ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 79 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ទំនុកតម្កើង 79

ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង!
ទំនុក​របស់​លោក​អេសាភ។

1 ឱ​ព្រះ‌ជាម្ចាស់​អើយ ប្រជា‌ជាតិ​នានា​បាន​ឈ្លាន‌ពាន ទឹក​ដី​របស់​ព្រះអង្គ ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ​ទៅ​ជា​សៅ‌ហ្មង ពួក​គេ​បាន​កម្ទេច​ក្រុង​យេរូ‌សាឡឹម។

2 ពួក​គេ​បាន​បោះ​សាក‌សព​អ្នក​បម្រើ​របស់​ព្រះអង្គ ទៅ​ឲ្យ​ត្មាត​ស៊ី យក​សាក‌សព​អ្នក​ជឿ​ព្រះអង្គ ទៅ​ឲ្យ​សត្វ​តិរច្ឆាន​ធ្វើ​ជា​ចំណី។

3 ពួក​គេ​បាន​បង្ហូរ​ឈាម​ប្រជា‌ជន នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ហូរ​ដូច​ទឹក ហើយ​គ្មាន​នរណា​បញ្ចុះ​សព ប្រជា‌ជន​ទាំង​នោះ​ទេ ។

4 អ្នក​ស្រុក​ជិត​ខាង​នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ អ្នក​នៅ​ជុំ‌វិញ​យើង​ខ្ញុំ នាំ​គ្នា​ចំអក​ឡក‌ឡឺយ យក​រឿង​យើង​ខ្ញុំ​ទៅ​លេង​សើច។

5 ព្រះ‌អម្ចាស់​អើយ តើ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នឹង​យើង​ខ្ញុំ​ដូច្នេះ រហូត​ដល់​កាល​ណា? តើ​ព្រះអង្គ​នៅ​តែ​មាន​ព្រះ‌ហឫទ័យ ក្ដៅ​ឆេះ‌ឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?

6 គួរ​តែ​ព្រះអង្គ​ជះ​ព្រះ‌ពិរោធ ទៅ​លើ​ប្រជា‌ជាតិ​ដែល​ពុំ​ស្គាល់​ព្រះអង្គ និង​នគរ​នានា​ដែល​មិន​គោរព​បម្រើ​ព្រះ‌នាម ព្រះអង្គ​នោះ​វិញ។

7 ដ្បិត​ពួក​គេ​បាន​សម្លាប់​រង្គាល​ពូជ‌ពង្ស របស់​លោក​យ៉ាកុប ព្រម​ទាំង​បំផ្លាញ​ស្រុក​ទេស​របស់​លោក​ផង។

8 សូម​កុំ​ដាក់​ទោស​យើង​ខ្ញុំ ព្រោះ​តែ​បុព្វបុរស របស់​យើង​ខ្ញុំ​បាន​ធ្វើ​ខុស​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ សូម​ប្រញាប់​សម្តែង​ព្រះ‌ហឫទ័យ អាណិត‌អាសូរ​យើង​ខ្ញុំ​ផង! ដ្បិត​យើង​ខ្ញុំ​កំពុង​តែ​លិច​លង់។

9 ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​យាង​មក​ជួយ​យើង​ខ្ញុំ ដោយ​យល់​ដល់ សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះអង្គ សូម​រំដោះ​យើង​ខ្ញុំ និង​លើក‌លែង​ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ។

10 ហេតុ​អ្វី​បាន​ជា​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​នានា ពោល​ថា «ព្រះ​របស់​គេ​នៅ​ឯ​ណា?» ព្រះអង្គ​អើយ សូម​ឲ្យ​ប្រជា‌ជាតិ ទាំង‌ឡាយ​បាន​ដឹង​នៅ​ចំពោះ​មុខ​យើង​ខ្ញុំ​ថា ព្រះអង្គ​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​របស់​ព្រះអង្គ។

11 សូម​ស្ដាប់​សំឡេង​ថ្ងូរ​របស់​ពួក​អ្នក​ទោស ហើយ​ដោយ​ព្រះអង្គ​មាន​ឫទ្ធា‌នុភាព សូម​រំដោះ​អ្នក​ដែល​មាន​ទោស ដល់​ជីវិត​ទាំង​នោះ​ផង។

12 ព្រះ‌អម្ចាស់​អើយ ប្រជា‌ជាតិ​ជិត​ខាង បាន​ធ្វើ​ឲ្យ​ព្រះអង្គ​បាត់​បង់​កិត្តិយស ដូច្នេះ សូម​ធ្វើ​ឲ្យ​គេ​បាត់​បង់​កិត្តិយស​វិញ មួយ​ជា​ប្រាំ‌ពីរ។

13 រីឯ​យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ និង​ជា​ហ្វូង​ចៀម​របស់​ព្រះអង្គ នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies