សេចក្ដីសុចរិតមកពីជំនឿប៉ុណ្ណោះ1 បងប្អូនអើយ បំណងចិត្តរបស់ខ្ញុំ និងសេចក្ដីអធិស្ឋានទៅព្រះសម្រាប់ជនជាតិអ៊ីស្រាអែល គឺឲ្យពួកគេបានសង្គ្រោះ។ 2 ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេមានចិត្តឆេះឆួលចំពោះព្រះមែន ប៉ុន្តែមិនមែនដោយការយល់ដឹងត្រឹមត្រូវទេ។ 3 ពោលគឺ ពួកគេមិនបានចុះចូលនឹងសេចក្ដីសុចរិតរបស់ព្រះ ដោយមិនយល់សេចក្ដីសុចរិតរបស់ព្រះ ហើយព្យាយាមតាំងសេចក្ដីសុចរិតរបស់ខ្លួនឯង។ 4 ជាការពិត ព្រះគ្រីស្ទជាចុងបញ្ចប់នៃក្រឹត្យវិន័យ ដើម្បីឲ្យអស់អ្នកដែលជឿត្រូវបានរាប់ជាសុចរិត។ 5 ម៉ូសេបានសរសេរអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យវិន័យថា:“អ្នកដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ នឹងរស់ដោយសេចក្ដីទាំងនេះ”។ 6 រីឯសេចក្ដីសុចរិតដែលមកពីជំនឿ មានចែងដូច្នេះ:“កុំនិយាយក្នុងចិត្តរបស់អ្នកថា តើនរណានឹងឡើងទៅលើមេឃ?” នេះមានន័យថា ឲ្យនាំព្រះគ្រីស្ទចុះមក; 7 “ហើយក៏កុំនិយាយថាតើនរណានឹងចុះទៅក្នុងរណ្ដៅគ្មានបាត?” នេះមានន័យថា ឲ្យនាំព្រះគ្រីស្ទឡើងពីចំណោមមនុស្សស្លាប់។ 8 ចុះមានចែងដូចម្ដេច? គឺចែងថា:“ព្រះបន្ទូលនៅជិតអ្នក គឺក្នុងមាត់របស់អ្នក និងក្នុងចិត្តរបស់អ្នក” នោះគឺព្រះបន្ទូលនៃជំនឿដែលយើងប្រកាស។ 9 ដ្បិតប្រសិនបើអ្នកសារភាពដោយមាត់របស់អ្នកថាព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នោះអ្នកនឹងបានសង្គ្រោះ។ 10 ពោលគឺ ជឿដោយចិត្ត ធ្វើឲ្យមនុស្សត្រូវបានរាប់ជាសុចរិត ហើយសារភាពដោយមាត់ ធ្វើឲ្យមនុស្សបានសង្គ្រោះ 11 ដ្បិតព្រះគម្ពីរចែងថា:“អស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ”។ 12 គ្មានភាពខុសគ្នារវាងជនជាតិយូដា និងសាសន៍ដទៃឡើយ ពីព្រោះព្រះអម្ចាស់តែមួយដែលជាព្រះអម្ចាស់នៃមនុស្សគ្រប់គ្នា ប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលហៅរកព្រះអង្គ។ 13 ពិតមែនហើយ“អស់អ្នកណាដែលហៅរកព្រះនាមរបស់ព្រះអម្ចាស់ នឹងបានសង្គ្រោះ”។ អ៊ីស្រាអែលបដិសេធដំណឹងល្អ14 បើដូច្នេះ តើគេអាចហៅរកយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលជឿលើនោះ? តើគេអាចជឿយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលឮសោះ? តើគេអាចឮយ៉ាងដូចម្ដេច បើគ្មានអ្នកណាប្រកាស? 15 តើគេអាចចេញទៅប្រកាសយ៉ាងដូចម្ដេច លើកលែងតែគេត្រូវបានចាត់ឲ្យទៅ? ដូចដែលមានសរសេរទុកមកថា:“ជើងរបស់អ្នកដែលប្រកាសដំណឹងល្អដ៏ប្រសើរ ស្រស់ស្អាតណាស់ហ្ន៎!”។ 16 ប៉ុន្តែមនុស្សទាំងអស់មិនបានស្ដាប់បង្គាប់ដំណឹងល្អទេ ដូចដែលអេសាយបានថ្លែងថា: “ព្រះអម្ចាស់អើយ តើនរណាបានជឿដំណឹងរបស់យើងខ្ញុំ?”។ 17 ដូច្នេះ ជំនឿមកពីការឮ ហើយការឮមកតាមរយៈព្រះបន្ទូលរបស់ព្រះគ្រីស្ទ។ 18 ក៏ប៉ុន្តែខ្ញុំសូមសួរថា ពួកគេមិនដែលឮទេ មែនទេ? ពួកគេប្រាកដជាឮ ដ្បិត “សំឡេងរបស់គេចេញទៅពាសពេញផែនដី ហើយពាក្យរបស់គេក៏ចេញទៅដល់ចុងបំផុតនៃពិភពលោក”។ 19 ខ្ញុំសូមសួរទៀតថា៖ “ជនជាតិអ៊ីស្រាអែលមិនបានយល់ទេ មែនទេ?”។ មុនដំបូង ម៉ូសេបានថ្លែងថា: “យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែន ដោយពួកអ្នកដែលមិនមែនជាប្រជាជាតិមួយ; យើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹង ដោយជនជាតិមួយដែលល្ងីល្ងើ”។ 20 ក្រោយមក អេសាយក៏ហ៊ានថ្លែងដែរថា: “យើងត្រូវបានរកឃើញដោយអ្នកដែលមិនបានស្វែងរកយើង; យើងបានសម្ដែងខ្លួនយើងដល់អ្នកដែលមិនបានសួររកយើង”។ 21 រីឯអំពីអ៊ីស្រាអែលវិញ លោកថ្លែងថា:“យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ និងប្រកែកជំទាស់”៕ |