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់​គេ។

24 យើង​នឹង​សម្តែង​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​មេត្តា​ករុណា​ចំពោះ​គេ​ជានិច្ច គេ​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង ដោយ‌សារ​នាម​របស់​យើង។

25 យើង​នឹង​ឲ្យ​គេ​មាន​អំណាច​គ្រប់‌គ្រង លើ​សមុទ្រ និង​លើ​ទន្លេ​នានា។

26 ពេល​នោះ ដាវីឌ​នឹង​ហៅ​យើង​ថា “ព្រះអង្គ​ជា​ព្រះ‌បិតា និង​ជា​ព្រះ​នៃ​ទូលបង្គំ ព្រះអង្គ​ជួយ​ការពារ និង​សង្គ្រោះ​ទូលបង្គំ!”។

27 រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ដាវីឌ បាន​ទៅ​ជា​បុត្រ​ច្បង​របស់​យើង ជា​ស្ដេច​ដ៏​ធំ​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។

28 យើង​នឹង​សម្តែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គេ​ជានិច្ច ហើយ​យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី ដែល​យើង​ចង ជា​មួយ​គេ​ដោយ​មិន​ប្រែ‌ប្រួល​ឡើយ ។

29 យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​គេ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ្យ​របស់​គេ​នឹង​គង់‌វង្ស នៅ​ជា​យូរ​អង្វែង​ដូច​ផ្ទៃ​មេឃ​ដែរ។

30 ប្រសិន​បើ​កូន​ចៅ​របស់​ដាវីឌ បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​យើង ហើយ​លែង​ដើរ​តាម​វិន័យ​របស់​យើង

31 ប្រសិន​បើ​ពួក​គេ​បំពាន​លើ​បញ្ញត្តិ​របស់​យើង ហើយ​លែង​ប្រតិបត្តិ​តាម​បទ‌បញ្ជា របស់​យើង​ទៀត​នោះ

32 យើង​នឹង​វាយ​ប្រដៅ​ពួក​គេ ព្រោះ​តែ​ការ​បះ‌បោរ យើង​នឹង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ព្រោះ​តែ​កំហុស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

33 ក៏​ប៉ុន្តែ យើង​នៅ​តែ​សម្តែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​ដាវីឌ​ជានិច្ច យើង​នឹង​សម្តែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​គេ ឥត​ងាក​រេ​ឡើយ។

34 យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ​ទេ គឺ​អ្វី​ដែល​យើង​និយាយ​ចេញ​មក​ហើយ យើង​នឹង​មិន​ប្រែ​ក្រឡាស់​វិញ​ឡើយ។

35 យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ក្នុង​នាម​ដ៏វិសុទ្ធ របស់​យើង យើង​មិន​កុហក​ដាវីឌ​ទេ!

36 ពូជ‌ពង្ស​របស់​គេ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ រាជ្យ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង ដូច​ព្រះ‌អាទិត្យ

37 ហើយ​ដូច​ព្រះ‌ច័ន្ទ​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ធ្វើ​ជា​សាក្សី​ស្រាប់»។ - សម្រាក

38 ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល ព្រះអង្គ​បាន​កាត់‌កាល់ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌រាជា ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក។

39 ព្រះអង្គ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី ជា​មួយ​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ទម្លាក់​មកុដ‌រាជ្យ របស់​ព្រះ‌រាជា​ទៅ​ដី។

40 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កំពែង​ទាំង​ប៉ុន្មាន របស់​ព្រះ‌រាជា​ត្រូវ​ធ្លុះ‌ធ្លាយ និង​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​រលំ​បាក់​បែក។

41 ពួក​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ប្លន់​យក​អ្វីៗ​ដែល​ស្ដេច​មាន ហើយ​ប្រទេស​ជិត​ខាង​នាំ​គ្នា​សើច​ចំអក​ឲ្យ​ស្ដេច។

42 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​របស់​ស្ដេច​មាន​កម្លាំង ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ស្ដេច​មាន​អំណរ​សប្បាយ។

43 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រឿង​សស្ត្រា‌វុធ របស់​ស្ដេច​លែង​មាន​ប្រសិទ្ធ‌ភាព ព្រះអង្គ​ពុំ​បាន​គាំ‌ទ្រ​ស្ដេច​ក្នុង​ចម្បាំង​ឡើយ។

44 ព្រះអង្គ​ដក​អំណាច​ចេញ​ពី​ស្ដេច ព្រះអង្គ​បាន​រំលំ​រាជ​បល្ល័ង្ក​របស់​ស្ដេច

45 ព្រះអង្គ​ពុំ​បាន​ធ្វើ​ឲ្យ​ស្ដេច មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​ទេ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ស្ដេច ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។ - សម្រាក

46 ព្រះ‌អម្ចាស់​អើយ តើ​ព្រះអង្គ​ធ្វើ​ព្រងើយ​កន្តើយ​ដល់​កាល​ណា​ទៀត តើ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ នៅ​តែ​ឆាប‌ឆេះ​ដល់​ពេល​ណា​ទៀត?

47 សូម​ព្រះអង្គ​កុំ​ភ្លេច​ថា អាយុ​ជីវិត​ទូលបង្គំ​ខ្លី​ណាស់! ព្រះអង្គ​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក ដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!

48 ពុំ​ដែល​មាន​នរណា​អាច​រស់​រហូត ឥត​ស្គាល់​សេចក្ដី​ស្លាប់​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​នរណា អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន គេច​ផុត​ពី​មច្ចុរាជ​បាន​ដែរ! - សម្រាក

49 ព្រះ‌អម្ចាស់​អើយ តើ​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​ធ្លាប់​សម្តែង ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា កាល​ពី​គ្រា​មុន​នោះ នៅ​ឯ​ណា? តើ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​យ៉ាង ស្មោះ‌ស្ម័គ្រ​ចំពោះ​ព្រះ‌បាទ​ដាវីឌ​នៅ​ឯ​ណា?

50 ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើ របស់​ព្រះអង្គ​ដែល​កំពុង​តែ​បាក់​មុខ សូម​ព្រះអង្គ​កុំ​ភ្លេច​ថា ប្រជា‌រាស្ត្រ​ដ៏​ច្រើន​នេះ ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ទូលបង្គំ។

51 ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​បំបាក់​មុខ​ស្ដេច ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក គឺ​ទោះ​បី​ទូលបង្គំ​ទៅ​ទី​ណា​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​បំបាក់​មុខ​ទូលបង្គំ​ជានិច្ច។

52 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់​រហូត​ត​ទៅ! អាម៉ែន! អាម៉ែន!។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies