កូនស្រឡាញ់អើយ កុំឲ្យមានការសង្ស័យឡើយចំពោះព្រះគុណដ៏មហាសាលរបស់ព្រះ។ ទោះបីជាយើងជួបប្រទះនឹងរឿងលំបាកយ៉ាងណាក៏ដោយ ចូរយើងជឿជាក់លើសេចក្ដីស្រឡាញ់ និងការថែរក្សារបស់ទ្រង់។ នៅពេលដែលយើងជួបទុក្ខលំបាក យើងអាចរកការលួងលោម និងការការពារពីទ្រង់បាន។
មនុស្សខ្លះយល់ថា ព្រះជាអង្គដ៏ក្រៀមក្រំ ខឹងសម្បារ ឬក៏ព្រងើយកន្តើយ។ តែការពិត ព្រះជាអង្គដ៏អស្ចារ្យ ពោរពេញដោយសេចក្ដីអំណរ។ សេចក្ដីអំណររបស់ទ្រង់មិនអាស្រ័យលើអ្វី ឬនរណាឡើយ ហើយមានតែទ្រង់ទេដែលអាចប្រទានសេចក្ដីអំណរដល់យើង។
សេចក្ដីសុខរបស់យើងមកពីព្រះ។ ក្នុងជីវិតនេះ យើងតែងតែជួបរឿងសោកសៅ ឈឺចាប់ និងទន់ចិត្ត។ ប៉ុន្តែទ្រង់បានសន្យាថានឹងនៅជាមួយយើងជានិច្ច រហូតដល់ចុងបញ្ចប់នៃលោកិយ។ «ចូរទៅប្រាប់ឲ្យគេធ្វើជាសិស្សគ្រប់ទាំងប្រជាជាតិ ហើយឲ្យគេទទួលបុណ្យជ្រមុជក្នុងព្រះនាមនៃព្រះវរបិតា និងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយបង្រៀនគេឲ្យកាន់តាមគ្រប់ទាំងអ្វីៗដែលខ្ញុំបានបញ្ជាដល់អ្នករាល់គ្នា ហើយមើល ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជាដរាបរហូតដល់ចុងបញ្ចប់នៃលោកិយ» (ម៉ាថាយ ២៨:២០)។
សេចក្ដីសុខនៅក្នុងព្រះមិនមែនគ្រាន់តែជាអារម្មណ៍មួយនោះទេ តែជាការដែលយើងបានទ្រង់ទទួល ដោយមានចិត្តបរិសុទ្ធ និងសេរីភាពនៅចំពោះព្រះអង្គ។ ចូរយើងអរសប្បាយរីករាយជាមួយនឹងសេចក្ដីពិតដ៏អស្ចារ្យនេះ!
ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។
នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត ចូរយើងមានអំណរ ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
យើងសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញឡើង។
ព្រះអង្គបានដាក់អំណរក្នុងចិត្តទូលបង្គំ ច្រើនជាងអំណរដែលគេមាន នៅពេលស្រូវ និងទឹកទំពាំងបាយជូររបស់គេ សម្បូណ៌ទៅទៀត។
ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
តែសូមឲ្យអស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ បានរីករាយឡើង សូមឲ្យគេច្រៀងដោយអំណរ សូមព្រះអង្គរក្សាការពារគេ ហើយសូមឲ្យអស់អ្នក ដែលស្រឡាញ់ដល់ព្រះនាមព្រះអង្គ បានត្រេកអរក្នុងព្រះអង្គ។
ព្រះឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ បទបញ្ជារបស់ព្រះយេហូវ៉ាស្អាតបរិសុទ្ធ ក៏បំភ្លឺភ្នែក
ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញផង។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ!
ទូលបង្គំបានឃើញព្រះបន្ទូលព្រះអង្គ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ព្រះអង្គជាអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមព្រះអង្គ។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់ពីចិត្តទៅ! ព្រះយេហូវ៉ាបានលើកលែងទោសឲ្យអ្នក ព្រះអង្គបានបង្វែរខ្មាំងសត្រូវរបស់អ្នកចេញ។ ព្រះយេហូវ៉ាជាមហាក្សត្ររបស់អ៊ីស្រាអែល គង់នៅកណ្ដាលអ្នក អ្នកនឹងមិនខ្លាចសេចក្ដីអាក្រក់ទៀតឡើយ។
ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាការលោតកញ្ឆេង ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ
ឱមនុស្សសុចរិតអើយ ចូររីករាយក្នុងព្រះយេហូវ៉ាចុះ ដ្បិតមនុស្សទៀងត្រង់ស័ក្ដិសម នឹងសរសើរតម្កើងព្រះ។
អស់អ្នកដែលពឹងដល់ព្រះអង្គ គេមានអំណរព្រោងព្រាយ ហើយមុខរបស់គេ មិនដែលខ្មាសឡើយ។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គ នៅក្នុងចិត្តទូលបង្គំ»។
សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។
តែសូមឲ្យមនុស្សសុចរិតបានសប្បាយរីករាយ គេនឹងរីករាយនៅចំពោះព្រះ គេនឹងមានអំណរសប្បាយយ៉ាងខ្លាំង!
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ពេលព្រឹក សូមចម្អែតយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ ហើយសប្បាយរីករាយអស់មួយជីវិត។
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឲ្យទូលបង្គំ រីករាយនឹងកិច្ចការរបស់ព្រះអង្គ ទូលបង្គំច្រៀងដោយអំណរ ចំពោះកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ។
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
មានពន្លឺបានសាបព្រោះ សម្រាប់មនុស្សសុចរិត ហើយអំណរសម្រាប់មនុស្ស ដែលមានចិត្តទៀងត្រង់។ ឱមនុស្សសុចរិតអើយ ចូរត្រេកអរក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គចុះ!
មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា! ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ ដោយច្រៀងចម្រៀងចុះ!
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា ព្រះអង្គជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា បំពាក់ជាមកុដដល់ឯង ព្រះអង្គប្រោសប្រទានឲ្យជីវិតឯង បានស្កប់ស្កល់ដោយរបស់ល្អ ដើម្បីឲ្យវ័យក្មេងរបស់ឯងបានកែឡើងជាថ្មី ដូចសត្វឥន្ទ្រី។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។
ពេលនោះ មាត់យើងបានពេញដោយ សំណើចក្អាកក្អាយ ហើយអណ្ដាតយើងក៏ពេញដោយ សម្រែកអរសប្បាយ នោះក្នុងចំណោមជាតិតសាសន៍នានា មានគេពោលថា «ព្រះយេហូវ៉ាបានធ្វើការ យ៉ាងធំសម្រាប់ពួកគេ»។ ព្រះយេហូវ៉ាបានធ្វើការយ៉ាងធំ សម្រាប់យើងមែន ហើយយើងក៏អរសប្បាយ។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។ អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
ការសង្ឃឹមរបស់មនុស្សសុចរិត នោះនាំឲ្យមានចិត្តរីករាយ តែសេចក្ដីទុកចិត្តរបស់មនុស្សអាក្រក់ នឹងសូន្យបាត់ទៅ។
ការឆបោករមែងនៅក្នុងចិត្តនៃមនុស្ស ដែលគិតគូរបង្កើតការអាក្រក់ តែមានអំណរសម្រាប់មនុស្ស ដែលប្រឹក្សាឲ្យមានសេចក្ដីសុខ។
ពន្លឺនៃមនុស្សសុចរិត នោះជាទីសប្បាយហើយ តែចង្កៀងរបស់មនុស្សអាក្រក់នឹងរលត់ទៅ។
នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្ដីសៅសោកដែរ ហើយចុងបំផុតនៃអំណរគឺជាធ្ងន់ទ្រូងវិញ។
ចិត្តរីករាយតែងតែបណ្ដាលឲ្យ មានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែក ដោយកើតមានទុក្ខព្រួយក្នុងចិត្ត។
អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។
ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចម្រើនកម្លាំងដល់ឆ្អឹង។
អ្នកណាដែលរំពឹងគិតពីដំណើរអ្វី នោះនឹងបានសេចក្ដីល្អចេញពីនោះមក ហើយអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះសប្បាយហើយ។
ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។
ការដែលប្រព្រឹត្តដោយយុត្តិធម៌ នោះជាអំណរដល់មនុស្សសុចរិត តែនោះជាសេចក្ដីវិនាសដល់មនុស្ស ដែលប្រព្រឹត្តទុច្ចរិតវិញ។
សប្បាយហើយ អ្នកណាដែលមានចិត្ត កោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយវិញ។
គ្រាណាដែលឥតមានការបើកសម្ដែង នោះបណ្ដាជនរមែងលែងទប់ចិត្ត តែអ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះសប្បាយហើយ។
ដ្បិតអ្នកណាដែលគាប់ព្រះហឫទ័យព្រះ នោះព្រះអង្គ ប្រទានឲ្យអ្នកនោះមានប្រាជ្ញា តម្រិះ និងសេចក្ដីរីករាយ តែឯមនុស្សបាបវិញ ព្រះអង្គប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកប្រគល់ឲ្យអ្នកដែលគាប់ព្រះហឫទ័យព្រះ។ នេះក៏ជាការឥតមានទំនង ហើយដូចជាដេញចាប់ខ្យល់ ។
យើងដឹងហើយថា គ្មានអ្វីសម្រាប់គេដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ ដូច្នេះ ការដែលគ្រប់មនុស្សបានស៊ី និងផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទានរបស់ព្រះ។
អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាច និងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ។ កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។ ដ្បិតអ្នកនោះនឹងមិននឹកចាំពីអស់ទាំងថ្ងៃនៃអាយុខ្លួនប៉ុន្មានទេ ព្រោះព្រះផ្សាយអំណរមកក្នុងចិត្តហើយ។
ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។ ដោយហេតុនោះ អ្នករាល់គ្នានឹងដងទឹកពីអណ្តូងនៃសេចក្ដីសង្គ្រោះដោយអំណរ
ឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសឲ្យរួច គេនឹងវិលមកវិញ គេនឹងមកដល់ក្រុងស៊ីយ៉ូនដោយច្រៀង ហើយមានអំណរដ៏នៅអស់កល្បជានិច្ច ពាក់នៅលើក្បាលគេ គេនឹងបានសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ ឯអស់ទាំងសេចក្ដីទុក្ខព្រួយ និងដំងូរទាំងប៉ុន្មាននោះនឹងរត់បាត់ទៅ។
ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចម្រៀង គេនឹងមានអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្ដីរីករាយ និងអំណរ ឯទុក្ខព្រួយ និងដំងូរ ត្រូវខ្ចាត់បាត់ទៅ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ប៉ុន្តែ អ្នករាល់គ្នាត្រូវមានអំណរ ហើយរីករាយជាដរាបចំពោះការដែលយើងបង្កើតនោះ ដ្បិតមើល៍ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាអំណរ។ យើងនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម និងអំណរចំពោះប្រជារាស្ត្ររបស់យើង រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ និងសម្រែកទៀត។
គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយ ក្នុងការលោតកព្ឆោង ព្រមទាំងពួកកំលោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតយើងនឹងបំប្រែសេចក្ដីសោកសៅរបស់គេ ទៅជាអំណរវិញ ហើយកម្សាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយ ចេញពីសេចក្ដីទុក្ខព្រួយរបស់គេ។
ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។
ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ពេលនោះ មានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមករកព្រះអង្គ។ ពេលព្រះយេស៊ូវទតឃើញជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «កូនអើយ! ចូរសង្ឃឹមឡើង កូនបានទទួលការអត់ទោសពីបាបហើយ»។
ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
ដូច្នេះ ពួកនាងក៏ចេញពីផ្នូរជាប្រញាប់ ទាំងភ័យទាំងអរជាខ្លាំង ហើយរត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ។
មានពរហើយ អ្នករាល់គ្នាដែលឃ្លាននៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អ្នករាល់គ្នាដែលយំនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានសើច។
ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្តីត្រេកអរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការប្រែចិត្ត»។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីត្រេកអរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត»។
ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងយំ ហើយសោកសង្រេង តែលោកីយ៍នឹងអរសប្បាយ អ្នករាល់គ្នាព្រួយចិត្ត តែការព្រួយរបស់អ្នករាល់គ្នា នឹងប្រែទៅជាអំណរវិញ។
ឥឡូវនេះ អ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែ ខ្ញុំនឹងឃើញអ្នករាល់គ្នាម្តងទៀត ហើយអ្នករាល់គ្នានឹងមានចិត្តអរសប្បាយវិញ ក៏គ្មានអ្នកណាដកយកអំណរចេញពីអ្នករាល់គ្នាបានឡើយ។
ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គ តែសេចក្តីទាំងនេះដែលទូលបង្គំនិយាយនៅក្នុងលោកនេះ ដើម្បីឲ្យអំណររបស់ទូលបង្គំបានពោរពេញនៅក្នុងគេ។
ព្រះអង្គបានឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត ព្រះអង្គនឹងធ្វើឲ្យទូលបង្គំមានអំណរយ៉ាងពោពេញ ដោយព្រះវត្តមានព្រះអង្គ" ។
តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។ ក្រឹត្យវិន័យបានចូលមក ធ្វើឲ្យអំពើរំលងនោះកាន់តែកើនឡើង តែនៅទីណាដែលបាបកើនឡើង នោះព្រះគុណក៏រឹតតែចម្រើនជាបរិបូរឡើងដែរ។ ដូចដែលបាបបានសោយរាជ្យលើសេចក្ដីស្លាប់យ៉ាងណា នោះព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត ដែលនាំឲ្យមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងយ៉ាងនោះដែរ។ មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ខ្ញុំទុកចិត្តអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំង ខ្ញុំមានចិត្តពេញដោយសេចក្តីក្សេមក្សាន្ត ខ្ញុំមានអំណរលើសលុប ក្នុងគ្រប់ទាំងសេចក្តីវេទនារបស់យើង។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។
ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។ ចូរអ្នករាល់គ្នាមានអំណរយ៉ាងនោះ ហើយអរសប្បាយជាមួយខ្ញុំផង។
ម្យ៉ាងទៀត បងប្អូនអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ ខ្ញុំមិនធុញទ្រាន់ក្នុងការសរសេរសេចក្ដីដដែលៗ ផ្ញើមកអ្នករាល់គ្នា ហើយក៏ជួយដល់អ្នករាល់គ្នាដែរ។
នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
អ្នករាល់គ្នាក៏បានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ ដ្បិតទោះបើមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ្នករាល់គ្នាបានទទួលព្រះបន្ទូលដោយអំណរ មកពីព្រះវិញ្ញាណបរិសុទ្ធដែរ
ពេលខ្ញុំនឹកចាំពីទឹកភ្នែករបស់អ្នក ខ្ញុំចង់ជួបអ្នកជាខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ ដ្បិតកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះឡើយ។ ហេតុនេះ ចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងអំពើស្មោកគ្រោក និងអំពើគម្រក់ទាំងប៉ុន្មានចេញ ដ្បិតព្រះបន្ទូលនោះអាចនឹងសង្គ្រោះព្រលឹងអ្នករាល់គ្នា។ ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។ ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែឆ្លុះមើល រួចចេញបាត់ទៅ ទាំងភ្លេចពីរូបភាពរបស់ខ្លួនជាយ៉ាងណាភ្លាម។ រីឯអ្នកដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយជាប់ចិត្ត ឥតមានភ្លេចនឹងសេចក្ដីដែលស្តាប់ គឺប្រព្រឹត្តតាម អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងកិច្ចការដែលខ្លួនធ្វើជាមិនខាន។ ប្រសិនបើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួន អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួន ហើយសាសនារបស់អ្នកនោះឥតប្រយោជន៍ទទេ។ សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះវរបិតា នោះគឺទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខវេទនា ព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។ ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។
ទោះបើអ្នករាល់គ្នាមិនបានឃើញព្រះអង្គ តែអ្នករាល់គ្នាស្រឡាញ់ព្រះអង្គ ហើយសូម្បីតែឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញព្រះអង្គ ក៏អ្នករាល់គ្នាជឿដល់ព្រះអង្គ ហើយត្រេកអរដោយអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន
ប៉ុន្តែ ចូរអរសប្បាយវិញ ដោយព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានត្រេកអរ និងរីករាយជាខ្លាំង នៅពេលសិរីល្អរបស់ព្រះអង្គលេចមក។
ឱមនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយក្នុងព្រះយេហូវ៉ា អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរស្រែកហ៊ោរដោយអំណរចុះ។
៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន
មានអន្ទាក់នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតច្រៀងដោយអរសប្បាយវិញ។
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
ព្រះអង្គបានប្រោសឲ្យបណ្ដាជនចម្រើនឡើង ហើយបានធ្វើឲ្យគេមានសេចក្ដីរីករាយ ជាច្រើនឡើងដែរ គេមានអំណរនៅចំពោះព្រះអង្គ ដូចជាអំណរ ក្នុងរដូវចម្រូត ហើយដូចជាអំណរនៃមនុស្ស ដែលកំពុងតែចែករបឹបគ្នា។
មកទល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសូមអ្វីក្នុងនាមខ្ញុំទេ។ ចូរទូលសូមចុះ អ្នករាល់គ្នានឹងបានទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញ»។
កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។