ការគោរពចៅហ្វាយ1 អស់អ្នកដែលនៅក្រោមនឹមជាបាវបម្រើ ត្រូវចាត់ទុកចៅហ្វាយរបស់ខ្លួនថាស័ក្ដិសមនឹងទទួលកិត្តិយសគ្រប់យ៉ាង ដើម្បីកុំឲ្យព្រះនាមរបស់ព្រះ និងសេចក្ដីបង្រៀន ត្រូវបានប្រមាថឡើយ។ គោលលទ្ធិខុសឆ្គង និងចិត្តលោភលន់របស់មនុស្ស2 អ្នកដែលមានចៅហ្វាយជាអ្នកជឿ ក៏កុំឲ្យមើលងាយចៅហ្វាយឡើយ ពីព្រោះពួកគាត់ជាបងប្អូន។ ផ្ទុយទៅវិញ ត្រូវបម្រើកាន់តែខ្លាំងឡើង ពីព្រោះពួកគាត់ជាអ្នកជឿ និងជាអ្នកដ៏ជាទីស្រឡាញ់ដែលទទួលប្រយោជន៍ពីការបម្រើដ៏ល្អ។ ចូរបង្រៀន និងជំរុញទឹកចិត្តអំពីសេចក្ដីទាំងនេះចុះ។ 3 ប្រសិនបើមានអ្នកណាបង្រៀនគោលលទ្ធិផ្សេង ហើយមិនយល់ស្របនឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងមិនយល់ស្របនឹងសេចក្ដីបង្រៀននៃការគោរពព្រះទេ 4 អ្នកនោះមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែកវែកញែក និងប្រកែកអំពីពាក្យសម្ដី ដែលនាំឲ្យមានការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យដ៏អាក្រក់ 5 និងជម្លោះដែលមិនចេះចប់របស់មនុស្សដែលមានគំនិតខូចសីលធម៌ និងបាត់បង់សេចក្ដីពិត ដែលពួកគេចាត់ទុកថា ការគោរពព្រះជាមធ្យោបាយរកកម្រៃ។ 6 តាមពិត ការគោរពព្រះដោយចិត្តស្កប់ស្កល់ ជាការបានកម្រៃដ៏ធំ។ 7 ជាការពិត យើងមិនបានយកអ្វីចូលមកក្នុងពិភពលោកនេះទេ ហើយក៏មិនអាចយកអ្វីចេញបានដែរ។ 8 ប៉ុន្តែបើមានអាហារ និងសម្លៀកបំពាក់ យើងក៏ស្កប់ចិត្តនឹងរបស់ទាំងនេះ។ 9 រីឯអ្នកដែលចង់មានស្ដុកស្ដម្ភ តែងតែធ្លាក់ទៅក្នុងការល្បួង អន្ទាក់ និងតណ្ហាជាច្រើនដ៏ល្ងង់ខ្លៅដែលនាំឲ្យអន្តរាយ។ តណ្ហាទាំងនេះ ពន្លិចមនុស្សទៅក្នុងការខូចខាត និងសេចក្ដីវិនាស។ 10 ដ្បិតការស្រឡាញ់លុយជាឫសគល់នៃសេចក្ដីអាក្រក់គ្រប់យ៉ាង។ អ្នកខ្លះលោភចង់បានលុយ ក៏បានវង្វេងចេញពីជំនឿ ហើយចាក់ទម្លុះខ្លួនឯងដោយការឈឺចុកចាប់ជាច្រើន។ ប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អ11 រីឯអ្នកវិញ ឱ មនុស្សរបស់ព្រះអើយ! ចូរគេចឲ្យផុតពីសេចក្ដីទាំងនេះទៅ! ចូរស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីសុភាពរាបសា។ 12 ចូរប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អនៃជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យបាន។ អ្នកត្រូវបានត្រាស់ហៅដើម្បីការនេះ និងដើម្បីសារភាពពាក្យសារភាពដ៏ល្អ នៅមុខសាក្សីជាច្រើន។ 13 នៅចំពោះព្រះដែលប្រទានជីវិតដល់របស់សព្វសារពើ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវដែលធ្វើបន្ទាល់ជាពាក្យសារភាពដ៏ល្អនៅមុខប៉ុនទាសពីឡាត់ ខ្ញុំសូមបង្គាប់អ្នកថា 14 ចូរកាន់តាមសេចក្ដីបង្គាប់ឲ្យបានឥតសៅហ្មង និងឥតកន្លែងបន្ទោសបាន រហូតដល់ការលេចមករបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង 15 ដែលព្រះនឹងបង្ហាញឲ្យឃើញ ក្នុងពេលកំណត់។ ព្រះអង្គជាព្រះអង្គដ៏មានពរ ជាព្រះអង្គតែមួយអង្គគត់ដ៏មានព្រះចេស្ដា ជាស្ដេចលើអស់ទាំងស្ដេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ 16 ជាព្រះអង្គតែមួយអង្គគត់ដ៏មានអមតភាព ដែលស្ថិតនៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន ជាព្រះអង្គដែលគ្មានមនុស្សណាបានឃើញ ហើយក៏មិនអាចមើលឃើញបានដែរ។ សូមឲ្យកិត្តិយស និងព្រះចេស្ដាដ៏អស់កល្បជានិច្ច មានដល់ព្រះអង្គ! អាម៉ែន។ សេចក្ដីបង្គាប់ដល់អ្នកមាន17 ចំពោះអ្នកមាននៅលោកីយ៍នេះ ចូរបង្គាប់ពួកគេកុំឲ្យមានឫកធំ ហើយក៏កុំឲ្យសង្ឃឹមលើទ្រព្យសម្បត្តិដែលមិនទៀងដែរ ផ្ទុយទៅវិញ ត្រូវសង្ឃឹមលើព្រះដែលប្រទានអ្វីៗទាំងអស់ដល់យើងយ៉ាងសម្បូរហូរហៀរឲ្យយើងបានអរសប្បាយ។ 18 ចូរបង្គាប់ពួកគេឲ្យធ្វើល្អ ឲ្យមានស្ដុកស្ដម្ភខាងឯការប្រព្រឹត្តល្អ មានចិត្តទូលាយ និងមានចិត្តចែករំលែក 19 ធ្វើដូច្នេះ គេនឹងប្រមូលទុកសម្រាប់ខ្លួនឯងនូវគ្រឹះដ៏ល្អសម្រាប់អនាគត ដើម្បីឲ្យបានចាប់ជីវិតដ៏ពិតប្រាកដ។ ចូររក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់20 ឱ ធីម៉ូថេអើយ! ចូររក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងអ្នក ទាំងចៀសវាងពាក្យប៉ប៉ាច់ប៉ប៉ោចដែលប្រមាថព្រះ និងពាក្យទទឹងទទែងដែលគេហៅខុសថា “ចំណេះដឹង”។ 21 មានអ្នកខ្លះអាង “ចំណេះដឹង” នេះ ក៏ជ្រួសចេញពីជំនឿ។ សូមឲ្យព្រះគុណ ស្ថិតនៅជាមួយអ្នករាល់គ្នា!៕៚ |