ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 18 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 18

អ្នកណាធំជាង

1 នៅ​ពេល​នោះ ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរថា​៖ “តើ​អ្នកណា​ធំជាង​អ្នកណា ក្នុង​អាណាចក្រស្ថានសួគ៌​?”។

2 ព្រះយេស៊ូវ​ទ្រង់​ហៅ​ក្មេង​ម្នាក់​មក ឲ្យឈរ​នៅ​កណ្ដាលចំណោម​ពួកគេ

3 ហើយ​មានបន្ទូលថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​អ្នករាល់គ្នា​ប្រែ​គំនិត​ហើយ​បាន​ដូចជា​ក្មេង ពុំនោះទេ អ្នករាល់គ្នា​នឹង​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​មិន​បាន​សោះឡើយ​។

4 ដូច្នេះ អ្នកណាក៏ដោយដែល​បន្ទាបខ្លួន​ដូច​ក្មេង​នេះ អ្នកនោះ​ធំជាង​ក្នុង​អាណាចក្រស្ថានសួគ៌​។

5 អ្នកណាក៏ដោយដែល​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ​។

6 “ប៉ុន្តែ​អ្នកណាក៏ដោយដែល​ធ្វើឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ដែល​ជឿលើ​ខ្ញុំ​ជំពប់ដួល នោះ​ប្រសើរជាង​សម្រាប់​អ្នកនោះ ដែល​ព្យួរ​ត្បាល់កិន​ដ៏ធំ​នឹង​ក​របស់​គាត់ ហើយ​ពន្លិច​ទៅក្នុង​ជម្រៅ​សមុទ្រ​។

7 វេទនា​ដល់​ពិភពលោក​ហើយ ដោយសារតែ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​។ ជាការពិត សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ត្រូវតែ​មក ប៉ុន្តែ​វេទនា​ដល់​អ្នក​ដែល​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​មក​តាមរយៈ​គាត់​។

8 ប្រសិនបើ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​កំបុតដៃម្ខាង ឬ​កំបុតជើងម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ទាំង​មាន​ដៃ​ពីរ ឬ​ជើង​ពីរ​។

9 ប្រសិនបើ​ភ្នែក​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​មាន​ភ្នែកតែម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ភ្លើង​នរក​ទាំង​មាន​ភ្នែក​ពីរ​។

ពាក្យឧបមាអំពីចៀមវង្វេង

10 “ត្រូវប្រាកដថា កុំឲ្យ​មើលងាយ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បណ្ដា​ទូតសួគ៌​របស់​ពួកគេ​នៅ​ស្ថានសួគ៌ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ជានិច្ច​។

11 ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​សង្គ្រោះ​អ្នក​ដែល​វង្វេង​។

12 តើ​អ្នករាល់គ្នា​គិត​ដូចម្ដេច​? ប្រសិនបើ​បុរស​ម្នាក់​មាន​ចៀម​មួយរយ​ក្បាល ហើយ​ចៀម​មួយ​ក្នុង​ចៀម​ទាំងនោះ​វង្វេងបាត់ តើ​គាត់​មិន​ទុកចោល​ចៀម​កៅសិប​ប្រាំបួន​នៅតាម​ភ្នំ ហើយ​ទៅ​រក​ចៀម​មួយ​ដែល​វង្វេងបាត់​នោះ​ទេ​ឬ​?

13 ប្រសិនបើ​គាត់​រក​វា​ឃើញ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គាត់​មុខជា​អរសប្បាយ​នឹង​វា​ខ្លាំង​ជាង​អរសប្បាយ​នឹង​ចៀម​កៅសិប​ប្រាំបួន​ដែល​មិន​បាន​វង្វេងបាត់​នោះ​ទៅទៀត​។

14 ដូចគ្នាដែរ ការ​ដែល​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ត្រូវ​វិនាស មិនមែន​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​របស់អ្នករាល់គ្នាដែល​គង់នៅ​ស្ថានសួគ៌​ទេ​។

ការកែលម្អបងប្អូន

15 “ប្រសិនបើ​បងប្អូន​របស់អ្នក​ប្រព្រឹត្តបាប​ទាស់នឹង អ្នក ចូរ​ទៅ​ស្ដីប្រដៅ​គាត់​តែ​រវាង​អ្នក និង​គាត់​ប៉ុណ្ណោះ​។ ប្រសិនបើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​ឈ្នះបាន​បងប្អូន​របស់អ្នក​មកវិញ​ហើយ​;

16 ប៉ុន្តែ​ប្រសិនបើ​គាត់​មិន​ស្ដាប់​ទេ ចូរ​យក​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជាមួយ​អ្នក ដើម្បីឲ្យ‘ការ​ទាំងអស់​បាន​បញ្ជាក់​ដោយ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់’។

17 ប្រសិនបើ​គាត់​មិនព្រមស្ដាប់​ពួកគេ​ទេ ចូរ​ប្រាប់​ក្រុមជំនុំ​; ហើយ​ប្រសិនបើ​គាត់​មិនព្រមស្ដាប់​ក្រុមជំនុំ​ទៀត ចូរ​ចាត់ទុក​គាត់​ដូចជា​សាសន៍ដទៃ និង​អ្នកទារពន្ធ​ចុះ​។

18 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីក៏ដោយដែល​អ្នក​ចង​នៅលើ​ផែនដី នោះ​ត្រូវបាន​ចង​នៅ​ស្ថានសួគ៌​រួចហើយ ហើយ​អ្វីក៏ដោយដែល​អ្នក​ស្រាយ​នៅលើ​ផែនដី នោះ​ក៏​ត្រូវបាន​ស្រាយ​នៅ​ស្ថានសួគ៌​រួចហើយ​ដែរ​។

19 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ម្ដងទៀត​ថា ប្រសិនបើ​ពីរ​នាក់​ក្នុង​អ្នករាល់គ្នា​មានចិត្តតែមួយ​នៅលើ​ផែនដី​អំពី​អ្វីក៏ដោយ​ដែល​ពួកគេ​ទូល​សុំ នោះ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​សម្រេច​ឲ្យ​ពួកគេ​។

20 ដ្បិត​កន្លែងណាដែល​មាន​ពីរ ឬ​បី​នាក់​ជួបជុំគ្នា​ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​ក៏​នៅ​ទីនោះ​ក្នុង​កណ្ដាលចំណោម​ពួកគេ​ដែរ”។

ពាក្យឧបមាអំពីបាវបម្រើអាក្រក់

21 ពេលនោះ ពេត្រុស​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ បើសិន​បងប្អូន​របស់ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ទូលបង្គំ តើ​ទូលបង្គំ​ត្រូវតែ​លើកលែងទោស​ឲ្យ​គាត់​ប៉ុន្មានដង? រហូតដល់​ប្រាំពីរដង​ឬ​?”។

22 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ខ្ញុំ​ប្រាប់​អ្នក​ថា មិនមែន​ដល់​ប្រាំពីរដង​ទេ គឺ​ដល់​ចិតសិប​គុណ​នឹង​ប្រាំពីរ​ដងវិញ​។

23 ដូច្នេះ អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​នឹង​ពួក​បាវបម្រើ​របស់​ខ្លួន​។

24 នៅពេល​ចាប់ផ្ដើម​គិត​បញ្ជី ក៏​មាន​កូនបំណុល​ម្នាក់​ជំពាក់ប្រាក់​មួយម៉ឺន​ឋាឡាន់ត្រូវគេ​នាំមក​ឯ​ទ្រង់​។

25 ប៉ុន្តែ​ដោយសារ​គាត់​គ្មាន​អ្វី​សង ចៅហ្វាយ​ក៏​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ និង​កូន​គាត់ ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ដើម្បី​សង​បំណុលនោះ​។

26 “បាវបម្រើ​នោះ​ក៏​ក្រាបចុះ​ថ្វាយបង្គំ​ស្ដេច ទូលថា​: ‘ សូម​មេត្តា​អត់ធ្មត់​នឹង​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​អ្វីៗ​ទាំងអស់ដល់​ទ្រង់’។

27 ដោយ​មាន​ចិត្តអាណិតអាសូរ ចៅហ្វាយ​របស់​បាវបម្រើ​នោះ​ក៏​ដោះលែង​គាត់ ព្រមទាំង​លើកលែង​បំណុល​ឲ្យ​គាត់​ទៀតផង​។

28 “ប៉ុន្តែ​បាវបម្រើ​នោះ​ចេញទៅ ក៏​ជួប​បាវបម្រើជាគ្នា​គាត់​ម្នាក់​ដែល​ជំពាក់​គាត់​មួយរយ​ឌេណារី ។ គាត់​ចាប់​ច្របាច់ក​អ្នកនោះ ទាំង​និយាយថា​: ‘សង​អ្វីដែល​ជំពាក់​យើង​មក​!’។

29 “បាវបម្រើជាគ្នា​គាត់​នោះ​ក៏​ក្រាបចុះ ​អង្វរ​គាត់​ថា​: ‘សូម​អត់ធ្មត់​នឹង​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ’។

30 ប៉ុន្តែ​គាត់​មិន​ព្រម​ទេ ផ្ទុយទៅវិញ​គាត់​យក​អ្នកនោះ​ទៅ​ដាក់គុក រហូតទាល់តែ​អ្នកនោះ​សង​អ្វី​ដែល​ជំពាក់​។

31 នៅពេល​ពួក​បាវបម្រើជាគ្នា​ឯទៀត​របស់​គាត់​ឃើញ​អ្វីៗ​ដែល​កើតឡើង​នោះ ពួកគេ​ក៏​ពិបាកចិត្ត​យ៉ាងខ្លាំង ហើយ​ទៅ​រៀបរាប់ប្រាប់​ចៅហ្វាយ​របស់​ពួកគេ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង​។

32 “ដូច្នេះ ចៅហ្វាយ​របស់​គាត់​ក៏​ហៅ​គាត់​មក និយាយថា​: ‘បាវបម្រើ​អាក្រក់​អើយ​! យើង​បាន​លើកលែង​បំណុល​ទាំងអស់​នោះ​ឲ្យ​អ្នក ដោយសារ​អ្នក​អង្វរ​យើង​។

33 តើ​មិន​គួរឲ្យ​អ្នក​អាណិតមេត្តា​បាវបម្រើជាគ្នា​របស់អ្នក ដូចដែល​យើង​បាន​អាណិតមេត្តា​អ្នក​ដែរ​ទេ​ឬ​?’។

34 ចៅហ្វាយ​ក៏​ខឹង​ណាស់ ហើយ​ប្រគល់​គាត់​ទៅ​អ្នកធ្វើទារុណកម្ម រហូតទាល់តែ​គាត់​សង​អ្វីៗ​ទាំងអស់​ដែល​បាន​ជំពាក់​។

35 ព្រះ​បិតា​សួគ៌​របស់ខ្ញុំ​ក៏​នឹង​ធ្វើ​យ៉ាងនោះ​ដល់​អ្នករាល់គ្នា​ដែរ ប្រសិនបើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​លើកលែងទោស​ឲ្យ​បងប្អូនរបស់​ខ្លួន​អស់​ពី​ចិត្ត​របស់អ្នករាល់គ្នា​ទេ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative