និមិត្តទីប្រាំ: ជើងចង្កៀងមាស1 ទូតសួគ៌ដែលនិយាយនឹងខ្ញុំក៏ត្រឡប់មកវិញ ហើយដាស់ខ្ញុំឡើង ដូចជាមនុស្សដែលត្រូវគេដាស់ពីដំណេករបស់ខ្លួន។ 2 ទូតសួគ៌នោះសួរខ្ញុំថា៖ “តើអ្នកឃើញអ្វី?”។ ខ្ញុំក៏ឆ្លើយថា៖ “ខ្ញុំបានសង្កេតមើល នោះមើល៍! មានជើងចង្កៀងមួយធ្វើពីមាសទាំងអស់ ចានគោមមួយនៅលើកំពូលជើងចង្កៀង និងចង្កៀងប្រាំពីរនៅលើជើងចង្កៀង ព្រមទាំងបំពង់ប្រាំពីរសម្រាប់ចង្កៀងទាំងនោះដែលនៅលើកំពូលជើងចង្កៀងផង។ 3 មានដើមអូលីវពីរនៅក្បែរជើងចង្កៀងដែរ មួយនៅខាងស្ដាំចានគោម ហើយមួយទៀតនៅខាងឆ្វេងចានគោម”។ 4 បន្ទាប់ពីឆ្លើយហើយ ខ្ញុំក៏សួរទូតសួគ៌ដែលនិយាយនឹងខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ តើទាំងនេះជាអ្វី?”។ 5 ទូតសួគ៌ដែលនិយាយនឹងខ្ញុំ ក៏ឆ្លើយនឹងខ្ញុំថា៖ “តើអ្នកមិនដឹងថាទាំងនេះជាអ្វីទេឬ?”។ ខ្ញុំតបថា៖ “មិនដឹងទេ លោកម្ចាស់នៃខ្ញុំអើយ”។ 6 ទូតសួគ៌ក៏តប ហើយប្រាប់ខ្ញុំថា៖ “នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ាដល់សូរ៉ូបាបិលថា: ‘មិនមែនដោយកម្លាំង ក៏មិនមែនដោយអំណាចដែរ គឺដោយវិញ្ញាណរបស់យើងវិញ’។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: 7 ‘ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងទៅជាទីរាបស្មើនៅចំពោះសូរ៉ូបាបិល ហើយគាត់នឹងយកថ្មកំពូលចេញមក ជាមួយនឹងសម្រែកថា: “ព្រះគុណ ព្រះគុណដល់ថ្មនេះ!”’”។ 8 បន្ទាប់មក ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំដូចតទៅ៖ 9 “ដៃរបស់សូរ៉ូបាបិលបានចាក់គ្រឹះដំណាក់នេះ ហើយដៃរបស់គាត់នឹងបង្ហើយផង”។ នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា។ 10 ដ្បិតតើនរណាបានមើលងាយថ្ងៃនៃការតូចតាច? ភ្នែកទាំងប្រាំពីរនឹងឃើញខ្សែប្រយោលនៅក្នុងដៃរបស់សូរ៉ូបាបិល ក៏នឹងអរសប្បាយឡើង។ ភ្នែកទាំងប្រាំពីរនោះ គឺព្រះនេត្ររបស់ព្រះយេហូវ៉ាដែលទតចុះឡើងលើផែនដីទាំងមូល។ 11 រួចខ្ញុំសួរទូតសួគ៌នោះថា៖ “តើដើមអូលីវទាំងពីរនេះដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វី?”។ 12 ខ្ញុំសួរគាត់ម្ដងទៀតថា៖ “តើមែកទាំងពីររបស់ដើមអូលីវ ដែលនៅក្បែរបំពង់មាសទាំងពីរសម្រាប់បង្ហូរប្រេងមាសចេញនោះ ជាអ្វី?”។ 13 គាត់តបនឹងខ្ញុំថា៖ “តើអ្នកមិនដឹងថាទាំងនេះជាអ្វីទេឬ?”។ ខ្ញុំក៏ឆ្លើយថា៖ “មិនដឹងទេ លោកម្ចាស់នៃខ្ញុំអើយ”។ 14 គាត់ក៏ប្រាប់ថា៖ “ទាំងនេះជាអ្នកដែលត្រូវបានចាក់ប្រេងអភិសេកពីរនាក់ ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងមូល”៕ |