ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
៙ ដ្បិតព្រះយេហូវ៉ាល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ព្រះយេហូវ៉ាយាងកាត់នៅមុខលោក ហើយប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ប្រណីសន្តោស ព្រះអង្គយឺតនឹងខ្ញាល់ មានព្រះហឫទ័យសប្បុរស ហើយស្មោះត្រង់ជានិច្ច។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។
៙ ព្រះយេហូវ៉ាប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ព្រះអង្គ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ា បានប្រោសដល់យើងរាល់គ្នា និងសេចក្ដីសប្បុរសដ៏ធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលព្រះអង្គបានប្រោសដល់គេ តាមសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ព្រះអង្គ។
ប៉ុន្តែ ព្រះដែលមានសេចក្តីមេត្តាករុណាដ៏លើសលុប ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសឲ្យយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបានសង្រ្គោះដោយសារព្រះគុណ)
តើមានអ្នកណាជាព្រះឲ្យដូចព្រះអង្គ ដែលព្រះអង្គអត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមត៌កព្រះអង្គ ព្រះអង្គមិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ ព្រះអង្គនឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ព្រះអង្គនឹងកម្រាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង ទៅក្នុងសមុទ្រជ្រៅ
គេមិនព្រមស្ដាប់បង្គាប់ឡើយ ក៏មិននឹកចាំពីការអស្ចារ្យដែលព្រះអង្គបានធ្វើក្នុងចំណោមពួកគេដែរ គឺគេតាំងចិត្តរឹងចចេស ហើយបះបោរ គេបានតែងតាំងម្នាក់ឲ្យធ្វើជាមេដឹកនាំ វិលទៅរកភាពជាទាសករនៅស្រុកអេស៊ីព្ទវិញ តែព្រះអង្គជាព្រះដែលប្រុងតែនឹងអត់ទោស ប្រណីសន្ដោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
ព្រះយេហូវ៉ាល្អ ហើយទៀងត្រង់ ហេតុនេះហើយបានជាព្រះអង្គបង្រៀន មនុស្សបាបឲ្យស្គាល់ផ្លូវដែលត្រូវដើរ។
ឬតើអ្នកមើលងាយសេចក្តីសប្បុរស សេចក្តីទ្រាំទ្រ និងសេចក្តីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គឬ? តើអ្នកមិនដឹងថា សេចក្តីសប្បុរសរបស់ព្រះ នាំអ្នកឲ្យប្រែចិត្តទេឬ?
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។ ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត និងយុត្តិធម៌ ផែនដីមានពេញដោយព្រះហឫទ័យសប្បុរស របស់ព្រះយេហូវ៉ា។
ប៉ុន្ដែ កាលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះ ជាព្រះសង្គ្រោះនៃយើងបានលេចមក ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។
ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់យើងថា យើងជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅផែនដី ដ្បិតយើងរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
៙ ព្រះយេហូវ៉ាប្រកបដោយព្រះហឫទ័យ ប្រណីសន្ដោស ហើយសុចរិត ព្រះនៃយើងប្រកបដោយ ព្រះហឫទ័យមេត្តាករុណា។
ព្រះយេហូវ៉ាល្អ ព្រះអង្គជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកព្រះអង្គជាទីពឹង។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
ព្រះអង្គល្អ ហើយធ្វើការល្អ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។
ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ [ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី ដែលព្រះអង្គមានព្រះបន្ទូល ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ ដែលព្រះអង្គធ្វើ។ ]
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។
៙ សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ដើម្បីឲ្យព្រះអង្គបានសម្ដែង ឲ្យមនុស្សជំនាន់ខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលុបរបស់ព្រះអង្គ ដោយសេចក្តីសប្បុរសចំពោះយើង ក្នុងព្រះគ្រីស្ទយេស៊ូវ។
ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស។
អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា សុទ្ធតែប្រកបដោយ ព្រះហឫទ័យសប្បុរស និងសេចក្ដីស្មោះត្រង់ ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីបន្ទាល់របស់ព្រះអង្គ។
ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ពិតជាព្រះមែន គឺជាព្រះស្មោះត្រង់ដែលគោរពតាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ រហូតដល់មួយពាន់តំណ
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ
ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ក៏លើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ។
ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។
ប៉ុន្ដែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អ ហើយឲ្យគេខ្ចី ដោយកុំសង្ឃឹមចង់បានអ្វីមកវិញឡើយ។ អ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងធ្វើជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ។
ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។
នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ហាលេលូយ៉ា ! ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង!
ទូលបង្គំនឹងត្រេកអរ ហើយរីករាយ នឹងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រោះព្រះអង្គបានឃើញទុក្ខវេទនារបស់ទូលបង្គំ ក៏ជ្រាបពីសេចក្ដីថប់ព្រួយនៃព្រលឹងទូលបង្គំដែរ
ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ឯព្រះ ផ្លូវរបស់ព្រះអង្គគ្រប់លក្ខណ៍ ព្រះបន្ទូលនៃព្រះយេហូវ៉ានោះពិតហើយ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនបំផ្លាញអ្នកដែរ ហើយមិនភ្លេចសេចក្ដីសញ្ញាជាមួយបុព្វបុរសរបស់អ្នក ដែលព្រះអង្គបានស្បថនឹងគេឡើយ។
ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរស របស់យើងចេញពីដាវីឌឡើយ ក៏មិនឲ្យសេចក្ដីស្មោះត្រង់របស់យើងខកខានដែរ។ យើងនឹងមិនបំពានសេចក្ដីសញ្ញារបស់យើង ឬប្រែក្រឡាស់ពាក្យដែលបានចេញ ពីបបូរមាត់របស់យើងឡើយ។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា?
យើងនឹងឲ្យមនុស្សដទៃជំនួសអ្នក ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតអ្នក ដោយព្រោះអ្នកមានតម្លៃវិសេសនៅភ្នែកយើង ក៏គួរលើកតម្កើង ហើយជាទីស្រឡាញ់ដល់យើងផង។
យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ។
«កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។
សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។ ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្ដាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរបានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។ ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់
ព្រះអង្គបានធ្វើឲ្យមនុស្សនឹកចាំ ពីការអស្ចារ្យរបស់ព្រះអង្គ ព្រះយេហូវ៉ាប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា។
ប៉ុន្ដែ ឱព្រះអម្ចាស់អើយ ព្រះអង្គជាព្រះប្រកបដោយព្រះហឫទ័យមេត្តា និងប្រណីសន្ដោស ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ជាបរិបូរ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។ មើល៍ ព្រះអង្គដែលរក្សាអ៊ីស្រាអែល ព្រះអង្គនឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ។
គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្តូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេ
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន? ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។ ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។ ព្រះយេហូវ៉ាសុចរិតក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ របស់ព្រះអង្គដែរ។ ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។ ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
ព្រះយេហូវ៉ាបានលេចមកឲ្យគាត់ ឃើញពីចម្ងាយ ដោយមានព្រះបន្ទូលថា៖ យើងបានស្រឡាញ់អ្នក ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរអស់កល្ប ហេតុនេះហើយបានជាយើងទាញអ្នកមក ដោយសេចក្ដីសប្បុរស។
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។ ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ស្ថានសួគ៌ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។
ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!»
តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបខ្លាំងណាស់។
សូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ និងអុក ជាស្តេចស្រុកបាសាន ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយប្រគល់ស្រុករបស់គេ ទុកជាមត៌ក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺជាមត៌កដល់អ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ គឺព្រះអង្គហើយដែលបាននឹកចាំពីយើង កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយបានសង្គ្រោះយើងឲ្យរួចពីខ្មាំងសត្រូវ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គជាព្រះដែលប្រទានអាហារ ដល់អស់ទាំងសាច់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមអរព្រះគុណដល់ព្រះអម្ចាស់ ដ៏ធំលើអស់ទាំងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។
ដ្បិតអ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
យើងរាល់គ្នាបានទទួលសេចក្តីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ
ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
៙ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ា បានឆ្លើយតបមកខ្ញុំ ហើយបានដោះខ្ញុំឲ្យមានសេរីភាព។ ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។
ព្រះអង្គជាថ្មដា ការរបស់ព្រះអង្គសុទ្ធតែគ្រប់លក្ខណ៍ ដ្បិតអស់ទាំងផ្លូវរបស់ព្រះអង្គសុទ្ធតែយុត្តិធម៌ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ព្រះអង្គក៏ត្រឹមត្រូវ ហើយទៀងត្រង់។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។ ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សណ្ឋិតលើយើងខ្ញុំ ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។
តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។ មើល៍ យើងបានចារឹកអ្នកទុកនៅ ផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច
ខ្ញុំអធិស្ឋានសូមឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចយល់បាន រួមជាមួយពួកបរិសុទ្ធទាំងអស់ ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដែលរកគិតមិនយល់ ដើម្បីឲ្យអ្នករាល់គ្នាបានពេញ ដោយគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ។
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច!
ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបជាមួយព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។
ទូលបង្គំនឹងសញ្ជឹងគិតអំពីឫទ្ធានុភាព ដ៏រុងរឿងឧត្តម និងអំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ គេនឹងថ្លែងប្រាប់ពីឫទ្ធានុភាពនៃស្នាព្រះហស្ដ ដ៏គួរឲ្យស្ញប់ស្ញែងរបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រកាស ពីភាពធំអស្ចារ្យរបស់ព្រះអង្គ។ គេនឹងបញ្ចេញព្រះកិត្តិនាមនៃព្រះហឫទ័យ សប្បុរសជាបរិបូររបស់ព្រះអង្គ ហើយគេនឹងស្រែកច្រៀង ពីសេចក្ដីសុចរិតរបស់ព្រះអង្គ។
មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស។ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមជួយទូលបង្គំឲ្យរួចជាប្រញាប់ សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាបន្ទាយយ៉ាងមាំ សម្រាប់សង្គ្រោះទូលបង្គំផង! ព្រះអង្គលាក់គេក្នុងទីកំបាំង នៃព្រះវត្តមានព្រះអង្គ ឲ្យរួចពីឧបាយរបស់មនុស្ស ព្រះអង្គថែរក្សាគេនៅក្នុងព្រះពន្លារបស់ព្រះអង្គ ឲ្យរួចពីអណ្ដាតមួលបង្កាច់។
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
ដ្បិតព្រះអង្គបានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកម្សត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា ជាម្លប់បាំងកម្ដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌
ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនហូរហៀរដល់ខ្ញុំ ទាំងប្រោសឲ្យខ្ញុំមានជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ ដល់មនុស្សមួយពាន់តំណ
ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា! ប្រសិនបើទូលបង្គំខំប្រឹងរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
សាសន៍យូដា និងសាសន៍ក្រិកគ្មានអ្វីខុសគ្នាឡើយ ព្រោះព្រះអម្ចាស់ដដែលជាព្រះអម្ចាស់របស់មនុស្សទាំងអស់ ហើយទ្រង់មានព្រះហឫទ័យទូលាយ ដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដ្បិត «អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងបានសង្គ្រោះ »។
៙ មនុស្សជំនាន់មួយនឹងសរសើរ ពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់មនុស្សជំនាន់មួយទៀត ហើយគេនឹងប្រកាសពីកិច្ចការ ដ៏អស្ចារ្យរបស់ព្រះអង្គ។
៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គដោយពិណ ព្រោះព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំនឹងច្រៀងសរសើរ ដល់ព្រះអង្គដោយចាប់ស៊ុង។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយឲ្យបានមត៌ក ដែលមិនចេះពុករលួយ ឥតសៅហ្មង ក៏មិនចេះស្រពោន ជាមត៌កដែលបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។ អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។
គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
ដ្បិតនៅក្នុងព្រះអង្គ គ្រប់ទាំងសេចក្តីសន្យារបស់ព្រះ សុទ្ធតែ «បាទ» ទាំងអស់។ ហេតុនេះហើយបានជាតាមរយៈព្រះអង្គ យើងពោលថា «អាម៉ែន» សម្រាប់ជាសិរីល្អរបស់ព្រះ។
ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
សូមលើកតម្កើងព្រះ ព្រោះព្រះអង្គមិនបានបែរចេញពី សេចក្ដីអធិស្ឋានរបស់ខ្ញុំ ក៏មិនបានដកព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ចេញពីខ្ញុំដែរ!
ត្រូវឲ្យគេអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គ ដល់មនុស្សជាតិ។
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
ឯប្រជារាស្ត្ររបស់យើង នឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ក្នុងផ្ទះសំបែងមាំមួន ជាទីសម្រាកក្សេមក្សាន្ត។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។
នេះហើយព្រះ គឺព្រះអង្គជាព្រះរបស់យើង អស់កល្បជានិច្ច ព្រះអង្គនឹងធ្វើជាអ្នកនាំមុខយើង ជារៀងរហូតតទៅ។
យើងទាំងអស់គ្នា ដែលគ្មានស្បៃបាំងមុខ កំពុងតែរំពឹងមើលសិរីល្អរបស់ព្រះអម្ចាស់ ដូចជារូបឆ្លុះនៅក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អមួយ ទៅសិរីល្អមួយ ដ្បិតនេះមកពីព្រះអម្ចាស់ ដែលជាព្រះវិញ្ញាណ។
ព្រះយេហូវ៉ាធំ ហើយគួរសរសើរតម្កើងយ៉ាងក្រៃលែង ភាពធំអស្ចារ្យរបស់ព្រះអង្គ នោះរកយល់មិនបាន។