ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 84 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 84

ប្រាថ្នាចង់រស់នៅក្នុងដំណាក់របស់ព្រះ
បទតម្កើង​របស់​កូនចៅ​កូរ៉ា សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​គីធីត ​។

1 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ ដំណាក់​របស់ព្រះអង្គ​គួរឲ្យស្រឡាញ់​យ៉ាងណាហ្ន៎​!

2 ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយ​អន្ទះអន្ទែងចិត្ត​ចំពោះ​ទីធ្លា​របស់​ព្រះយេហូវ៉ា​; ចិត្ត និង​សាច់​ទូលបង្គំ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​ដ៏មានព្រះជន្មរស់​។

3 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ ព្រះមហាក្សត្រ​នៃទូលបង្គំ ព្រះ​នៃទូលបង្គំ​អើយ​! នៅក្បែរ​អាសនា​របស់ព្រះអង្គ សូម្បីតែ​ចាប​ក៏​រកបាន​លំនៅ ហើយ​ត្រចៀកកាំ​ក៏​រកបាន​សម្បុក​សម្រាប់​ខ្លួនវា ដែល​វា​ដាក់​កូន​វា​ដែរ​។

4 មានពរ​ហើយ អ្នកដែល​រស់នៅ​ក្នុង​ដំណាក់​របស់ព្រះអង្គ​! ពួកគេ​នឹង​សរសើរតម្កើង​ព្រះអង្គ​ជានិច្ច​។ សេឡា

5 មានពរ​ហើយ មនុស្ស​ដែល​កម្លាំង​របស់​ខ្លួន​នៅក្នុង​ព្រះអង្គ ដែល​មហាវិថី​ទៅកាន់ស៊ីយ៉ូន​នៅក្នុង​ចិត្ត​របស់ខ្លួន​!

6 កាលណា​គេ​ឆ្លងកាត់​ជ្រលងភ្នំ​នៃ​សេចក្ដីយំសោក គេ​ធ្វើឲ្យ​វា​ទៅជា​ប្រភពទឹក ហើយ​ភ្លៀងដើមរដូវ​ក៏​គ្របដណ្ដប់​វា​ដោយ​ព្រះពរ​។

7 គេ​ដើរទៅ​ដោយ​មាន​កម្លាំង​ថែមលើ​កម្លាំង គេម្នាក់ៗ​នឹង​លេចមក​នៅចំពោះ​ព្រះ​នៅ​ស៊ីយ៉ូន​។

8 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង​! ព្រះ​នៃ​យ៉ាកុប​អើយ សូម​ផ្ទៀងព្រះកាណ៌​ផង​! សេឡា

9 ឱ​ព្រះ​អើយ សូម​ចាប់អារម្មណ៍​នឹង​ខែល​របស់យើងខ្ញុំ​ផង សូម​ទត​មើល​មុខ​អ្នកដែលត្រូវបានចាក់ប្រេងអភិសេក​របស់ព្រះអង្គ​ផង​!

10 ជាការពិត មួយ​ថ្ងៃ​នៅក្នុង​ទីធ្លា​របស់ព្រះអង្គ ប្រសើរ​ជាង​មួយពាន់​ថ្ងៃ​នៅកន្លែងផ្សេងទៀត​; ទូលបង្គំ​ស៊ូ​ធ្វើជាអ្នកយាមទ្វារ​នៅ​ដំណាក់​របស់​ព្រះ​នៃទូលបង្គំ ជាជាង​រស់នៅ​ក្នុង​រោង​របស់​មនុស្សអាក្រក់​។

11 ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ ជា​ព្រះអាទិត្យ និង​ជា​ខែល​; ព្រះយេហូវ៉ា​ប្រទាន​ព្រះគុណ និង​សិរីរុងរឿង ព្រះអង្គ​មិន​បង្ខាំងទុក​សេចក្ដី​ល្អ​ពី​អ្នកដែល​ដើរ​ដោយ​គ្រប់លក្ខណ៍​ឡើយ​។

12 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ មនុស្ស​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ មានពរ​ហើយ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative