ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 138 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 138

អរព្រះគុណដល់ព្រះ
បទតម្កើង ​របស់​ដាវីឌ​។

1 ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​អស់ពី​ចិត្ត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​នៅមុខ​បណ្ដា​ព្រះ​ដទៃ​!

2 ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ហើយ​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​លើកតម្កើង​ព្រះនាម​របស់ព្រះអង្គ និង​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យ​ខ្ពស់ជាង​អ្វីៗ​ទាំងអស់​។

3 នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ ព្រះអង្គ​បាន​ឆ្លើយ​មក​ទូលបង្គំ​; ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​ក្លាហាន​ក្នុង​ព្រលឹង ដោយ​កម្លាំង​។

4 ព្រះយេហូវ៉ា​អើយ សូមឲ្យ​ស្ដេច​ទាំងអស់​នៅលើ​ផែនដី​អរព្រះគុណ​ដល់​ព្រះអង្គ ដ្បិត​ពួកគេ​បាន​ឮ​ព្រះបន្ទូល​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​!

5 សូមឲ្យ​ពួកគេ​ច្រៀង​អំពី​មាគ៌ា​របស់​ព្រះយេហូវ៉ា ដ្បិត​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​ធំឧត្ដម​។

6 ថ្វីត្បិតតែ​ព្រះយេហូវ៉ា​ទ្រង់​ខ្ពស់បំផុត​ក៏ដោយ ប៉ុន្តែ​ព្រះអង្គ​ទត​មើល​មនុស្ស​តូចទាប​; រីឯ​មនុស្សដែល​លើកខ្លួនឡើង ព្រះអង្គ​ទ្រង់​ស្គាល់​គេ​ពី​ចម្ងាយ​។

7 ទោះបីជា​ទូលបង្គំ​ដើរ​នៅកណ្ដាល​ទុក្ខវេទនា​ក៏ដោយ ក៏​ព្រះអង្គ​នឹង​រក្សាជីវិត​ទូលបង្គំ​; ព្រះអង្គ​នឹង​លូក​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​កំហឹង​របស់​សត្រូវ​ទូលបង្គំ ហើយ​ព្រះហស្តស្ដាំ​របស់ព្រះអង្គ​នឹង​សង្គ្រោះ​ទូលបង្គំ​។

8 ព្រះយេហូវ៉ា​នឹង​បំពេញឲ្យសម្រេច​នូវអ្វីដែល​ទាក់ទងនឹង​ទូលបង្គំ​។ ព្រះយេហូវ៉ា​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​; សូម​កុំ​បោះបង់ចោល​ស្នាព្រះហស្ត​របស់ព្រះអង្គ​ឡើយ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative