ពេលខ្លះយើងមានអារម្មណ៍ឈឺចាប់និងសោកសៅ ហើយវាមិនមែនជារឿងអាក្រក់ឬជាបាបទេ។ សូម្បីតែព្រះយេស៊ូវក៏យំដែរ ពេលទ្រង់ឮថាលោកឡាសារ ជាមិត្តរបស់ទ្រង់បានស្លាប់ទៅ (យ៉ូហាន ១១:៣៥)។ ចូរចាំថាការបង្ហាញអារម្មណ៍សោកសៅរបស់យើងទៅព្រះជាម្ចាស់ គឺជារឿងសំខាន់ណាស់។
នៅក្នុងព្រះគម្ពីរ យើងអាចរកឃើញសន្តិភាពនិងការស្តារឡើងវិញ។ ព្រះអង្គអាចប្រែក្លាយពេលវេលាដ៏លំបាក និងឈឺចាប់ទាំងនោះ ឲ្យក្លាយទៅជាប្រយោជន៍សម្រាប់យើង និងសម្រាប់អ្នកដទៃ ដែលត្រូវការឃើញថានៅតែមានសង្ឃឹម ទោះបីជួបបញ្ហាអ្វីក៏ដោយ។
ចូរឲ្យព្រះជាម្ចាស់ក្លាយជាទីពឹងរបស់អ្នក នៅពេលអ្នកជួបការលំបាកបំផុត នោះអ្នកនឹងឃើញថា សេចក្ដីស្រឡាញ់របស់ទ្រង់នឹងពង្រឹងអ្នក។ កុំស្វែងរកការលួងលោមពីកន្លែងផ្សេង ព្រោះមានតែក្នុងព្រះហស្តរបស់ព្រះយេស៊ូវទេ ទើបអ្នកអាចរកឃើញសេចក្ដីសុខសាន្ត ដែលចិត្តអ្នកត្រូវការ។ ការលួងលោមរបស់ទ្រង់ នឹងធ្វើឲ្យវិញ្ញាណអ្នករស់ឡើងវិញ ហើយផ្ដល់កម្លាំងឲ្យអ្នកបន្តដំណើរទៅមុខទៀត។ ដូចព្រះគម្ពីរបានមានបន្ទូលថា ទឹកភ្នែកអាចហូរពេញមួយយប់ តែនៅពេលព្រឹក នឹងមានសេចក្ដីអំណរនៅក្នុងព្រះយេស៊ូវ។
យ៉ាងនោះខ្ញុំនឹងនៅមានសេចក្ដីរដោះទុក្ខ ខ្ញុំនឹងមានសេចក្ដីរីករាយក្នុងសេចក្ដីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធឡើយ។
មនុស្សអាក្រក់ត្រូវរងទុក្ខវេទនាជាច្រើន តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះព្រះហឫទ័យសប្បុរស របស់ព្រះអង្គព័ទ្ធជុំវិញ។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
ដ្បិតព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើម មនុស្សទុគ៌តមានទុក្ខវេទនាឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងគេដែរ កាលអ្នកនោះបានអំពាវនាវរកព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់។
ភ្នែកទូលបង្គំស្រវាំងដោយសារទុក្ខព្រួយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវរកព្រះអង្គរាល់ថ្ងៃ ទូលបង្គំបានប្រទូលដៃទៅរកព្រះអង្គ។
កូនចៅអើយ ដោយព្រោះអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀត ដូចស្ត្រីហៀបនឹងសម្រាលកូន រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា។
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ទូលបង្គំបានឃើញព្រះបន្ទូលព្រះអង្គ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ព្រះអង្គជាអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមព្រះអង្គ។
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ដ្បិតទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះ បង្កើតឲ្យមានការប្រែចិត្តដែលនាំទៅរកការសង្គ្រោះ ហើយមិនស្តាយក្រោយឡើយ តែទុក្ខព្រួយរបស់លោកីយ៍ នោះបង្កើតជាសេចក្តីស្លាប់វិញ។
នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
ព្រះអង្គបានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែ យើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។
បន្ទាប់មក លោកបន្តមានប្រសាសន៍ទៅគេថា៖ «ចូរនាំគ្នាទៅបរិភោគអាហារ ហើយផឹកស្រាឆ្ងាញ់ៗទៅ សូមយកខ្លះជូនអ្នកណាដែលគ្មានអ្វីរៀបចំឲ្យនោះផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខឡើយ ដ្បិតអំណររបស់ព្រះយេហូវ៉ា ជាកម្លាំងរបស់អ្នករាល់គ្នា»។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
យើង គឺយើងនេះហើយ ជាអ្នកដែលកម្សាន្តចិត្តអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្ស ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ?
ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
គ្មានអ្នកណានឹងអាចឈរនៅមុខអ្នកបានឡើយ គឺអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ យើងនឹងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនចាកចោលអ្នក ក៏មិនបោះបង់ចោលអ្នកដែរ។
ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។
ដ្បិតមនុស្សក្រីក្រមិនត្រូវគេភ្លេចរហូតទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ទោះបើព្រះអង្គធ្វើទុក្ខក៏ដោយ គង់តែព្រះអង្គនឹងអាណិតមេត្តា ដោយសេចក្ដីសប្បុរសដ៏បរិបូររបស់ព្រះអង្គដែរ ព្រះអង្គមិនសប្បាយព្រះហឫទ័យទេ ក្នុងការធ្វើទុក្ខ ឬឲ្យមនុស្សជាតិត្រូវវេទនានោះ។
ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថានឹងពន្លកឡើងទៀត ហើយថានឹងមិនខានមានមែកខ្ចីទៀតឡើយ។
មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ច ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ មនុស្សប្រគល់វិញ្ញាណទៅ តើគេនៅឯណា? ដូចជាទឹកបឹងដែលស្រក ហើយទឹកទន្លេក៏ហូរទៅ ហើយរីងស្ងួតយ៉ាងណា មនុស្សក៏ដេក ហើយមិនក្រោកឡើងយ៉ាងនោះដែរ រហូតដល់ផ្ទៃមេឃសូន្យបាត់ទៅ គេដេកលក់មិនភ្ញាក់ឡើងវិញឡើយ។ ឱបើព្រះអង្គលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់ សេចក្ដីក្រោធរបស់ព្រះអង្គកន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ ហើយនឹកចាំពីទូលបង្គំផង។ បើមនុស្សស្លាប់ទៅ តើនឹងមានជីវិត រស់ឡើងវិញម្ដងទៀតឬ? បើមាន ទូលបង្គំនឹងរង់ចាំអស់រវាង សង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំ បានរអិលចេញទៅ។ ព្រះអង្គនឹងហៅ ហើយទូលបង្គំនឹងទូលតប ព្រះអង្គនឹងមានបំណងព្រះហឫទ័យ ដល់ស្នាដៃដែលព្រះអង្គបានធ្វើ។ ដ្បិតយ៉ាងនោះ ព្រះអង្គនឹងមិនរាប់ អស់ទាំងជំហានរបស់ទូលបង្គំទេ ហើយក៏មិនត្រួតមើលអស់ទាំងអំពើបាប របស់ទូលបង្គំដែរ។ អំពើរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយព្រះអង្គបិទភ្ជាប់អំពើអាក្រក់ របស់ទូលបង្គំផង។ ឯភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទី ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅ ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចម្រោះដី គឺយ៉ាងនោះដែលព្រះអង្គបំផ្លាញ សេចក្ដីសង្ឃឹមរបស់មនុស្សទៅ គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
នេះហើយជាសេចក្ដីកម្សាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលព្រះអង្គប្រទាន ឲ្យទូលបង្គំមានជីវិត។
ចិត្តមនុស្សរមែងស្គាល់សេចក្ដីជូរចត់របស់ខ្លួន ឯមនុស្សដទៃនឹងទទួលចំណែក ក្នុងអំណររបស់ចិត្តនោះមិនបាន។
អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
ការដែលទូលបង្គំមានទុក្ខព្រួយ នោះជាការល្អដល់ទូលបង្គំ គឺដើម្បីឲ្យទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។ ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់បែបយ៉ាង ហើយសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។