ព្រះយេហូវ៉ាទ្រង់ធំឧត្ដម1 ហាលេលូយ៉ា! ចូរសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា! ពួកបាវបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើងព្រះអង្គ! 2 ពួកអ្នកដែលឈរនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា គឺនៅក្នុងទីធ្លាដំណាក់របស់ព្រះនៃយើងអើយ 3 ចូរសរសើរតម្កើងព្រះយេហូវ៉ា ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ! ចូរច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ដ្បិតនេះជាការប្រពៃ 4 ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសយ៉ាកុបសម្រាប់អង្គទ្រង់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលជាកម្មសិទ្ធិដ៏មានតម្លៃរបស់អង្គទ្រង់។ 5 មែនហើយ ខ្ញុំដឹងថាព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយដឹងថាព្រះអម្ចាស់របស់យើងទ្រង់ធំជាងអស់ទាំងព្រះ។ 6 អ្វីក៏ដោយដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ នោះព្រះអង្គទ្រង់ធ្វើ ទាំងនៅលើមេឃ នៅលើផែនដី នៅក្នុងសមុទ្រ និងនៅក្នុងអស់ទាំងទីជម្រៅ។ 7 គឺព្រះអង្គហើយ ដែលធ្វើឲ្យអ័ព្ទឡើងពីចុងបំផុតនៃផែនដី ដែលធ្វើផ្លេកបន្ទោរសម្រាប់ភ្លៀង ដែលបញ្ចេញខ្យល់មកពីឃ្លាំងរបស់ព្រះអង្គ។ 8 គឺព្រះអង្គហើយ ដែលវាយសម្លាប់អស់ទាំងកូនច្បងនៃអេហ្ស៊ីប ចាប់ពីមនុស្ស រហូតដល់សត្វ។ 9 អេហ្ស៊ីបអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យឲ្យទៅក្នុងកណ្ដាលអ្នកហើយ គឺឲ្យទាស់នឹងផារ៉ោន និងអស់ទាំងរាជបម្រើរបស់ទ្រង់។ 10 ព្រះអង្គបានវាយកម្ទេចប្រជាជាតិជាច្រើន ហើយបានសម្លាប់បណ្ដាស្ដេចដ៏ខ្លាំងពូកែផង 11 គឺស៊ីហុនស្ដេចនៃជនជាតិអាម៉ូរី អុកស្ដេចនៃបាសាន និងបណ្ដាស្ដេចនៃអាណាចក្រទាំងអស់នៅកាណាន 12 ហើយប្រទានទឹកដីរបស់ពួកគេទុកជាមរតក គឺជាមរតកដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ។ 13 ព្រះយេហូវ៉ាអើយ ព្រះនាមរបស់ព្រះអង្គនៅអស់កល្បជានិច្ច! ព្រះយេហូវ៉ាអើយ ការនឹកចាំអំពីព្រះអង្គស្ថិតនៅពីជំនាន់មួយទៅជំនាន់មួយ! 14 ដ្បិតព្រះយេហូវ៉ានឹងការពារក្ដីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាបាវបម្រើរបស់ព្រះអង្គ។ 15 រូបបដិមាកររបស់ប្រជាជាតិនានាជាប្រាក់ និងមាស ជាស្នាដៃរបស់មនុស្ស។ 16 រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ 17 មានត្រចៀក តែស្ដាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ 18 ពួកអ្នកដែលធ្វើរូបទាំងនោះ និងអស់អ្នកដែលជឿទុកចិត្តលើរូបទាំងនោះ នឹងបានដូចរូបទាំងនោះដែរ។ 19 វង្សត្រកូលអ៊ីស្រាអែលអើយ ចូរថ្វាយពរព្រះយេហូវ៉ា! វង្សត្រកូលអើរ៉ុនអើយ ចូរថ្វាយពរព្រះយេហូវ៉ា! 20 វង្សត្រកូលលេវីអើយ ចូរថ្វាយពរព្រះយេហូវ៉ា! អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរថ្វាយពរព្រះយេហូវ៉ា! 21 សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ា ពីស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅយេរូសាឡិម! ហាលេលូយ៉ា!៕ |