ប៉ុន្តែ គេបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសារសេចក្ដីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។
ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។
ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងតង្វាយរបស់លោកកាអ៊ីន ហើយដោយសារយញ្ញបូជានោះ មានការសរសើរពីគាត់ថា គាត់ជាមនុស្សសុចរិត ទាំងមានព្រះសរសើរពីតង្វាយរបស់គាត់ ហើយដោយសារជំនឿរបស់គាត់ ទោះបើគាត់ស្លាប់ក៏ដោយ ក៏គាត់នៅតែនិយាយ ។
ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។
ដ្បិតបងត្រូវធ្វើជាស្មរបន្ទាល់របស់ព្រះអង្គ ដល់មនុស្សទាំងអស់ ពីហេតុការណ៍ដែលបងបានឃើញ និងបានឮ។
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។
៙ ទូលបង្គំនឹងប្រកាសអំពីព្រះនាមព្រះអង្គ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលក្រុមជំនុំ ។
ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ
អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ព្រះ អ្នកនោះមានទីបន្ទាល់នៅក្នុងខ្លួនហើយ។ អ្នកណាដែលមិនជឿព្រះ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហកវិញ ព្រោះគេមិនបានជឿដល់ទីបន្ទាល់ដែលព្រះបានធ្វើ អំពីព្រះរាជបុត្រារបស់ព្រះអង្គ។
ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំ តាំងពីដំបូងមក។
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីកិច្ចការដ៏សុចរិត និងពីកិច្ចការសង្គ្រោះរបស់ព្រះអង្គដរាបរាល់ថ្ងៃ ដ្បិតកិច្ចការនោះមានចំនួនច្រើនឥតគណនា។ ទូលបង្គំនឹងចូលមកដោយព្រះចេស្តារបស់ ព្រះអម្ចាស់យេហូវ៉ា ហើយនឹងតំណាលពីសេចក្ដីសុចរិតរបស់ព្រះអង្គ គឺរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។
ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ដូច្នេះ មិនត្រូវខ្មាសនឹងធ្វើបន្ទាល់អំពីព្រះអម្ចាស់នៃយើង ឬខ្មាសនឹងខ្ញុំដែលជាប់គុកព្រោះតែព្រះអង្គនោះឡើយ តែត្រូវរងទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយព្រះចេស្តានៃព្រះ
«ដូច្នេះ អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។
៙ អស់អ្នកដែលកោតខ្លាចព្រះអើយ ចូរចូលមកស្តាប់ចុះ ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។
ដូច្នេះ លោកប៉ុល និងលោកបាណាបាសក៏ស្នាក់នៅទីនោះជាយូរថ្ងៃ ហើយមានប្រសាសន៍យ៉ាងក្លៀវក្លាអំពីព្រះអម្ចាស់ ដែលទ្រង់ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រោសប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យផ្សេងៗកើតឡើងដោយសារដៃលោកទាំងពីរ។
មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ដូច្នេះ ក្នុងនាមជាចាស់ទុំ និងជាបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ហើយជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមដាស់តឿនពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ
នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ ក៏មិនដែលវិលមកឯយើងវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។
ដូច្នេះ ខ្ញុំនេះហើយដែលធ្វើបន្ទាល់ពីខ្លួនខ្ញុំ ហើយមានព្រះវរបិតាមួយ ដែលចាត់ខ្ញុំឲ្យមក ព្រះអង្គក៏ធ្វើបន្ទាល់ពីខ្ញុំដែរ»។
ពេលរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសុន និងពួកបងប្អូនខ្លះ កន្ត្រាក់នាំទៅយកជូនអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកដែលនាំឲ្យពិភពលោកក្រឡាប់ចាក់ បានមកដល់ទីនេះហើយ
ហេតុនេះហើយបានជាយើងអរព្រះគុណដល់ព្រះជានិច្ច ព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលយើងប្រកាសដល់អ្នករាល់គ្នា អ្នករាល់គ្នាមិនបានទទួលយក ទុកដូចជាពាក្យរបស់មនុស្សទេ គឺបានទទួលតាមភាពពិតជាព្រះបន្ទូលរបស់ព្រះ ដែលព្រះបន្ទូលនេះកំពុងធ្វើការក្នុងអ្នករាល់គ្នាជាអ្នកជឿ។
អ្នករាល់គ្នាសិក្សាគម្ពីរ ដោយស្មានថា បានជីវិតអស់កល្បជានិច្ចពីគម្ពីរនោះ ដ្បិតគម្ពីរនោះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំ
៙ មនុស្សជំនាន់មួយនឹងសរសើរ ពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់មនុស្សជំនាន់មួយទៀត ហើយគេនឹងប្រកាសពីកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គ។
អ្នកណាដែលទទួលបន្ទាល់របស់ព្រះអង្គ នោះបានបោះត្រា បញ្ជាក់ថា ទ្រង់ពិតត្រង់មែន។
ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់ប្រជាជន ហើយឲ្យធ្វើបន្ទាល់ថា ព្រះអង្គនេះហើយ ដែលព្រះបានចាក់ប្រេងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់។
ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ជាអ្នកមានចំណែកជាមួយអ្នករាល់គ្នាក្នុងព្រះយេស៊ូវ គឺក្នុងសេចក្តីទុក្ខលំបាក ក្នុងព្រះរាជ្យ និងក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំនៅលើកោះ ឈ្មោះប៉ាត់ម៉ុស ព្រោះតែព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខដូច្នេះ ប៉ុន្ដែ ខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចនឹងថែរក្សាអ្វីៗដែលខ្ញុំបានផ្ញើទុកនឹងព្រះអង្គ រហូតដល់ថ្ងៃនោះឯង។
សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាមត៌ករបស់ទូលបង្គំជាដរាប ដ្បិតសេចក្ដីទាំងនោះ ធ្វើឲ្យចិត្តទូលបង្គំមានអំណរ។
ដ្បិតទោះបើខ្ញុំប្រកាសដំណឹងល្អមែន តែនោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ព្រោះជាកាតព្វកិច្ចដែលខ្ញុំត្រូវធ្វើខានមិនបាន ហើយបើខ្ញុំមិនប្រកាសដំណឹងល្អទេ នោះវរដល់ខ្ញុំហើយ។
ព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់ស្រាប់។
តែអ្វីៗដែលមានប្រយោជន៍ដល់ខ្ញុំពីមុននោះ ខ្ញុំបានរាប់ជាខាតវិញ ព្រោះតែព្រះគ្រីស្ទ។ លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ
ចូរក្រោកឈរឡើង ដ្បិតខ្ញុំបានលេចឲ្យអ្នកឃើញសម្រាប់គោលបំណងនេះឯង គឺដើម្បីតាំងអ្នកឲ្យបម្រើ ហើយធ្វើបន្ទាល់អំពីអស់ទាំងហេតុការណ៍ដែលអ្នកបានឃើញខ្ញុំ និងអំពីហេតុការណ៍ទាំងប៉ុន្មានដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ
ប៉ុន្ដែ បើអ្នកណាម្នាក់រងទុក្ខក្នុងនាមជាគ្រីស្ទបរិស័ទ នោះមិនត្រូវខ្មាសឡើយ ចូរសរសើរតម្កើងដល់ព្រះ ដោយព្រោះនាមនោះវិញ។
លោកមានប្រសាសន៍ថា៖ «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះលោកនឹងបានសង្គ្រោះ រួមទាំងក្រុមគ្រួសារលោកផងដែរ»។
ព្រះអង្គដែលធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ទ្រង់មានព្រះបន្ទូលថា៖ «ពិតមែនហើយ យើងនឹងមកជាឆាប់»។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!។
ឱ សូមតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ ចូរយើងនាំគ្នាលើកតម្កើង ព្រះនាមព្រះអង្គជាមួយគ្នា។
ទោះបើខ្ញុំជាអ្នកតូចជាងគេបំផុត ក្នុងចំណោមពួកបរិសុទ្ធទាំងអស់ក្តី ក៏ព្រះអង្គបានប្រទានព្រះគុណនេះមកខ្ញុំ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អ ជាសម្បត្តិដ៏បរិបូររបស់ព្រះគ្រីស្ទ ទៅប្រាប់ពួកសាសន៍ដទៃ
ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។
(ដ្បិតជីវិតនេះបានលេចមកហើយ យើងបានឃើញ ក៏ធ្វើបន្ទាល់ ហើយប្រកាសប្រាប់អ្នករាល់គ្នាអំពីជីវិតអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅជាមួយព្រះវរបិតា ហើយបានលេចមកឲ្យយើងឃើញ)។
អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅឲ្យលោកទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ទុកជាបន្ទាល់ដល់អ្នកទាំងនោះ និងដល់ពួកសាសន៍ដទៃ។
មានពរហើយ អស់អ្នកដែលកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាអ្នកដែលស្វែងរកព្រះអង្គដោយអស់ពីចិត្ត
ទូលបង្គំចាត់គេឲ្យទៅក្នុងពិភពលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកដែរ។
ដើម្បីឲ្យពួកកូនមនុស្សស្គាល់ ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។
ប៉ុន្ដែ លោកពេត្រុស និងសាវកឯទៀតឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។
ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ តើឲ្យយើងខ្ញុំទៅរកអ្នកណាវិញ? គឺព្រះអង្គហើយដែលមានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។ យើងខ្ញុំជឿហើយ ក៏ដឹងថា ព្រះអង្គជាព្រះរាជបុត្រាបរិសុទ្ធតែមួយរបស់ព្រះ»។
មិនមែនមានន័យថា យើងធ្វើជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាឡើយ គឺយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាបានឈរមាំក្នុងជំនឿហើយ។
ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ បានចេញពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូល។
តែព្រះអង្គមានព្រះបន្ទូលតបថា៖ «ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាម»។
ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់អ្នករាល់គ្នាចំពោះព្រះ បានចេញទៅគ្រប់កន្លែង ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។
«ចូរវិលត្រឡប់ទៅផ្ទះរបស់អ្នកវិញចុះ ហើយប្រកាសអំពីការទាំងប៉ុន្មានដែលព្រះបានប្រោសដល់អ្នក»។ គាត់ក៏ចេញទៅ ហើយប្រកាសប្រាប់ពេញក្នុងទីក្រុង អំពីការទាំងប៉ុន្មានដែលព្រះយេស៊ូវបានប្រោសដល់គាត់។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
យើងបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រា មកធ្វើជាព្រះសង្គ្រោះរបស់មនុស្សលោក។
ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា៖ "យើងបានតាំងអ្នកសម្រាប់ជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកបាននាំការសង្គ្រោះដល់ចុងបំផុតនៃផែនដី"» ។
ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ!
ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ
ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួសព្រះគ្រីស្ទថា ចូរជានានឹងព្រះវិញទៅ។
មានសាសន៍សាម៉ារីជាច្រើន នៅក្រុងនោះបានជឿដល់ព្រះអង្គ ដោយព្រោះស្ត្រីនោះបានធ្វើបន្ទាល់ថា៖ «លោកប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត»។
ទាំងបង្ហាញឲ្យឃើញថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែលយើងបានរៀបចំ មិនមែនសរសេរដោយទឹកខ្មៅ តែដោយព្រះវិញ្ញាណរបស់ព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងដួងចិត្តខាងសាច់ឈាមវិញ
ដូច្នេះ សេចក្ដីដែលយើងបានឃើញ ហើយឮនោះ យើងក៏ប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ រីឯសេចក្ដីប្រកបរបស់យើង នោះគឺប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។
ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។
យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ ក៏ជាបន្ទាល់ពីហេតុការណ៍ទាំងនេះដែរ»។
ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។
បងប្អូនអើយ កាលខ្ញុំបានមកជួបអ្នករាល់គ្នា ខ្ញុំមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាខ្ពង់ខ្ពស់ ដើម្បីប្រកាសពីអាថ៌កំបាំងរបស់ព្រះដល់អ្នករាល់គ្នាឡើយ។ ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ ដ្បិតព្រះវិញ្ញាណទតមើលអ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះ។ ដ្បិតតើអ្នកណាស្គាល់គំនិតមនុស្សបាន ក្រៅពីវិញ្ញាណអ្នកនោះដែលនៅក្នុងខ្លួន? ឯព្រះក៏ដូច្នោះដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះ ក្រៅពីព្រះវិញ្ញាណរបស់ព្រះនោះឡើយ។ ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យយើងស្គាល់អំណោយទានដែលព្រះបានប្រទានមកយើង។ យើងនិយាយសេចក្តីទាំងនេះ មិនមែនដោយពាក្យសម្ដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសម្ដី ដែលព្រះវិញ្ញាណបង្រៀនវិញ ទាំងបកស្រាយសេចក្តីខាងវិញ្ញាណ ដល់អស់អ្នកដែលមានព្រះវិញ្ញាណ។ អស់អ្នកដែលមិនមានព្រះវិញ្ញាណ មិនអាចទទួលអំណោយទានរបស់ព្រះវិញ្ញាណនៃព្រះបានទេ ដ្បិតជាសេចក្តីល្ងីល្ងើដល់គេ ហើយគេមិនអាចយល់បានឡើយ ព្រោះសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណ។ អស់អ្នកដែលមានព្រះវិញ្ញាណ គេពិចារណាយល់គ្រប់ទាំងអស់ ហើយគ្មានអ្នកណាអាចពិចារណាយល់ពីអ្នកនោះបានឡើយ។ «ដ្បិតតើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ដើម្បីនឹងបង្រៀនព្រះអង្គបាន? » តែយើងមានគំនិតរបស់ព្រះគ្រីស្ទហើយ។ ដ្បិតខ្ញុំបានតាំងចិត្តថា ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំមិនព្រមដឹងអ្វី ក្រៅពីព្រះយេស៊ូវគ្រីស្ទ និងពីព្រះអង្គដែលទ្រង់ត្រូវឆ្កាងនោះឡើយ។
ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលបន្ទាល់របស់យើងទេ។
ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។
៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។
ដ្បិតអំនួតរបស់យើង ជាបន្ទាល់ចេញពីមនសិការរបស់យើង បញ្ជាក់ថា យើងបានប្រព្រឹត្តនៅក្នុងលោកីយ៍នេះ ហើយជាពិសេសចំពោះអ្នករាល់គ្នា ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណរបស់ព្រះវិញ។
ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស ដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ នៅពេលដែលលោកមកក្នុងសិរីល្អរបស់លោក សិរីល្អរបស់ព្រះវរបិតា និងសិរីល្អរបស់ពួកទេវតាបរិសុទ្ធ។
លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ដោយប្រកាសថា៖ «គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ព្រះអង្គដែលយាងមកក្រោយខ្ញុំ មានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"»។
តែតាមដែលព្រះសាកល្បងយើង ឃើញថា គួរផ្ញើព្រះបន្ទូលទុកនឹងយើងជាយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ មិនមែនដូចជាចង់ផ្គាប់ចិត្តមនុស្សទេ គឺផ្គាប់ព្រះហឫទ័យព្រះ ដែលទ្រង់ល្បងលចិត្តយើងនោះវិញ។
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ
ប៉ុន្តែ ត្រូវឆ្លើយដោយសុភាព និងគោរព ព្រមទាំងមានមនសិការជ្រះថ្លា ដើម្បីកាលណាគេមួលបង្កាច់អ្នករាល់គ្នា នោះអស់អ្នកដែលបង្ខូចកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បែរជាត្រូវខ្មាសវិញ។
ត្រូវឲ្យអស់អ្នកដែលព្រះយេហូវ៉ា បានប្រោសលោះ ពោលដូច្នេះ គឺអស់អ្នកដែលព្រះអង្គបានប្រោសលោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ
ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ។
ប៉ុន្តែ ខ្ញុំមិនរាប់ជីវិតខ្ញុំទុកជាមានតម្លៃវិសេសដល់ខ្ញុំឡើយ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរ ព្រមទាំងការងារ ដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ដ្បិតក្នុងចំណោមយើង គ្មានអ្នកណារស់សម្រាប់ខ្លួនឯងទេ ហើយក៏គ្មានអ្នកណាស្លាប់សម្រាប់ខ្លួនឯងដែរ ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
សូមប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាមសេចក្ដីបន្ទាល់ ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ។
ដំណឹងល្អអំពីព្រះរាជ្យនេះ នឹងត្រូវប្រកាសពាសពេញពិភពលោកទាំងមូល ជាទីបន្ទាល់ដល់អស់ទាំងសាសន៍ ហើយពេលនោះ ទើបចុងបញ្ចប់មកដល់»។
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។