ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
ចូរស្តាប់ដំបូន្មាន ហើយទទួលប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។ នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម តែងមានការយល់ដឹងល្អ ការសរសើរតម្កើងព្រះអង្គ នៅជាប់អស់កល្បជានិច្ច។
ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួន ជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីទូន្មានវិញ។
ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។
ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
ក៏ប៉ុន្តែ ក្នុងចំណោមមនុស្សពេញវ័យ យើងនិយាយតាមប្រាជ្ញា តែមិនមែនតាមប្រាជ្ញារបស់លោកីយ៍នេះ ឬរបស់ពួកចៅហ្វាយនៅលោកីយ៍នេះ ដែលត្រូវសាបសូន្យនោះទេ គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
គំនិតរបស់មនុស្សឧស្សាហ៍ នាំឲ្យបានបរិបូរឡើងតែម៉្យាង តែអស់អ្នកណាដែលមានចិត្តរលះរលាំង នោះនឹងបានតែសេចក្ដីខ្វះខាតវិញ។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។
សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
អ្នកណាដែលបានប្រាជ្ញា ជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្ដីល្អ។
ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
ដូច្នេះ សូមព្រះអង្គប្រទានឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តប្រកបដោយប្រាជ្ញា ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនទាំងនេះបាន?»។
ទីណាគ្មានអ្នកប្រាជ្ញានាំមុខ ប្រជាជន រមែងដួលចុះ តែបើមានអ្នកប្រឹក្សាច្រើន នោះមានសេចក្ដីសុខវិញ។
ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះរាប់ថ្ងៃអាយុ របស់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តប្រកបដោយប្រាជ្ញា។
ដានីយ៉ែលពោលថា៖ «សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា និងតេជានុភាពជារបស់ព្រះអង្គ។ ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។
តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនព្រះអង្គដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា? តើព្រះអង្គបានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ព្រះអង្គ ឬបង្រៀនព្រះអង្គក្នុងផ្លូវយុត្តិធម៌? ឬឲ្យព្រះអង្គមានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ព្រះអង្គ?
ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់ កុំឲ្យភ្លេចឡើយ ក៏កុំឲ្យបែរចេញពីពាក្យ ដែលមាត់យើងពោលដែរ។ កុំចោលប្រាជ្ញាឡើយ នោះនឹងការពារឯង ចូរស្រឡាញ់ប្រាជ្ញាចុះ នោះនឹងទំនុកបម្រុងឯង។
ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត
ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានយោបល់ក្នុងគ្រប់ការទាំងអស់។
ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។
ដ្បិតសេចក្តីល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់មនុស្ស ហើយភាពទន់ខ្សោយរបស់ព្រះ ក៏មានកម្លាំងលើសជាងកម្លាំងរបស់មនុស្សដែរ។
ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង
រួចមានព្រះបន្ទូលដល់មនុស្សយើងថា "មើល៍ សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់"»។
ការដែលសង់ផ្ទះឡើងបាន ក៏ដោយសារប្រាជ្ញា និងដោយសារយោបល់ ដែលផ្ទះនោះបានតាំងនៅជាមាំមួន យើងបានដើរក្បែរចម្ការ របស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូរ របស់មនុស្សដែលឥតមានប្រាជ្ញា នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។ នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត យើងយល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច យ៉ាងនោះសេចក្ដីកម្សត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។ ហើយដោយសារតម្រិះ នោះបន្ទប់ទាំងឡាយបានពេញ ដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។
ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។
ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។
ចូរផ្ចង់ចិត្តចំពោះសេចក្ដីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យ ដែលប្រកបដោយតម្រិះចុះ។
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!
មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិត របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។
ដ្បិតអ្នកណាដែលបានយើង នោះបានជីវិត ក៏នឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ តែឯអ្នកណាដែលធ្វើបាបនឹងយើងនោះ ក៏ប្រទូស្តដល់ព្រលឹងខ្លួនដែរ អស់អ្នកណាដែលស្អប់យើង នោះឈ្មោះថាស្រឡាញ់សេចក្ដីស្លាប់ហើយ។
៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គណាស់ហ្ន៎! ទូលបង្គំរំពឹងគិតអំពីក្រឹត្យវិន័យ នោះដរាបរាល់ថ្ងៃ។ បទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវរបស់ទូលបង្គំ ដ្បិតបាននៅជាប់ជាមួយទូលបង្គំជានិច្ច។
ព្រះអង្គរំលាយផែនការរបស់មនុស្សមានល្បិច មិនឲ្យសម្រេចការដែលគេផ្តើមធ្វើនោះឡើយ។ ព្រះអង្គចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសា តែងតែនាំមុខកិត្តិសព្ទ។
សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។
ការជួយគំនិតជារបស់ផងយើង ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង យើងជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ
កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
ប៉ុន្តែ ចំណែកប្រាជ្ញា តើនឹងរកនៅឯណាបាន? ហើយ តើការយល់ដឹងនៅកន្លែងណា? មនុស្សលោកមិនស្គាល់តម្លៃនៃប្រាជ្ញាទេ ក៏រកមិនឃើញនៅក្នុង ស្ថានរបស់មនុស្សរស់ដែរ។
តើមានអ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ាឬទេ? ព្រះអង្គនឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។ ព្រលឹងអ្នកនោះនឹងនៅជាប់ ក្នុងសេចក្ដីសុខសាន្ត ហើយពូជពង្សអ្នកនោះ នឹងបានគ្រងស្រុកនេះជាមត៌ក។
សតិបញ្ញារបស់មនុស្សនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។
តម្រិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។
ឯការចម្កួតជាអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមានតម្រិះយោបល់ នោះចូលចិត្តនឹងប្រាជ្ញាវិញ។
ចិត្តរបស់មនុស្សវាងវៃ តែងតែចម្រើនចំណេះ ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ដល់ព្រះតែមួយព្រះអង្គគត់ដែលប្រកបដោយប្រាជ្ញា តាមរយៈព្រះយេស៊ូវគ្រីស្ទ សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ អស់កល្បតរៀងទៅ។ អាម៉ែន។:៚
ព្រះយេស៊ូវមានវ័យចម្រើនឡើង ទាំងប្រាជ្ញា និងកេរ្តិ៍ឈ្មោះ ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផងទាំងពួង។
ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានសួគ៌ បានស្គាល់ប្រាជ្ញារបស់ព្រះ ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ។
ព្រះឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ បទបញ្ជារបស់ព្រះយេហូវ៉ាស្អាតបរិសុទ្ធ ក៏បំភ្លឺភ្នែក
ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។
បទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានប្រាជ្ញា លើសជាងខ្មាំងសត្រូវរបស់ទូលបង្គំ ដ្បិតបាននៅជាប់ជាមួយទូលបង្គំជានិច្ច។ ទូលបង្គំមានយោបល់ជាងគ្រូទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំសញ្ជឹងគិតពីសេចក្ដីបន្ទាល់ របស់ព្រះអង្គ។
អ្នកណាដែលមានតម្រិះ រមែងសំចៃទុកនូវពាក្យសម្ដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។
យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។
មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណា ដែលមានយោបល់។
៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យសម្រែករបស់ទូលបង្គំ បានចូលទៅដល់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ តាមព្រះបន្ទូលរបស់ព្រះអង្គផង!
មនុស្សអាក្រក់មិនយល់សេចក្ដីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។
មនុស្សមានប្រាជ្ញា តែងប្រមូលចំណេះទុក តែឯងមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។
ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់ឯង នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯង នឹងបានយឺនយូរទៅ។
ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។
ចំណែកមនុស្សល្ងីល្ងើគេឥតមាន សេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែសម្ដែងគំនិត ក្នុងចិត្តខ្លួនឯងចេញវិញ។
ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ ដ្បិតព្រះវិញ្ញាណទតមើលអ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះ។
កូនអើយ កុំឲ្យសេចក្ដីទាំងនេះ ចេញបាត់ពីភ្នែកឯងឡើយ ចូររក្សាសេចក្ដីដែលមានប្រយោជន៍ និងគំនិតវាងវៃចុះ
ព្រះបានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា និងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្ដាខ្សាច់ដែលនៅមាត់សមុទ្រ
សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
ឯប្រាជ្ញា នោះបន្លឺឡើង ហើយយោបល់ក៏បញ្ចេញសំឡេងទេតើ ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។ ខ្ញុំជាប្រាជ្ញា ខ្ញុំរស់នៅជាមួយគំនិតវាងវៃ ខ្ញុំមានតម្រិះ និងមានសុភនិច្ឆ័យ។ ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់ការអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ និងមាត់ពោលពាក្យវៀច នោះយើងក៏ស្អប់ណាស់ ការជួយគំនិតជារបស់ផងយើង ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង យើងជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ ពួកមហាក្សត្រសោយរាជ្យ ហើយពួកមានបណ្ដាសក្តិក៏សម្រេច សេចក្ដីយុត្តិធម៌ដោយសារយើង ពួកអ្នកគ្រប់គ្រង និងពួកមានត្រកូលខ្ពស់ គឺអស់ទាំងចៅហ្វាយ ដែលនៅផែនដី ក៏គ្រប់គ្រងដោយសារយើងដែរ យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប មានអស់ទាំងទ្រព្យសម្បត្តិ និងកិត្តិយស នៅជាមួយយើង មានទាំងរបស់ទ្រព្យដ៏ស្ថិតស្ថេរ និងសេចក្ដីសុចរិតផង ផលដែលកើតពីយើង នោះវិសេសជាងមាស ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកម្រៃរបស់យើង ជាជាងប្រាក់យ៉ាងវិសេសបំផុត ទាំងពីរនោះឈរនៅកំពូល នៃអស់ទាំងទីខ្ពស់ក្បែរផ្លូវដើរ ហើយនៅកន្លែងដែលផ្លូវច្រកប្រសព្វគ្នា
យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែតម្រិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសម្រេចមែនទែន ដោយសារការប្រឹក្សាគ្នា ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា នោះសឹមធ្វើសង្គ្រាមទៅចុះ។
ព្រោះប្រាជ្ញារបស់លោកីយ៍នេះ ជាសេចក្តីល្ងីល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់គេ»
ការកើតទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
សេចក្ដីបន្ទាល់របស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។
ពាក្យសម្ដីរបស់មនុស្សដែលមានប្រាជ្ញា ចូរផ្ទៀងត្រចៀកស្តាប់ពាក្យ ហើយផ្ចង់ចិត្តចំពោះតម្រិះរបស់ខ្ញុំចុះ
៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត និងបានសូនទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់ បទបញ្ជារបស់ព្រះអង្គ។
ដូច្នេះ សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញា និងយោបល់ ដើម្បីឲ្យទូលបង្គំបានចេញចូលនាំមុខបណ្ដាជននេះ ដ្បិតតើមានអ្នកណាអាចនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គ ដែលមានគ្នាច្រើនយ៉ាងនេះបាន?»។
សម្រាប់ឲ្យបានស្គាល់ប្រាជ្ញា សេចក្ដីប្រៀនប្រដៅ និងឲ្យបានយល់ពីពាក្យ ដែលមានអត្ថន័យជ្រៅជ្រះ ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ ក៏បញ្ចេញសំឡេងនៅទីធ្លា ប្រាជ្ញាស្រែកប្រកាស នៅទីផ្លូវប្រសព្វទ្រហឹងអឺងកង និងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង នោះក៏បញ្ចេញពាក្យថា «ឱមនុស្សឆោតល្ងង់អើយ តើនៅស្រឡាញ់សេចក្ដីឆោតល្ងង់ ដល់កាលណាទៀត? ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ តើមនុស្សកំឡៅនឹងចេះតែស្អប់ ដល់ការចេះដឹងដល់កាលណា? កាលណាយើងបន្ទោស នោះចូរអ្នករាល់គ្នាស្តាប់តាមចុះ យើងនឹងចាក់វិញ្ញាណយើងទៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានយល់ពាក្យរបស់យើង។ ពីព្រោះយើងបានស្រែកហៅ តែអ្នករាល់គ្នាមិនព្រមស្តាប់ទេ យើងបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ អ្នករាល់គ្នាក៏បោះបង់ចោល អស់ទាំងដំបូន្មានរបស់យើង ហើយមិនព្រមទទួលពាក្យបន្ទោស របស់យើងដែរ ដូច្នេះ យើងនឹងសើចដែរ ក្នុងថ្ងៃដែលអ្នករាល់គ្នាត្រូវអន្តរាយ យើងនឹងចំអកឲ្យ ក្នុងកាលដែលអ្នករាល់គ្នា កើតមានសេចក្ដីភិតភ័យផង គឺក្នុងកាលដែលសេចក្ដីភិតភ័យ មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក និងសេចក្ដីទុក្ខព្រួយ មកគ្របសង្កត់លើអ្នករាល់គ្នា។ ខណៈនោះ គេនឹងអំពាវនាវដល់យើង តែយើងមិនព្រមឆ្លើយសោះ គេនឹងស្វែងរកយើងអស់ពីចិត្ត តែគេនឹងរកមិនឃើញឡើយ ។ ព្រោះគេបានស្អប់ការចេះដឹង ហើយមិនបានរើសយកសេចក្ដីកោតខ្លាច ដល់ព្រះយេហូវ៉ាទេ។ ក៏សម្រាប់ទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវ ជាសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គេមិនបានយកចិត្តទុកដាក់ នឹងដំបូន្មានរបស់យើងឡើយ ក៏បានមើលងាយសេចក្ដីបន្ទោសរបស់យើងដែរ។ ហេតុនោះបានជាត្រូវឲ្យគេ ស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន។ ដ្បិតឯពួកឆោតល្ងង់នោះ ការថយទៅវិញរបស់គេនឹងសម្លាប់គេទៅ ហើយចំណែកមនុស្សកំឡៅ នោះសេចក្ដីសុខស្រួលរបស់គេ នឹងឲ្យគេវិនាសដែរ តែអ្នកណាដែលស្តាប់តាមយើង នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសម្រាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។ ដើម្បីបង្រៀនមនុស្សឆោតល្ងង់ឲ្យចេះប្រុងប្រយ័ត្ន ហើយឲ្យយុវជនស្គាល់ខុសស្គាល់ត្រូវ
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មកក៏រត់ពួន តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ប្រោសឲ្យមានជីវិត ហើយអ្នកណាដែលមានសេចក្ដីនោះ នឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្ដីអាក្រក់ណាមកលើខ្លួនឡើយ។
គឺយ៉ាងនោះ ដែលឯងនឹងដឹងថាប្រាជ្ញាក៏ល្អ ដល់ព្រលឹងឯងដែរ បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់ ហើយសេចក្ដីសង្ឃឹមរបស់ឯង នឹងមិនត្រូវកាត់បង់ឡើយ។
ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យយើងស្គាល់អំណោយទានដែលព្រះបានប្រទានមកយើង។
សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិត ចេញពីមាត់ទូលបង្គំសោះឡើយ ដ្បិតទូលបង្គំសង្ឃឹមដល់វិន័យរបស់ព្រះអង្គ។ ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យ របស់ព្រះអង្គជានិច្ច នៅអស់កល្បជានិច្ចរហូតតទៅ
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
ហើយព្រះអង្គជាស្ថិរភាពក្នុងគ្រារបស់អ្នក សេចក្ដីសង្គ្រោះយ៉ាងបរិបូរ ប្រាជ្ញា និងតម្រិះ ឯការកោតខ្លាចដល់ព្រះយេហូវ៉ា ជាកំណប់ទ្រព្យរបស់ក្រុងស៊ីយ៉ូន។
ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង។ វាគ្មានមេ គ្មានអ្នកត្រួតត្រា ឬគ្មានអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀង ទុកនៅក្នុងរដូវចម្រូតបាន។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គមានពរ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង!
មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃ រមែងមើលផ្លូវខ្លួនដោយប្រយ័ត្ន។
កាលណាឯងដើរទៅ នោះជំហានឯងនឹងមិនទើសទាល់ ហើយកាលណាឯងរត់ នោះឯងនឹងមិនចំពប់ឡើយ។
ចូរតោងជាប់តាមដំបូន្មាន កុំលែងឲ្យសោះ ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ ជាជីវិតរបស់ឯង។
ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលយើងពោលទាំងអម្បាលម៉ាន។ កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញ។
ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ាធំអស្ចារ្យ អស់អ្នកដែលរីករាយនឹងការទាំងនោះ នាំគ្នាស្វែងយល់។
កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំ របស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ។ ចូរចងក្រៀកនៅនឹងចិត្តឯងជានិច្ច ហើយភ្ជាប់នៅកឯងផង កាលណាឯងដើរ បណ្ដាំនោះនឹងនាំមុខឯង កាលណាដេកលក់ នោះនឹងចាំយាមរក្សាឯង ហើយកាលណាភ្ញាក់ ដំបូន្មាននោះនឹងនិយាយរកឯង។
ទូលបង្គំយល់ដឹងជាងមនុស្សចាស់ ដ្បិតទូលបង្គំប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។
ការដែលទូលបង្គំមានទុក្ខព្រួយ នោះជាការល្អដល់ទូលបង្គំ គឺដើម្បីឲ្យទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។ ក្រឹត្យវិន័យដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ វិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ទាំងពាន់។
កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា ចិត្តយើងនឹងមានអំណរ។ អើចិត្តថ្លើមយើងនឹងរីករាយ ក្នុងកាលដែលបបូរមាត់ឯង ពោលសេចក្ដីដែលត្រឹមត្រូវ។
ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯង បានត្រឹមត្រូវចុះ ។
យើងនឹងឲ្យឃ្លាំងលាក់កំបាំង និងទ្រព្យសម្បត្តិដែលកប់ទុកដល់អ្នក ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅអ្នកតាមឈ្មោះ។
ដ្បិតអ្នកណាដែលគាប់ព្រះហឫទ័យព្រះ នោះព្រះអង្គ ប្រទានឲ្យអ្នកនោះមានប្រាជ្ញា តម្រិះ និងសេចក្ដីរីករាយ តែឯមនុស្សបាបវិញ ព្រះអង្គប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកប្រគល់ឲ្យអ្នកដែលគាប់ព្រះហឫទ័យព្រះ។ នេះក៏ជាការឥតមានទំនង ហើយដូចជាដេញចាប់ខ្យល់ ។
ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងទៅត្រង់ទៅមុខដែរ។ ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯង បានត្រឹមត្រូវចុះ ។ កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។
ទូលបង្គំសូមថ្វាយព្រះពរព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ ចិត្តទូលបង្គំដាស់តឿនទូលបង្គំនៅពេលយប់។
ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។
សូមឲ្យទូលបង្គំបានយល់ផ្លូវ នៃព្រះឱវាទរបស់ព្រះអង្គ នោះទូលបង្គំនឹងសញ្ជឹងគិត អំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។
ប៉ុន្តែ មនុស្សលោកសុទ្ធតែមាន វិញ្ញាណសណ្ឋិតនៅ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តា ក៏ឲ្យមានយោបល់
កូនដែលមានប្រាជ្ញា តែងស្តាប់ពាក្យទូន្មានរបស់ឪពុក តែមនុស្សចំអក មិនព្រមស្តាប់ពាក្យបន្ទោសទេ។
អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង រាប់ជាការចម្កួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។
កូនអើយ ចូរផ្ចង់ចិត្តចំពោះប្រាជ្ញារបស់យើង ហើយផ្ទៀងត្រចៀកចំពោះយោបល់យើងដែរ ក្រែងមនុស្សដទៃបានឆ្អែតដោយកម្លាំងឯង ហើយការនឿយលំបាករបស់ឯង ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ រួចដល់ចុងបំផុត ឯងនឹងត្រូវថ្ងូរ ក្នុងកាលដែលសាច់ឈាម ហើយខ្លួនប្រាណឯងរោយចុះទៅ ហើយឯងថា «អុញន៍ យើងបានស្អប់ សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តយើងក៏បានខ្ពើមសេចក្ដីបន្ទោស ហើយយើងមិនបានស្តាប់តាម សម្ដីនៃគ្រូរបស់យើង ឬផ្ទៀងត្រចៀកចំពោះពួកអ្នក ដែលរំឭកយើងផងដែរ។ យើងស្ទើរតែនឹងចូលទៅក្នុង អស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្ដាលចំណោមមនុស្ស និងក្រុមជំនុំផង»។ ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញ ពីអណ្តូងរបស់ខ្លួនចុះ។ តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬ? ត្រូវទុកសម្រាប់ខ្លួនឯងតែមួយប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សដទៃ ជាមួយឯងផងនោះទេ។ សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំលោះចុះ ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយអ្នកត្រូវឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់ របស់នាងជានិច្ចផង។ ដើម្បីឲ្យឯងបានបម្រុងទុកនូវគំនិតវាងវៃ ហើយឲ្យបបូរមាត់ឯងបានរក្សាទុកនូវតម្រិះ។
ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រយោជន៍ សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់
យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។
នៅក្នុងផ្លូវរបស់មនុស្សវៀច មានសុទ្ធតែបន្លា និងអន្ទាក់ អ្នកដែលរក្សាព្រលឹងខ្លួន នឹងចៀសចេញឆ្ងាយពីនោះ។
ឪពុករបស់មនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានអំណរដោយសារកូននោះ។
ឯប្រាជ្ញានោះល្អស្មើនឹងមត៌ក ក៏វិសេសដល់ពួកអ្នកដែលឃើញពន្លឺថ្ងៃផង។ ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិត របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ (ដ្បិតផលផ្លែនៃពន្លឺ មាននៅក្នុងគ្រប់សេចក្ដីល្អ សេចក្តីសុចរិត និងសេចក្តីពិត)។
មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។