ប្រកាសព្រះចេស្ដារបស់ព្រះចម្រៀងសរសើរតម្កើងរបស់ដាវីឌ។ 1 ព្រះមហាក្សត្រដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងថ្វាយពរព្រះនាមរបស់ព្រះអង្គជារៀងរហូតអស់កល្បជានិច្ច! 2 ទូលបង្គំនឹងថ្វាយពរព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច! 3 ព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង; ភាពធំឧត្ដមរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។ 4 ជំនាន់មួយនឹងសរសើរកិច្ចការរបស់ព្រះអង្គដល់ជំនាន់មួយទៀត ហើយប្រកាសកិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ។ 5 ទូលបង្គំនឹងសញ្ជឹងគិតអំពីភាពឧត្ដុង្គឧត្ដមនៃអានុភាពដ៏រុងរឿងរបស់ព្រះអង្គ និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ 6 គេនឹងនិយាយអំពីឫទ្ធានុភាពគួរឲ្យស្ញែងខ្លាចរបស់ព្រះអង្គ ហើយទូលបង្គំក៏នឹងថ្លែងអំពីភាពធំឧត្ដមរបស់ព្រះអង្គដែរ។ 7 គេនឹងបង្ហូរចេញនូវកេរ្តិ៍ឈ្មោះនៃសេចក្ដីល្អដ៏បរិបូររបស់ព្រះអង្គ ហើយច្រៀងដោយអំណរអំពីសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដែរ។ 8 ព្រះយេហូវ៉ាមានព្រះគុណ និងមានសេចក្ដីមេត្តាករុណា ក៏យឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់! 9 ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយសេចក្ដីមេត្តារបស់ព្រះអង្គនៅលើអស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ។ 10 ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គនឹងអរព្រះគុណព្រះអង្គ ហើយពួកវិសុទ្ធជនរបស់ព្រះអង្គនឹងថ្វាយពរព្រះអង្គ! 11 គេនឹងនិយាយអំពីសិរីរុងរឿងនៃរាជ្យអំណាចរបស់ព្រះអង្គ ក៏នឹងប្រកាសអំពីព្រះចេស្ដារបស់ព្រះអង្គដែរ 12 ដើម្បីឲ្យមនុស្សលោកស្គាល់កិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ និងសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមនៃរាជ្យអំណាចរបស់ព្រះអង្គ។ 13 រាជ្យអំណាចរបស់ព្រះអង្គ ជារាជ្យអំណាចដ៏អស់កល្បជានិច្ច ហើយអំណាចគ្រងរាជ្យរបស់ព្រះអង្គនៅគ្រប់ជំនាន់ទាំងអស់។ 14 ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ហើយលើកអស់អ្នកដែលត្រូវបានបង្អោនចុះ ឲ្យងើបឡើងវិញ។ 15 ភ្នែកទាំងអស់រំពឹងមើលទៅព្រះអង្គ ហើយព្រះអង្គក៏ប្រទានអាហារដល់ពួកគេតាមពេលកំណត់។ 16 ព្រះអង្គលាព្រះហស្តរបស់ព្រះអង្គ ហើយចម្អែតបំណងនៃរបស់សព្វសារពើដែលមានជីវិត។ 17 ព្រះយេហូវ៉ាទ្រង់សុចរិតយុត្តិធម៌ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ ហើយពិតត្រង់ក្នុងអស់ទាំងកិច្ចការរបស់ព្រះអង្គ។ 18 ព្រះយេហូវ៉ាគង់នៅជិតអស់អ្នកដែលស្រែកហៅព្រះអង្គ គឺអស់អ្នកដែលស្រែកហៅព្រះអង្គដោយសេចក្ដីពិតត្រង់។ 19 ព្រះអង្គទ្រង់បំពេញបំណងរបស់អ្នកដែលកោតខ្លាចព្រះអង្គឲ្យសម្រេច ព្រះអង្គទ្រង់សណ្ដាប់សម្រែករបស់ពួកគេ ហើយសង្គ្រោះពួកគេ។ 20 ព្រះយេហូវ៉ាទ្រង់ថែរក្សាអស់អ្នកដែលស្រឡាញ់ព្រះអង្គ ប៉ុន្តែព្រះអង្គបំផ្លាញអស់ទាំងមនុស្សអាក្រក់វិញ។ 21 មាត់របស់ខ្ញុំនឹងថ្លែងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។ ចូរឲ្យគ្រប់ទាំងសាច់ថ្វាយពរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!៕ |