សេចក្ដីអធិស្ឋានក្នុងគ្រាលំបាកមីកតាំ របស់ដាវីឌដើម្បីបង្រៀន សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងផ្កាលីលីនៃសេចក្ដីបន្ទាល់ កាលដាវីឌច្បាំងនឹងអើរ៉ាម-ណាហារេម និងអើរ៉ាម-សូបា ពេលយ៉ូអាប់ត្រឡប់មកវិញ ហើយវាយសម្លាប់ជនជាតិអេដំមួយម៉ឺនពីរពាន់នាក់នៅជ្រលងភ្នំអំបិល។ 1 ឱព្រះអើយ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ព្រះអង្គបានកម្ទេចយើងខ្ញុំ ព្រះអង្គបានក្រេវក្រោធ; សូមព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចដើមវិញផង។ 2 ព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ ទាំងហែកវា; សូមព្រះអង្គប្រោសកន្លែងធ្លុះធ្លាយរបស់វាឲ្យជាផង ដ្បិតវាបានរង្គើហើយ។ 3 ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញការលំបាក ព្រះអង្គបានឲ្យយើងខ្ញុំផឹកស្រានៃសេចក្ដីងេកងោក។ 4 ព្រះអង្គបានដាក់ទង់ជ័យមួយសម្រាប់អ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យគេបានរត់គេចពីមុខព្រួញទៅទីនោះ។ សេឡា 5 សូមសង្គ្រោះដោយព្រះហស្តស្ដាំរបស់ព្រះអង្គ សូមព្រះអង្គឆ្លើយនឹងយើងខ្ញុំផង ដើម្បីឲ្យអ្នកដ៏ជាទីស្រឡាញ់របស់ព្រះអង្គត្រូវបានរំដោះឲ្យរួច។ 6 ព្រះមានបន្ទូលពីទីវិសុទ្ធរបស់ព្រះអង្គថា៖ “យើងនឹងបែងចែកស៊ីគែមដោយលោតកញ្ឆេង ហើយវាស់ជ្រលងភ្នំស៊ូកូថ។ 7 កាឡាតជារបស់យើង ម៉ាណាសេក៏ជារបស់យើងដែរ រីឯអេប្រាអិមជាមួកសឹករបស់យើង យូដាជាដំបងរាជ្យរបស់យើង។ 8 ម៉ូអាប់ជាអាងលាងសម្អាតរបស់យើង; យើងនឹងបោះស្បែកជើងរបស់យើងទៅលើអេដំ ក៏ស្រែកដោយមានជ័យជម្នះលើភីលីស្ទីន”។ 9 តើនរណានឹងនាំខ្ញុំចូលក្នុងទីក្រុងមាំមួន? តើនរណានឹងនាំផ្លូវខ្ញុំទៅអេដំ? 10 ឱព្រះអើយ តើមិនមែនព្រះអង្គទេឬ ដែលបោះបង់យើងខ្ញុំចោល? ឱព្រះអើយ ព្រះអង្គក៏មិនយាងចេញទៅជាមួយកងទ័ពរបស់យើងខ្ញុំដែរ។ 11 សូមប្រទានជំនួយដល់យើងខ្ញុំទាស់នឹងបច្ចាមិត្តផង ដ្បិតការសង្គ្រោះពីមនុស្សជាសេចក្ដីឥតប្រយោជន៍។ 12 នៅក្នុងព្រះ យើងនឹងធ្វើកិច្ចការដ៏ខ្លាំងពូកែ; គឺព្រះអង្គហើយ ដែលជាន់ឈ្លីពួកបច្ចាមិត្តរបស់យើង៕ |