ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
តើមានអ្នកណាជាព្រះឲ្យដូចព្រះអង្គ ដែលព្រះអង្គអត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមត៌កព្រះអង្គ ព្រះអង្គមិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ ព្រះអង្គនឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ព្រះអង្គនឹងកម្រាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង ទៅក្នុងសមុទ្រជ្រៅ
គឺយើងនេះហើយជាអ្នកដែលលុបអំពើរំលងរបស់អ្នកចេញ ដោយយល់ដល់ខ្លួនយើង ហើយយើងមិននឹកចាំអំពើបាបរបស់អ្នកទៀតឡើយ។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ដ្បិតយើងនឹងប្រោសប្រណីចំពោះអំពើទុច្ចរិតរបស់គេ ហើយយើងនឹងលែងនឹកចាំពីអំពើបាបរបស់គេទៀត» ។
ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
៙ ទូលបង្គំបានសារភាពអំពើបាប របស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ទូលបង្គំនឹងលន់តួអំពើរំលង របស់ទូលបង្គំចំពោះព្រះយេហូវ៉ា» ហើយព្រះអង្គក៏បានអត់ទោសអំពើបាប ឲ្យទូលបង្គំ។ –បង្អង់
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។
ព្រះអង្គក៏មានព្រះបន្ទូលបន្ថែមទៀតថា៖ «យើងនឹងលែងនឹកចាំពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀត»
«កុំថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ឱព្រះយេហូវ៉ា អើយ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត ឱព្រះអម្ចាស់អើយ តើអ្នកណាអាចធន់នៅបាន? ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យអត់ទោស ដើម្បីឲ្យគេបានកោតខ្លាចព្រះអង្គ។
ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើរំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះវរបិតារបស់អ្នក ទ្រង់ក៏នឹងមិនអត់ទោស ចំពោះអំពើរំលងឲ្យអ្នករាល់គ្នាដែរ»។
ព្រោះព្រះមិនបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកក្នុងលោកនេះ ដើម្បីដាក់ទោសមនុស្សលោកនោះទេ គឺឲ្យមនុស្សលោកបានសង្គ្រោះ ដោយសារព្រះអង្គវិញ។
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ។ ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។ នោះទូលបង្គំនឹងបង្រៀនពីផ្លូវរបស់ព្រះអង្គ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ហើយមនុស្សបាបនឹងវិលត្រឡប់មករកព្រះអង្គ។ ឱព្រះ ជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមរំដោះទូលបង្គំឲ្យរួចពីទោសកម្ចាយឈាម នោះអណ្ដាតទូលបង្គំនឹងស្រែកច្រៀង អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យ នឹងយញ្ញបូជាទេ ប្រសិនបើទូលបង្គំត្រូវថ្វាយតង្វាយដុត នោះក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។ យញ្ញបូជាដែលសព្វព្រះហឫទ័យដល់ព្រះ គឺវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ និងចិត្តសោកស្ដាយឡើយ។ ៙ សូមព្រះអង្គប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន តាមព្រះហឫទ័យដ៏ល្អរបស់ព្រះអង្គ សូមសង់កំផែងក្រុងយេរូសាឡិមឡើងវិញផង ពេលនោះ ព្រះអង្គមុខជាសព្វព្រះហឫទ័យ នឹងយញ្ញបូជាដែលថ្វាយដោយវិញ្ញាណត្រឹមត្រូវ ព្រមទាំងតង្វាយដុត គឺតង្វាយដុតទាំងមូលផង ដូច្នេះ គេនឹងថ្វាយគោឈ្មោលនៅលើអាសនា របស់ព្រះអង្គ។ សូមលាងទូលបង្គំឲ្យបានស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសូមសម្អាតទូលបង្គំពីអំពើបាបផង!
ព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ តែដោយសារព្រះគុណរបស់ព្រះអង្គ ពួកគេបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ព្រះយេហូវ៉ាលោះជីវិត ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយក្នុងចំណោមអស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ គ្មានអ្នកណាម្នាក់នឹងត្រូវទោសឡើយ។
ហេតុនេះខ្ញុំសូមជម្រាបលោកថា នាងបានទទួលការអត់ទោសឲ្យរួចពីបាបជាច្រើនរបស់នាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ច្រើន។ ប៉ុន្តែ អ្នកណាដែលទទួលការអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិចដែរ»។
ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
បន្ទាប់មក គេនឹងលែងបង្រៀនអ្នកជិតខាង ហើយបងប្អូនគេរៀងខ្លួនទៀតថា៖ ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះយើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយលែងនឹកចាំពីអំពើបាបគេទៀតជារៀងរហូតទៅ។
សូមកុំនឹកចាំអំពើបាប ដែលទូលបង្គំប្រព្រឹត្តកាលនៅក្មេង ឬអំពើរំលងរបស់ទូលបង្គំឡើយ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីទូលបង្គំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គវិញ ដោយយល់ដល់ព្រះគុណរបស់ព្រះអង្គ។
ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដែលខ្ញុំរូបនេះជាលេខមួយ។
ពីដើមអ្នករាល់គ្នាខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ តែព្រះបានលាងសម្អាតអ្នករាល់គ្នា បានញែកអ្នករាល់គ្នាជាបរិសុទ្ធ បានរាប់អ្នករាល់គ្នាជាសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដោយសារព្រះវិញ្ញាណនៃព្រះរបស់យើងរួចហើយ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេធ្វើអ្វីទេ»។ គេយកព្រះពស្ត្ររបស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។
កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប។ ប៉ុន្ដែ ប្រសិនបើអ្នកណាធ្វើបាប នោះយើងមានព្រះដ៏ជួយការពារមួយអង្គ ដែលគង់នៅជាមួយព្រះវរបិតា គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត។
មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ
យើងបានលុបអំពើរំលងរបស់អ្នកចេញ ដូចជាពពកយ៉ាងក្រាស់ និងអំពើបាបអ្នកដូចជាពពកផង ចូរវិលមកឯយើងវិញ ពីព្រោះយើងបានលោះអ្នកហើយ។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
៙ ព្រះយេហូវ៉ាប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ពេលនោះ ពេត្រុសចូលមកជិតព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ បើបងប្អូនរបស់ទូលបង្គំចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកថា មិនមែនប្រាំពីរដងទេ គឺចិតសិបដងប្រាំពីរដង។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
ព្រះយេហូវ៉ាប្រកបដោយ ព្រះហឫទ័យមេត្តាករុណា និងប្រណីសន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។
ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន ហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។
គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។
យញ្ញបូជាដែលសព្វព្រះហឫទ័យដល់ព្រះ គឺវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ និងចិត្តសោកស្ដាយឡើយ។
គ្រប់ទាំងអស់មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងឲ្យជានានឹងព្រះអង្គវិញ តាមរយៈព្រះគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះមកយើង
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។ នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ដ្បិតដោយព្រះអង្គបានរងទុក្ខលំបាក ទាំងត្រូវល្បួង ព្រះអង្គក៏អាចជួយអស់អ្នក ដែលត្រូវល្បួងបានដែរ។
យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។
៙ ព្រះយេហូវ៉ាប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស ហើយសុចរិត ព្រះនៃយើងប្រកបដោយ ព្រះហឫទ័យមេត្តាករុណា។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ប៉ុន្តែ ដែលខ្ញុំជាយ៉ាងណាសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត ប៉ុន្តែ មិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំវិញ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជម្រះឡើយ គឺបានរួចផុតពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។
មានពរហើយ អ្នកដែលព្រះអត់ទោស ឲ្យអំពើរំលងរបស់ខ្លួន គឺដែលព្រះបានគ្របបាំងអំពើបាបរបស់ខ្លួន។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
យើងខ្ញុំនឹកក្នុងចិត្តថា យើងខ្ញុំមានទោសប្រហារជីវិតជាប់ខ្លួន ដើម្បីកុំឲ្យយើងខ្ញុំពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើព្រះ ដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងនោះវិញ។
«មានពរហើយ អ្នកណាដែលព្រះបានអត់ទោស ហើយគ្របបាំងសេចក្ដីទទឹងច្បាប់របស់ខ្លួន មានពរហើយ អ្នកណាដែលព្រះអម្ចាស់មិនរាប់ជាមានបាប» ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ ។
ដូច្នេះ ចូរប្រុងប្រៀបគំនិតរបស់អ្នករាល់គ្នាឲ្យមានសកម្មភាពឡើង ទាំងដឹងខ្លួន ហើយមានចិត្តសង្ឃឹមទាំងស្រុងលើព្រះគុណ ដែលព្រះយេស៊ូវគ្រីស្ទនឹងផ្តល់មកអ្នករាល់គ្នា នៅថ្ងៃដែលព្រះអង្គលេចមក។