សំណួរអំពីការលែងលះ1 បន្ទាប់មក ព្រះយេស៊ូវទ្រង់ក្រោកឡើងពីទីនោះ ហើយយាងទៅស្រុកយូឌា និងត្រើយម្ខាងទន្លេយ័រដាន់។ ហ្វូងមនុស្សមកជុំគ្នានៅឯព្រះអង្គសាជាថ្មី ព្រះអង្គក៏បង្រៀនពួកគេម្ដងទៀតដូចសព្វដង។ 2 មានពួកផារិស៊ីចូលមកជិត ល្បងលព្រះអង្គដោយទូលសួរថា៖ “តើការដែលប្ដីលែងប្រពន្ធ ត្រូវច្បាប់ឬទេ?”។ 3 ព្រះអង្គមានបន្ទូលតបនឹងពួកគេថា៖“តើម៉ូសេបានបង្គាប់អ្វីដល់អ្នករាល់គ្នា?”។ 4 ពួកគេទូលថា៖ “ម៉ូសេបានអនុញ្ញាតឲ្យប្ដីសរសេរលិខិតលែងលះ ហើយលែងប្រពន្ធបាន”។ 5 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ម៉ូសេបានសរសេរបទបញ្ជានេះសម្រាប់អ្នករាល់គ្នា ដោយសារតែភាពរឹងរូសនៃចិត្តរបស់អ្នករាល់គ្នា។ 6 ប៉ុន្តែតាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក‘ព្រះបានបង្កើតមនុស្សជាប្រុស ជាស្រី’ 7 ‘ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយ ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន 8 រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ’។ ពួកគេលែងជាពីរនាក់ទៀតហើយ គឺជារូបកាយមួយវិញ។ 9 ដូច្នេះ កុំឲ្យមនុស្សបំបែកអ្វីដែលព្រះបានផ្សំផ្គុំឡើយ”។ 10 ពេលនៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គម្ដងទៀតអំពីការនេះ។ 11 ព្រះអង្គក៏មានបន្ទូលថា៖“អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់នឹងប្រពន្ធហើយ។ 12 ប្រសិនបើស្ត្រីលែងប្ដីរបស់ខ្លួន ហើយរៀបការជាមួយបុរសម្នាក់ទៀត នាងក៏កំពុងផិតក្បត់ដែរ”។ ប្រទានពរក្មេងៗ13 មានគេនាំក្មេងៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គពាល់ពួកវា។ ប៉ុន្តែពួកសិស្សស្ដីឲ្យអ្នកទាំងនោះ។ 14 នៅពេលទតឃើញដូច្នេះ ព្រះយេស៊ូវក៏ទាស់ព្រះទ័យ ហើយមានបន្ទូលនឹងពួកគេថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។ 15 ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលមិនទទួលអាណាចក្ររបស់ព្រះដូចក្មេងទទួលទេ អ្នកនោះនឹងចូលទៅក្នុងអាណាចក្រនោះមិនបានសោះឡើយ”។ 16 បន្ទាប់មក ព្រះអង្គក៏លើកពួកវាព ហើយប្រទានពរដោយដាក់ព្រះហស្តលើពួកវា។ បុរសវ័យក្មេងម្នាក់ដែលជាអ្នកមាន17 នៅពេលព្រះយេស៊ូវកំពុងយាងចេញទៅតាមផ្លូវ មានបុរសម្នាក់រត់មក ហើយលុតជង្គង់នៅមុខព្រះអង្គ ទូលសួរថា៖ “លោកគ្រូដ៏ល្អអើយ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។ 18 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អ? ក្រៅពីព្រះមួយអង្គ គ្មានអ្នកណាល្អឡើយ។ 19 អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា: ‘កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ភូតភរ កុំកេងបន្លំ ត្រូវគោរពឪពុក និងម្ដាយរបស់អ្នក’ ”។ 20 បុរសនោះទូលព្រះអង្គថា៖ “លោកគ្រូ ខ្ញុំបានកាន់តាមសេចក្ដីទាំងអស់នេះតាំងពីក្មេងមកម្ល៉េះ”។ 21 ព្រះយេស៊ូវទ្រង់សម្លឹងមើលគាត់ ក៏ស្រឡាញ់គាត់ ហើយមានបន្ទូលថា៖“អ្នកនៅខ្វះការមួយ។ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។ 22 ប៉ុន្តែបុរសនោះបែរជាស្រងូតស្រងាត់ដោយព្រះបន្ទូលនេះ ហើយចាកចេញទៅទាំងពិបាកចិត្ត ពីព្រោះគាត់មានទ្រព្យសម្បត្តិជាច្រើន។ ទ្រព្យសម្បត្តិ និងស្ថានសួគ៌23 ព្រះយេស៊ូវទតមើលជុំវិញ ហើយមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“អ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ ពិបាកណាស់ហ្ន៎!”។ 24 ពួកសិស្សក៏ភ្ញាក់ផ្អើលនឹងព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេទៀតថា៖“កូនរាល់គ្នាអើយ ការចូលក្នុងអាណាចក្ររបស់ព្រះ ពិបាកណាស់ហ្ន៎! 25 សត្វអូដ្ឋចូលតាមគូទម្ជុល ងាយជាងអ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ!”។ 26 ពួកសិស្សភ្ញាក់ផ្អើលកាន់តែខ្លាំង ទាំងនិយាយគ្នាថា៖ “បើដូច្នេះ តើនរណាអាចទទួលការសង្គ្រោះបាន?”។ 27 ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“សម្រាប់មនុស្សធ្វើមិនកើតទេ ប៉ុន្តែសម្រាប់ព្រះមិនមែនដូច្នេះឡើយ ដ្បិតសម្រាប់ព្រះ ធ្វើកើតទាំងអស់”។ 28 ពេត្រុសចាប់ផ្ដើមទូលព្រះអង្គថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ មកតាមលោកហើយ!”។ 29 ព្រះយេស៊ូវមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាដែលលះបង់ផ្ទះសម្បែង ឬបងប្អូនប្រុស ឬបងប្អូនស្រី ឬម្ដាយ ឬឪពុកឬកូន ឬស្រែចម្ការ ដោយសារតែខ្ញុំ និងដោយសារតែដំណឹងល្អ 30 ហើយមិនទទួលបានមួយជាមួយរយឥឡូវនេះ គឺផ្ទះសម្បែង បងប្អូនប្រុស បងប្អូនស្រី ម្ដាយ កូន និងស្រែចម្ការ ជាមួយនឹងការបៀតបៀននៅលោកបច្ចុប្បន្ន ហើយមិនទទួលបានជីវិតអស់កល្បជានិច្ចនៅលោកខាងមុខនោះឡើយ។ 31 យ៉ាងណាមិញ មនុស្សមុនគេជាច្រើននឹងត្រឡប់ជាក្រោយគេ រីឯមនុស្សក្រោយគេនឹងត្រឡប់ជាមុនគេវិញ”។ ប្រាប់ជាមុនជាលើកទីបីអំពីការសុគត32 ពេលនៅតាមផ្លូវឡើងទៅយេរូសាឡិម ព្រះយេស៊ូវយាងមុខពួកគេ ពួកសិស្សក៏ភ្ញាក់ផ្អើល រីឯពួកអ្នកដែលដើរតាមក៏ភ័យខ្លាច។ ព្រះអង្គទ្រង់នាំសាវ័កទាំងដប់ពីរនាក់មកម្ដងទៀត ហើយចាប់ផ្ដើមប្រាប់ពួកគេអំពីអ្វីៗដែលរៀបនឹងកើតឡើងដល់ព្រះអង្គ 33 ថា៖“មើល៍! យើងនឹងឡើងទៅយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេប្រគល់ទៅពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ។ ពួកគេនឹងកាត់ទោសប្រហារជីវិតលោក ព្រមទាំងប្រគល់លោកទៅសាសន៍ដទៃផង។ 34 ពួកសាសន៍ដទៃនោះនឹងចំអកឡកឡឺយដាក់លោក ស្ដោះទឹកមាត់ដាក់លោក វាយលោកនឹងខ្សែតី ហើយសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។ ការរងទុក្ខ និងការបម្រើ35 ពេលនោះ យ៉ាកុប និងយ៉ូហានជាកូនរបស់សេបេដេបានចូលមកជិតព្រះយេស៊ូវ ទូលថា៖ “លោកគ្រូ យើងខ្ញុំចង់សុំឲ្យលោកធ្វើសម្រាប់យើងខ្ញុំ នូវអ្វីក៏ដោយដែលយើងខ្ញុំសុំ”។ 36 ព្រះអង្គទ្រង់សួរពួកគេថា៖“តើអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់ពួកអ្នក?”។ 37 ពួកគេទូលថា៖ “សូមព្រមឲ្យយើងខ្ញុំបានអង្គុយនៅក្នុងសិរីរុងរឿងរបស់លោកផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងលោក”។ 38 ព្រះយេស៊ូវក៏មានបន្ទូលថា៖“អ្នករាល់គ្នាមិនដឹងថាខ្លួនឯងកំពុងសុំអ្វីទេ។ តើអ្នករាល់គ្នាអាចផឹកពីពែងដែលខ្ញុំផឹក ឬទទួលពិធីជ្រមុជដែលខ្ញុំទទួលបានឬទេ?”។ 39 ពួកគេទូលឆ្លើយថា៖ “យើងខ្ញុំអាចទទួលបាន”។ ព្រះយេស៊ូវក៏មានបន្ទូលថា៖“អ្នករាល់គ្នានឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំទទួលមែន 40 ប៉ុន្តែការដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនខ្ញុំជាអ្នកឲ្យទេ គឺសម្រាប់អ្នកដែលត្រូវបានរៀបចំទុកឲ្យវិញ”។ 41 នៅពេលបានឮដូច្នេះ សាវ័កដប់នាក់ក៏ចាប់ផ្ដើមទើសចិត្តនឹងយ៉ាកុប និងយ៉ូហាន។ 42 ព្រះយេស៊ូវទ្រង់ហៅពួកគេមក មានបន្ទូលថា៖“អ្នករាល់គ្នាដឹងហើយថា ពួកដែលរាប់ជាមេគ្រប់គ្រងរបស់សាសន៍ដទៃ ជិះជាន់លើសាសន៍របស់ខ្លួន ហើយអ្នកធំរបស់ពួកគេក៏ប្រើអំណាចលើពួកគេដែរ។ 43 ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវតែធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នា; 44 អ្នកណាក៏ដោយដែលចង់ធ្វើជាមេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវតែធ្វើជាបាវបម្រើរបស់អ្នកទាំងអស់គ្នា។ 45 ជាការពិត សូម្បីតែកូនមនុស្សក៏មក មិនមែនដើម្បីឲ្យគេបម្រើឡើយ គឺដើម្បីបម្រើវិញ ព្រមទាំងប្រគល់ជីវិតរបស់ខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង”។ ប្រោសបុរសខ្វាក់ភ្នែកឲ្យជានៅយេរីខូរ46 ពួកគេបានមកដល់យេរីខូរ។ ខណៈដែលព្រះអង្គកំពុងយាងចាកចេញពីយេរីខូរជាមួយពួកសិស្ស និងហ្វូងមនុស្សមួយក្រុមធំ មានអ្នកសុំទានខ្វាក់ភ្នែកម្នាក់ ឈ្មោះបារទីមេជាកូនរបស់ទីមេ កំពុងអង្គុយនៅក្បែរផ្លូវ។ 47 នៅពេលឮថាជាព្រះយេស៊ូវអ្នកណាសារ៉ែត គាត់ក៏ចាប់ផ្ដើមស្រែកឡើងថា៖ “ព្រះយេស៊ូវ បុត្រដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!”។ 48 មនុស្សជាច្រើនស្ដីឲ្យគាត់នៅស្ងៀម ប៉ុន្តែគាត់ស្រែកកាន់តែខ្លាំងឡើងថា៖ “បុត្រដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!”។ 49 ព្រះយេស៊ូវក៏ឈប់ ហើយមានបន្ទូលថា៖“ចូរហៅគាត់មក”។ គេក៏ហៅបុរសខ្វាក់ភ្នែកនោះដោយនិយាយថា៖ “ចូរមានទឹកចិត្តឡើង! ក្រោកឈរមក លោកហៅអ្នក”។ 50 បុរសនោះក៏បោះអាវវែងរបស់គាត់ចោល ស្ទុះក្រោកឡើង ទៅរកព្រះយេស៊ូវ។ 51 ព្រះយេស៊ូវទ្រង់សួរគាត់ថា៖“តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។ បុរសខ្វាក់ភ្នែកនោះទូលថា៖ “រ៉ាបូនី! សូមឲ្យខ្ញុំមើលឃើញវិញផង”។ 52 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។ រំពេចនោះ គាត់ក៏មើលឃើញវិញ ហើយដើរតាមព្រះអង្គនៅតាមផ្លូវ៕ |