ទំនុកតម្កើង 70 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកដែលស្តេចដាវីឌបានលើកឲ្យមេភ្លេង សំរាប់នឹងរំឭក។ 1 ឱព្រះអង្គអើយ សូមទ្រង់ប្រោសឲ្យទូលបង្គំរួច ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង 2 សូមឲ្យពួកអ្នកដែលប្រាថ្នាជីវិតទូលបង្គំ បានត្រូវអៀនខ្មាស ហើយទុញទាល់នៅ សូមឲ្យពួកអ្នកដែលរីករាយក្នុងហេតុអាក្រក់ ដែលកើតដល់ទូលបង្គំ បានត្រូវថយចេញ ហើយអាប់យសទៅ 3 ឯពួកអ្នកដែលសើចឡកថា ហាស ហាៗ នោះសូមឲ្យគេត្រូវថយចេញ ដោយកើតមានសេចក្ដីខ្មាសវិញ 4 សូមឲ្យអស់អ្នកដែលស្វែងរកទ្រង់បានរីករាយ ហើយមានសេចក្ដីអំណរចំពោះទ្រង់ ហើយឲ្យពួកអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់ បានពោលជានិច្ចថា សូមឲ្យព្រះបានលើកដំកើងឡើង 5 ចំណែកទូលបង្គំ មានសេចក្ដីវេទនា ហើយកំសត់ទុគ៌ត ឱព្រះអង្គអើយ សូមទ្រង់ប្រញាប់នឹងមកឯទូលបង្គំ គឺទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួច ឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia