រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ។ តើគេប្រមូលផលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមដំបងយក្សឬ? ដូចេ្នះ អស់ទាំងដើមឈើល្អ តែងផ្តល់ផ្លែល្អ រីឯដើមឈើអាក្រក់ ក៏តែងផ្តល់ផ្លែអាក្រក់ដែរ។ ដើមឈើល្អមិនអាចផ្តល់ផ្លែអាក្រក់បានទេ ហើយដើមឈើអាក្រក់ ក៏មិនអាចផ្តល់ផ្លែល្អបានដែរ អស់ទាំងដើមឈើណាដែលមិនផ្តល់ផ្លែល្អ ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ»។
ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។ គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ អ្នកនោះមកពីព្រះ ហើយក៏ស្គាល់ព្រះដែរ។ អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់។
ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។ ដ្បិតបើគុណសម្បត្តិទាំងនេះមានក្នុងចិត្តអ្នករាល់គ្នា ហើយចម្រើនឡើង គុណសម្បត្តិទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាមានសកម្មភាព និងបង្កើតផលខាងឯការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជាពិត។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។ អស់អ្នកដែលផ្សះផ្សាគេ តែងសាបព្រោះសន្តិភាព ហើយគេច្រូតបានផលជាសេចក្ដីសុចរិត។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។ ការអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងឃើញក្នុងខ្ញុំនោះ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយអ្នករាល់គ្នា។
ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរសង្វាតធ្វើអំពើល្អជានិច្ច ដល់គ្នាទៅវិញទៅមក និងដល់មនុស្សគ្រប់គ្នា។
ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ អ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទបែបនោះទេ! អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ ហើយបានរៀនក្នុងព្រះអង្គ តាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវ។ ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។ ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។ ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ កុំឲ្យអារក្សមានឱកាសឲ្យសោះ។ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។ មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។ ទាំងខំប្រឹងរក្សាការរួបរួមរបស់ព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ អ្នកនោះប្រៀបដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកមិនចេះស្រពោន ឡើយ កិច្ចការអ្វីដែលអ្នកនោះធ្វើ សុទ្ធតែចម្រុងចម្រើនទាំងអស់។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។
ចូរដកអស់ទាំងសេចក្តីជូរចត់ ចិត្តក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
ប៉ុន្តែ ដោយព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា អ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងព្រះវិញ្ញាណវិញ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ព្រះអង្គទេ។
ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា?
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
«បើដាំដើមឈើល្អ ផ្លែវាក៏ល្អ តែបើដាំដើមឈើអាក្រក់ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែរបស់វា។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ហើយខំប្រឹងរស់នៅដោយស្រគត់ស្រគំ គិតតែកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃខ្លួនឯង ដូចយើងបានបង្គាប់អ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅយ៉ាងត្រឹមត្រូវនៅចំពោះអ្នកខាងក្រៅ ហើយមិនត្រូវពឹងផ្អែកលើអ្នកណាឡើយ។
សេចក្តីស្រឡាញ់មិនធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាការសម្រេចតាមក្រឹត្យវិន័យ។
ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។ ចូរទុកឲ្យចិត្តអំណត់នោះ បានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។
ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។ សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ
យើងទាំងអស់គ្នា ដែលគ្មានស្បៃបាំងមុខ កំពុងតែរំពឹងមើលសិរីល្អរបស់ព្រះអម្ចាស់ ដូចជារូបឆ្លុះនៅក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អមួយ ទៅសិរីល្អមួយ ដ្បិតនេះមកពីព្រះអម្ចាស់ ដែលជាព្រះវិញ្ញាណ។
ព្រះវរបិតាខ្ញុំបានតម្កើងឡើង ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាបានបង្កើតផលជាច្រើន ហើយធ្វើជាសិស្សរបស់ខ្ញុំពិតប្រាកដ។
អ្នកណាដែលកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះអង្គ ហើយព្រះអង្គក៏ស្ថិតនៅជាប់ក្នុងគេដែរ។ យើងដឹងដោយសារសេចក្ដីនេះថា ព្រះអង្គស្ថិតនៅជាប់ក្នុងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។ ពីដើមអ្នករាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះទេ តែឥឡូវនេះ ជាប្រជារាស្រ្តរបស់ព្រះវិញ។ ពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាហើយ។ ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។ ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។ ចូរចុះចូលគ្រប់ទាំងច្បាប់របស់មនុស្ស ដោយយល់ដល់ព្រះអម្ចាស់ ទោះបើត្រូវចុះចំពោះស្តេច ក្នុងឋានៈជាអ្នកធំជាងគេ ឬចំពោះលោកទេសាភិបាល ក្នុងនាមជាអ្នកដែលស្តេចបានចាត់ឲ្យទៅធ្វើទោសអស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយសរសើរអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវ។ ដ្បិតការដែលអ្នករាល់គ្នាបំបាត់ពាក្យសម្ដីចម្កួតរបស់មនុស្សខ្លៅល្ងង់ ដោយសារប្រព្រឹត្តអំពើល្អ នោះជាព្រះហឫទ័យរបស់ព្រះ។ ត្រូវរស់នៅដូចជាមនុស្សមានសេរីភាព តែមិនត្រូវប្រើសេរីភាពរបស់អ្នករាល់គ្នា ដើម្បីបិទបាំងអំពើអាក្រក់ឡើយ ត្រូវរស់នៅដូចជាអ្នកបម្រើរបស់ព្រះវិញ។ ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។ ពួកអ្នកបម្រើអើយ ចូរចុះចូលនឹងចៅហ្វាយរបស់ខ្លួន ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនតែចៅហ្វាយណាដែលល្អ ហើយស្លូតបូតប៉ុណ្ណោះទេ គឺដល់ចៅហ្វាយដែលកាចផងដែរ។ ដ្បិតបើអ្នករាល់គ្នាស៊ូទ្រាំរងទុក្ខលំបាក ហើយឈឺចាប់ដោយអំពើអយុត្តិធម៌ ព្រោះយល់ដល់ព្រះ នោះគួរសរសើរហើយ។ ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ
៙ មនុស្សសុចរិតនឹងលូតលាស់ឡើង ដូចដើមលម៉ើ ក៏ចម្រើនឡើង ដូចដើមតាត្រៅ នៅលើភ្នំល្បាណូន។ គេដូចជាដើមឈើដែលដុះ នៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេលូតលាស់នៅក្នុងទីលានរបស់ព្រះនៃយើង។ គេនឹងនៅតែអាចបង្កើតផលក្នុងវ័យចាស់ គេនៅតែមានជ័រជាបរិបូរ ហើយនៅតែខៀវខ្ចីជានិច្ច ដើម្បីសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទៀងត្រង់ ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានអំពើទុច្ចរិតណា នៅក្នុងព្រះអង្គឡើយ។
ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា រមែងចាប់បានព្រលឹងមនុស្ស។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា ប៉ុន្តែ ត្រូវឆ្លើយដោយសុភាព និងគោរព ព្រមទាំងមានមនសិការជ្រះថ្លា ដើម្បីកាលណាគេមួលបង្កាច់អ្នករាល់គ្នា នោះអស់អ្នកដែលបង្ខូចកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បែរជាត្រូវខ្មាសវិញ។
«ដើមឈើល្អមិនដែលមានផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់ក៏មិនដែលមានផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើនីមួយៗ ដោយសារផ្លែរបស់វា។ គេមិនដែលបេះផ្លែល្វាពីគុម្ពបន្លាឡើយ ក៏មិនដែលបេះផ្លែទំពាំងបាយជូរពីអញ្ចាញនោះដែរ។ មនុស្សល្អ បង្កើតជាសេចក្តីល្អ ចេញពីកំណប់ល្អដែលនៅក្នុងចិត្តរបស់គេ រីឯមនុស្សអាក្រក់វិញ បង្កើតជាសេចក្តីអាក្រក់ ចេញពីកំណប់អាក្រក់របស់ខ្លួន ដ្បិតមាត់របស់គេស្រដីចេញពីសេចក្តីបរិបូរ ដែលនៅក្នុងចិត្តរបស់ខ្លួន»។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
មិនមែនអ្នករាល់គ្នាទេដែលបានរើសខ្ញុំ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នា ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលនោះបាននៅជាប់ ដើម្បីឲ្យអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះវរបិតា ក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យ។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
រីឯប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ នោះស្ថិតនៅជាប់ក្នុងអ្នករាល់គ្នា ហើយអ្នកមិនត្រូវការឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាឡើយ។ ប៉ុន្តែ ពេលប្រេងតាំងបង្រៀនពីគ្រប់ការទាំងអស់ដល់អ្នករាល់គ្នា នោះជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ចូរអ្នករាល់គ្នានៅជាប់ក្នុងព្រះអង្គ ដូចសេចក្ដីដែលបានបង្រៀនអ្នករាល់គ្នាចុះ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។ កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យយើងស្គាល់អំណោយទានដែលព្រះបានប្រទានមកយើង។
ខ្ញុំអធិស្ឋានសូមព្រះអង្គប្រោសប្រទានឲ្យអ្នករាល់គ្នាបានចម្រើនកម្លាំងមនុស្សខាងក្នុង ដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីល្អដ៏ប្រសើរក្រៃលែងរបស់ព្រះអង្គ ហើយឲ្យព្រះគ្រីស្ទបានគង់ក្នុងចិត្តអ្នករាល់គ្នា តាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់។
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ ការកម្សាន្តចិត្តណាមួយពីសេចក្ដីស្រឡាញ់ សេចក្ដីប្រកបណាមួយខាងព្រះវិញ្ញាណ ការថ្នាក់ថ្នម និងសេចក្ដីអាណិតអាសូរណាមួយ ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះជាព្រះវរបិតា។ ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។ ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។ ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។ ចូរអ្នករាល់គ្នាមានអំណរយ៉ាងនោះ ហើយអរសប្បាយជាមួយខ្ញុំផង។ ខ្ញុំសង្ឃឹមលើព្រះអម្ចាស់យេស៊ូវថា បន្តិចទៀតខ្ញុំនឹងចាត់ធីម៉ូថេមកអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្ត ដោយបានដឹងរឿងពីអ្នករាល់គ្នា។ នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។
ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។
កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ ចូរតាំងចិត្តឲ្យខ្ជាប់ខ្ជួន ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។
ប្រសិនបើអ្នករាល់គ្នាពិតជាបានចាក់គ្រឹះ ហើយមាំមួននៅក្នុងជំនឿ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ។ ឯខ្ញុំ ប៉ុល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ!
ពេលព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលព្រះអង្គឮ ហើយនឹងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមក។
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ។
ប៉ុន្ដែ ខ្ញុំសូមជម្រាបថា ចូរដើរដោយព្រះវិញ្ញាណ មិនត្រូវបំពេញសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់! ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។ ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ ព្រះអង្គដែលយាងចុះទៅនោះ ជាព្រះអង្គដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់)។ ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។ ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកពីព្រះអង្គ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានចម្រើនឡើង និងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។ ដូច្នេះ ខ្ញុំនិយាយសេចក្តីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា មិនត្រូវឲ្យអ្នករាល់គ្នារស់នៅដូចសាសន៍ដទៃ ដែលរស់នៅតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ។ គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។ គេលែងខ្លាចបាប ហើយបានបណ្ដោយខ្លួនទៅតាមសេចក្តីអាសអាភាស ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងមិនចេះស្កប់។ ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ អ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទបែបនោះទេ! អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ ហើយបានរៀនក្នុងព្រះអង្គ តាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវ។ ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។ ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។ ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ កុំឲ្យអារក្សមានឱកាសឲ្យសោះ។ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។ មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។ ទាំងខំប្រឹងរក្សាការរួបរួមរបស់ព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។
ហេតុនេះ សូមកុំបោះបង់ចោលចិត្តជឿជាក់របស់អ្នករាល់គ្នា ដែលនឹងធ្វើឲ្យអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនោះឡើយ។ ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។
ចូរនៅជាប់នឹងខ្ញុំ ដូចជាខ្ញុំនៅជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាមែក បើមិននៅជាប់នឹងដើម នោះមិនអាចនឹងបង្កើតផលបានទេ អ្នករាល់គ្នាក៏ដូច្នោះដែរ ទាល់តែនៅជាប់នឹងខ្ញុំ។
ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ដោយចិត្តស្អាត ដោយចេះដឹង ដោយអត់ធ្មត់ ដោយសប្បុរស ដោយព្រះវិញ្ញាណបរិសុទ្ធ ដោយសេចក្តីស្រឡាញ់ឥតពុតមាយា
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់។
ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
ចូរចៀសចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញតាមចុះ។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។
ហើយសូមឲ្យព្រះអម្ចាស់ ប្រទានឲ្យអ្នករាល់គ្នាចម្រើនកាន់តែច្រើនឡើងជាបរិបូរ ខាងឯសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងដល់មនុស្សទាំងអស់ ដូចជាយើងស្រឡាញ់អ្នករាល់គ្នាដែរ។
មានទាំងពាក្យឲ្យពរ ទាំងពាក្យជេរប្រទេចផ្តាសា ចេញមកពីមាត់តែមួយ។ បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ តើប្រភពទឹកតែមួយ អាចចេញជាទឹកសាបផង ជាទឹកភ្លាវផងបានឬ? បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចបង្កើតផ្លែជាល្វាបានឬ? ឯរន្ធទឹកប្រៃក៏មិនអាចហូរចេញពីទឹកសាបដែរ។
ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ តែការទាំងអស់បានលាតត្រដាងឲ្យឃើញច្បាស់ ដោយសារពន្លឺ ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។ ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុង ព្រះដំណាក់របស់ព្រះអង្គបាន? តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធ របស់ព្រះអង្គបាន? គឺអ្នកដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តអំពើសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។
អ្នកនោះទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីគំនិតអ្នក ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ»
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។
ចូរប្រព្រឹត្តចំពោះពួកអ្នកក្រៅដោយប្រាជ្ញា ទាំងចេះប្រើពេលវេលាផង។ ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នករាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។
ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ។ ដ្បិតប្តីជាក្បាលរបស់ប្រពន្ធ ដូចព្រះគ្រីស្ទជាសិរសារបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ ជាព្រះសង្គ្រោះរបស់រូបកាយ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួសព្រះគ្រីស្ទថា ចូរជានានឹងព្រះវិញទៅ។
បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។
ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក។
ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
ចូរដេញតាមសេចក្តីស្រឡាញ់ ហើយសង្វាតឲ្យបានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសឲ្យអ្នករាល់គ្នាចេះថ្លែងទំនាយ។
ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ
សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
ចូរមានចិត្តមេត្តាករុណា ដូចព្រះវរបិតារបស់អ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ។
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីអស់ទាំងការអស្ចារ្យ របស់ព្រះអង្គ
ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា
អ្នកណាដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីសប្បុរស អ្នកនោះនឹងរកបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។ ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម រហូតមកដល់លោកម៉ូសេ សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ សូម្បីតែពួកអ្នកដែលមិនបានធ្វើបាប ដូចជាអំពើរំលងរបស់លោកអ័ដាមក៏ដោយ ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។ ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ដ្បិត ដូចដែលមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារការមិនស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។ តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។
បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។ ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត របស់អ្នកផ្សាយចេញដូចពន្លឺ ហើយអំពើយុត្តិធម៌របស់អ្នក ដូចពន្លឺនៅពេលថ្ងៃត្រង់។
តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបម្រើដល់ព្រះអង្គ អ្នករាល់គ្នាបានផលជាសេចក្ដីបរិសុទ្ធ ហើយចុងបំផុតគឺជីវិតអស់កល្បជានិច្ច។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង"
អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ព្រះអង្គ អ្នកនោះតែងជម្រះខ្លួនឲ្យបានស្អាត ដូចព្រះអង្គដែលស្អាតដែរ។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ យើងមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺការអត់ទោសឲ្យរួចពីបាប។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។