ប្រផ្នូលទាស់នឹងអេហ្ស៊ីប និងអេត្យូពី1 នៅឆ្នាំដែលសេនាប្រមុខដែលត្រូវបានចាត់មកពីសើកុនស្ដេចនៃអាស្ស៊ីរី បានមកដល់អាសដូឌ ហើយច្បាំងនឹងអាសដូឌ ក៏ចាប់យកទីក្រុងនោះ 2 នៅគ្រានោះ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈអេសាយកូនរបស់អ័ម៉ូសថា៖ “ចូរទៅ ហើយដោះក្រណាត់ធ្មៃចេញពីចង្កេះរបស់អ្នក ព្រមទាំងដោះស្បែកជើងរបស់អ្នកចេញពីជើងអ្នកចុះ”។ គាត់ក៏ធ្វើដូច្នោះ គឺដើរអាក្រាត ទាំងជើងទទេ។ 3 នោះព្រះយេហូវ៉ាមានបន្ទូលថា៖ “ដូចដែលអេសាយអ្នកបម្រើរបស់យើងបានដើរអាក្រាត ទាំងជើងទទេក្នុងបីឆ្នាំ ទុកជាទីសម្គាល់ និងជាប្រផ្នូលទាស់នឹងអេហ្ស៊ីប និងអេត្យូពីយ៉ាងណា 4 ស្ដេចអាស្ស៊ីរីក៏នឹងនាំជនជាតិអេហ្ស៊ីបជាឈ្លើយសឹក និងជនជាតិអេត្យូពីជាជនជម្លៀស ចេញទៅយ៉ាងនោះដែរ គឺទាំងក្មេង ទាំងចាស់ ដោយអាក្រាតទាំងជើងទទេ ព្រមទាំងគូទបើកចំហផង នេះជាសេចក្ដីអាម៉ាស់របស់អេហ្ស៊ីប។ 5 ពេលនោះ គេនឹងធ្លាក់ទឹកចិត្ត ហើយអាម៉ាស់មុខ ដោយព្រោះអេត្យូពីជាទីសង្ឃឹមរបស់គេ និងដោយព្រោះអេហ្ស៊ីបជាទីអួតអាងរបស់គេ។ 6 នៅថ្ងៃនោះ អ្នកដែលរស់នៅតាមឆ្នេរសមុទ្រនេះនឹងពោលថា: ‘មើល៍! ទីសង្ឃឹមរបស់ពួកយើងដែលពួកយើងបានរត់គេចទៅទីនោះសម្រាប់ជាជំនួយ ដើម្បីឲ្យបានរំដោះឲ្យរួចពីស្ដេចអាស្ស៊ីរី ជាដូច្នេះទៅវិញ ចុះពួកយើង តើអាចរួចផុតយ៉ាងដូចម្ដេចបាន?’”៕ |