ពេលខ្លះជីវិតយើងជួបបញ្ហាច្រើនណាស់ ដែលធ្វើឲ្យយើងព្រួយបារម្ភ និងបាត់បង់សេចក្ដីសុខ។ តែចង់ប្រាប់ថា ព្រះអង្គតែងនៅជាមួយយើងជានិច្ច។ ពេលណាដែលយើងជួបទុក្ខលំបាក ព្រះអង្គប្រទានកម្លាំងដល់យើងតាមរយៈព្រះបន្ទូលរបស់ទ្រង់។
ដូចដែលមានចែងក្នុង ភីលីព ៤:៦ ថា «កុំឲ្យអ្នករាល់គ្នាបារម្ភពីអ្វីសោះ តែក្នុងគ្រប់ការទាំងអស់ ចូរអ្នករាល់គ្នាសូមអង្វរព្រះជាម្ចាស់ ដោយអធិស្ឋាន និងការទូលសូម ទាំងអរព្រះគុណផង»។
ចូរទទួលយកសេចក្ដីសុខសាន្តពីព្រះគ្រីស្ទចុះ ហើយជឿជាក់លើសេចក្ដីពិតរបស់ទ្រង់។ អ្វីដែលសំខាន់មិនមែនស្ថានភាពបច្ចុប្បន្នរបស់យើងទេ តែជាអ្វីដែលព្រះវរបិតាសួគ៌បានរៀបចំទុកសម្រាប់ជីវិតយើងនៅសួគ៌។
ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។
ឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀង ពីឫទ្ធានុភាពរបស់ព្រះអង្គ ទូលបង្គំនឹងស្រែកច្រៀងពី ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅពេលព្រឹក ដ្បិតព្រះអង្គជាបន្ទាយ និងជាជម្រកដល់ទូលបង្គំ នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា។
៙ ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយដល់ព្រះនៃខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គ បានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
៙ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ា បានឆ្លើយតបមកខ្ញុំ ហើយបានដោះខ្ញុំឲ្យមានសេរីភាព។
ព្រះយេហូវ៉ាជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងជ្រកនៅគ្រាលំបាក។
ព្រះយេហូវ៉ាល្អ ព្រះអង្គជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកព្រះអង្គជាទីពឹង។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។ ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
មនុស្សវេទនានេះបានស្រែកឡើង នោះព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយសង្គ្រោះគេឲ្យរួច ពីទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្លួន។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ការកើតទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ឱព្រះអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សម្រែករបស់ទូលបង្គំ សូមស្តាប់ពាក្យទូលបង្គំអធិស្ឋានផង ពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ
បន្ទាប់មក លោកបន្តមានប្រសាសន៍ទៅគេថា៖ «ចូរនាំគ្នាទៅបរិភោគអាហារ ហើយផឹកស្រាឆ្ងាញ់ៗទៅ សូមយកខ្លះជូនអ្នកណាដែលគ្មានអ្វីរៀបចំឲ្យនោះផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខឡើយ ដ្បិតអំណររបស់ព្រះយេហូវ៉ា ជាកម្លាំងរបស់អ្នករាល់គ្នា»។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ
វិញ្ញាណរបស់មនុស្សទប់ទល់ខ្លួន ក្នុងគ្រាមានធុរៈឈឺ តែឯវិញ្ញាណបាក់បែក តើអ្នកណាទ្រាំបាន?
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា? ប្រសិនបើឪពុកម្តាយ បានបោះបង់ចោលទូលបង្គំ ព្រះយេហូវ៉ានឹងទទួលទូលបង្គំទុក។ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ ព្រោះតែខ្មាំងសត្រូវរបស់ទូលបង្គំ។ សូមកុំប្រគល់ទូលបង្គំទៅតាមបំណងចិត្ត បច្ចាមិត្តរបស់ទូលបង្គំឡើយ ដ្បិតមានស្មរបន្ទាល់ក្លែងក្លាយ បានលើកគ្នាទាស់នឹងទូលបង្គំ ហើយគេដកដង្ហើមចេញជាពាក្យឃោរឃៅ។ ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា? ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។ ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីស៊ីសាច់ខ្ញុំ នោះគេនឹងជំពប់ដួល។ ទោះបើមានពលទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចឡើយ ទោះបើមានចម្បាំងកើតឡើងទាស់នឹងខ្ញុំ ក៏ខ្ញុំនៅតែមានសង្ឃឹមដែរ។
ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។ ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយជាអ្នកបម្រើដែលយើងបានរើសតាំង ដើម្បីឲ្យបានស្គាល់ ហើយជឿដល់យើង ព្រមទាំងយល់ថា គឺយើងនេះហើយ ឥតមានព្រះណាកើតមកមុនយើងទេ ហើយនៅក្រោយយើងក៏គ្មានដែរ។ គឺយើងនេះហើយជាយេហូវ៉ា ក្រៅពីយើង គ្មានអ្នកសង្គ្រោះណាទៀតឡើយ យើងបានថ្លែងទំនាយប្រាប់ យើងបានជួយសង្គ្រោះ យើងបានសម្ដែងឲ្យឃើញហើយ ឥតមានព្រះដទៃណានៅកណ្ដាលអ្នករាល់គ្នាឡើយ ហេតុដូច្នោះ អ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង ហើយគឺយើងនេះដែលជាព្រះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន? ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នករាល់គ្នា គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា ដោយយល់ដល់អ្នករាល់គ្នា នោះយើងចាត់មនុស្សទៅឯក្រុងបាប៊ីឡូន ហើយនឹងទម្លាក់គេទាំងអស់គ្នា គេនឹងរត់រតាក់រតាយទៅ សូម្បីតែពួកខាល់ដេនៅក្នុងនាវា ដែលគេយកជាទីសប្បាយនោះដែរ។ យើងនេះ គឺយេហូវ៉ា យើងជាព្រះដ៏បរិសុទ្ធរបស់អ្នករាល់គ្នា គឺជាព្រះដែលបង្កើតសាសន៍អ៊ីស្រាអែល ហើយជាមហាក្សត្ររបស់អ្នករាល់គ្នា។ ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា អ្នករាល់គ្នាកុំនឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ ឬរិះគិតពីកិច្ចការទាំងប៉ុន្មានពីដើមនោះ មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។ កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។ «ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!» ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់ ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ