1 ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកនៅក្នុងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ 2 សូមទ្រង់ដោះទូលបង្គំឲ្យរួច ហើយស្រោចស្រង់ ដោយសេចក្ដីសុចរិតរបស់ទ្រង់ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយជួយសង្គ្រោះ ទូលបង្គំផង 3 សូមឲ្យទ្រង់ធ្វើជាថ្មដា សំរាប់ជាទីលំនៅដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំទៅមកជានិច្ចបាន ទ្រង់បានចេញបង្គាប់ឲ្យជួយសង្គ្រោះទូលបង្គំហើយ ដ្បិតទ្រង់ជាថ្មដា ហើយជាបន្ទាយរបស់ទូលបង្គំ។ 4 ៙ ឱព្រះនៃទូលបង្គំអើយ សូមស្រោចស្រង់ទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ គឺឲ្យចេញរួចពីកណ្តាប់ដៃនៃមនុស្សទុច្ចរិតដ៏សាហាវផង 5 ដ្បិតឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាទីសង្ឃឹមនៃទូលបង្គំ ទ្រង់ជាទីទុកចិត្តដល់ទូលបង្គំតាំងតែពីក្មេងមក 6 គឺទ្រង់ហើយដែលថែរក្សាទូលបង្គំ តាំងតែពីផ្ទៃម្តាយមក ទ្រង់បានគាំទូលបង្គំឲ្យចេញចាកពីពោះម្តាយ ទូលបង្គំនឹងសរសើរពីទ្រង់ជានិច្ច។ 7 ៙ ទូលបង្គំជាទីអស្ចារ្យដល់មនុស្សជាច្រើន តែគឺទ្រង់ជាទីពឹងមាំមួនរបស់ទូលបង្គំទេ 8 មាត់ទូលបង្គំនឹងពេញដោយសេចក្ដីសរសើរដល់ទ្រង់ ហើយនឹងពោលពីកិត្តិសព្ទនៃព្រះនាមទ្រង់ដរាបរាល់ថ្ងៃ 9 សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ 10 ដ្បិតពួកខ្មាំងសត្រូវ គេនិយាយដើមពីទូលបង្គំ ហើយពួកអ្នកដែលចាំមើលជីវិតទូលបង្គំ គេជំនុំគ្នាថា 11 ព្រះបានបោះបង់ចោលវាហើយ ចូរយើងដេញតាមចាប់វាចុះ ដ្បិតគ្មានអ្នកណានឹងជួយវាសោះ។ 12 ៙ ឱព្រះអង្គអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង 13 សូមឲ្យពួកអ្នកដែលទាស់ទទឹងនឹងជីវិតទូលបង្គំ បានត្រូវអៀនខ្មាស ហើយវិនាសសូន្យទៅ ឯពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំ នោះសូមឲ្យគេបានគ្របពេញដោយសេចក្ដីដំនៀល នឹងអាប់យសវិញ 14 ឯទូលបង្គំនឹងមានសង្ឃឹមជានិច្ច ហើយនឹងសរសើរដល់ទ្រង់កាន់តែច្រើនឡើង 15 មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីសេចក្ដីសុចរិត នឹងពីសេចក្ដីសង្គ្រោះរបស់ទ្រង់ជាដរាបរាល់ថ្ងៃ ពីព្រោះទូលបង្គំមិនដឹងជាមានចំនួនប៉ុន្មានទេ 16 ទូលបង្គំនឹងទៅដោយព្រះចេស្តារបស់ ព្រះអម្ចាស់យេហូវ៉ា ហើយនឹងដំណាលពីសេចក្ដីសុចរិតរបស់ទ្រង់ គឺរបស់ទ្រង់តែ១ប៉ុណ្ណោះ។ 17 ៙ ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំ តាំងតែពីក្មេងមក ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសំដែង ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ 18 ឱព្រះអង្គអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ នឹងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ 19 ឯសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអង្គអើយ នោះខ្ពស់ណាស់ ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំ ឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់។ 20 ៙ ទ្រង់បានឲ្យយើងខ្ញុំឃើញសេចក្ដីវេទនាដ៏លំបាក ជាច្រើនហើយ តែទ្រង់នឹងប្រោសឲ្យមានជីវិតចំរើនឡើងវិញ ទ្រង់នឹងនាំយើងខ្ញុំឡើងចេញពីទីជំរៅនៃផែនដី 21 សូមលើកសេចក្ដីខ្ពង់ខ្ពស់នៃទូលបង្គំឡើង ហើយវិលមកជួយកំសាន្តទូលបង្គំវិញ។ 22 ៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ ដោយពិណដែរ គឺនឹងសរសើរពីសេចក្ដីពិតរបស់ទ្រង់ ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំនឹងច្រៀងសរសើរថ្វាយទ្រង់តាមស៊ុង 23 កាលណាទូលបង្គំច្រៀងសរសើរដល់ទ្រង់ នោះបបូរមាត់នៃទូលបង្គំនឹងបន្លឺឡើងដោយអំណរ ព្រមទាំងព្រលឹងនៃទូលបង្គំដែលទ្រង់បានលោះនោះផង 24 ឯអណ្តាតរបស់ទូលបង្គំ នឹងនិទាន ពីសេចក្ដីសុចរិតរបស់ទ្រង់ ជាដរាបរាល់ថ្ងៃ ដ្បិតពួកអ្នកដែលរកប្រទូស្តនឹងទូលបង្គំ គេបានត្រូវអៀនខ្មាសមូរមុខចុះហើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia