ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។ ចូរទុកឲ្យចិត្តអំណត់នោះ បានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។
ដ្បិតការជាក់ស្តែងនេះ ទុកសម្រាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះ ហើយនៅគ្រានោះ នឹងមិនកុហកទេ ប្រសិនបើបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកពិត ឥតរារង់ឡើយ។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ារង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់អ្នករាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែព្រះអង្គនឹងចាំអ្នកលើកតម្កើងព្រះអង្គឡើង ដើម្បីឲ្យព្រះអង្គមានសេចក្ដីអាណិតមេត្តាដល់អ្នក ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំព្រះអង្គ
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ទូលបង្គំរង់ចាំព្រះយេហូវ៉ា ព្រលឹងទូលបង្គំរង់ចាំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះ យកបានទីក្រុងទៅទៀត។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ដ្បិតអ្នករាល់គ្នាត្រូវមានចិត្តស៊ូទ្រាំ ដើម្បីកាលណាអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះរួចហើយ អ្នករាល់គ្នានឹងទទួលបានតាមព្រះបន្ទូលសន្យា។
ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
ព្រះយេហូវ៉ាល្អដល់អស់អ្នកដែលរង់ចាំព្រះអង្គ គឺដល់ព្រលឹងអ្នកណាដែលស្វែងរកព្រះអង្គ។ បើមនុស្សសង្ឃឹម និងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ ចូរតាំងចិត្តឲ្យខ្ជាប់ខ្ជួន ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។
៙ ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់ ចូររង់ចាំដោយស្ងាត់ស្ញៀមចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ មកតែពីព្រះអង្គប៉ុណ្ណោះ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
សតិបញ្ញារបស់មនុស្សនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។
លោកមិនបានសង្ស័យចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺលោកកាន់តែមានជំនឿខ្លាំងឡើង ហើយថ្វាយសិរីល្អដល់ព្រះ
មើល៍! យើងរាប់អស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានពរ។ អ្នករាល់គ្នាបានឮពីការស៊ូទ្រាំរបស់លោកយ៉ូបហើយ ក៏បានឃើញថា នៅទីបំផុតព្រះអម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះគាត់ គឺទ្រង់មានព្រះហឫទ័យអាណិតអាសូរ និងមេត្ដាករុណាយ៉ាងពោរពេញ។
ព្រះយេហូវ៉ាជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងជ្រកនៅគ្រាលំបាក។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ
ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅអ្នក គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក ហើយលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់យើង នឹងមិនត្រូវខ្មាសឡើយ។
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ
ប៉ុន្តែ ព្រះអង្គស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាព្រះអង្គបានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស។
មើល៍ ភ្នែករបស់ពួកទាសា សម្លឹងមើលដៃចៅហ្វាយខ្លួន ហើយភ្នែករបស់ទាសីសម្លឹងមើលដៃ ចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏សម្លឹងមើលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ រហូតដល់ព្រះអង្គប្រោសមេត្តាដល់យើង។
អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។ ៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។ ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ ហើយជំហានរបស់គេមិនរអិលឡើយ។ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយសម្លាប់គេ។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ ក៏មិនឲ្យគេមានទោស នៅពេលត្រូវជំនុំជម្រះដែរ។ ៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។ យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។ ប៉ុន្ដែ គេទៅបាត់ ហើយមើល៍ គេមិននៅទៀតឡើយ ទោះបើយើងបានស្វែងរកគេ តែរកគេមិនឃើញសោះ។ ៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះ នឹងបានសុខសាន្ត។ រីឯមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ចុងបំផុតរបស់មនុស្សអាក្រក់ នឹងត្រូវកាត់ចេញ។ ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ការសង្គ្រោះរបស់ព្រះអង្គ ហើយទូលបង្គំប្រព្រឹត្តតាម បទបញ្ជារបស់ព្រះអង្គ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
ដ្បិតយើងបានសង្គ្រោះដោយសង្ឃឹម តែសង្ឃឹមដែលមើលឃើញ នោះមិនហៅថាសង្ឃឹមទេ ដ្បិតអ្វីដែលមើលឃើញហើយ តើសង្ឃឹមធ្វើអ្វីទៀត?
អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ព្រះអង្គ អ្នកនោះតែងជម្រះខ្លួនឲ្យបានស្អាត ដូចព្រះអង្គដែលស្អាតដែរ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
ឱព្រះយេហូវ៉ាអើយ យើងខ្ញុំបានរង់ចាំព្រះអង្គ នៅក្នុងផ្លូវនៃសេចក្ដីយុត្តិធម៌របស់ព្រះអង្គ ព្រលឹងយើងខ្ញុំប្រាថ្នានឹងថ្លែងព្រះនាមព្រះអង្គ គឺដល់សេចក្ដីដែលរំឭកពីព្រះអង្គ។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេ ដើម្បីបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។
តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកម្លាំងឡើយ ព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»។
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា?
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ដ្បិតបើអ្នករាល់គ្នាស៊ូទ្រាំរងទុក្ខលំបាក ហើយឈឺចាប់ដោយអំពើអយុត្តិធម៌ ព្រោះយល់ដល់ព្រះ នោះគួរសរសើរហើយ។ ត្រូវសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណវិញ ដូចទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចម្រើនឡើងដល់ការសង្គ្រោះ ប្រសិនបើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយដោយព្រោះបានប្រព្រឹត្តអំពើអាក្រក់ នោះតើមានកិត្តិយសអ្វី? តែបើអ្នករាល់គ្នាបានប្រព្រឹត្តត្រឹមត្រូវ ហើយស៊ូទ្រាំដោយព្រោះការនោះវិញ នោះទើបជាការគាប់ព្រះហឫទ័យនៅចំពោះព្រះ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
៙ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ព្រះអង្គ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ គឺព្រះអង្គហើយដែលនឹងឆ្លើយតប។
ដ្បិតដោយសារជំនឿ យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ។
ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីព្រះអង្គ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ព្រះអង្គឡើយ។
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
៙ ចូររង់ចាំព្រះយេហូវ៉ា ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ នោះព្រះអង្គនឹងលើកតម្កើងអ្នក ឲ្យគ្រប់គ្រងទឹកដីជាមត៌ក អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ
បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។
អស់អ្នកដែលមានចិត្តសង្ឃឹមដល់ព្រះអង្គ នឹងមិនត្រូវខ្មាសឡើយ គឺមានតែអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុប៉ុណ្ណោះ ដែលត្រូវខ្មាស។
ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្ដើយឡើយ គឺឲ្យត្រាប់តាមអស់អ្នកដែលទទួលបានព្រះបន្ទូលសន្យាទុកជាមត៌ក ដោយមានជំនឿ និងសេចក្ដីអត់ធ្មត់វិញ។
បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ព្រលឹងខ្ញុំបានពោលថា «ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះ ខ្ញុំនឹងសង្ឃឹមដល់ព្រះអង្គ»។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
កុំឲ្យថា «យើងនឹងសងសឹក» ចូររង់ចាំព្រះយេហូវ៉ាចុះ ព្រះអង្គនឹងជួយសង្គ្រោះឯងវិញ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ការបង្ហើយអ្វីៗ វិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ វិសេសជាងមានចិត្តអំនួតដែរ។
ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំទន្ទឹងរង់ចាំអ្វី? ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
យើងសង្ឃឹមដល់អ្នករាល់គ្នាយ៉ាងមុតមាំ ដោយដឹងថា អ្នករាល់គ្នារួមចំណែកក្នុងទុក្ខលំបាកជាមួយយើងយ៉ាងណា នោះអ្នករាល់គ្នាក៏នឹងរួមចំណែកក្នុងការកម្សាន្តចិត្តជាមួយយើងយ៉ាងនោះដែរ។
ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។
ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានរង់ចាំយ៉ាងអត់ធ្មត់ លោកក៏បានទទួលតាមសេចក្ដីសន្យានោះមែន។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូររង់ចាំយើង គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។ ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍ ដើម្បីប្រជុំអស់ទាំងនគរ ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។
សូមព្រះអម្ចាស់តម្រង់ចិត្តអ្នករាល់គ្នា ទៅរកសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទកុំបីខាន។
ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ព្រះអង្គឮសំឡេងរបស់ទូលបង្គំ នៅពេលព្រឹក ទូលបង្គំទូលរៀបរាប់ថ្វាយព្រះអង្គ ព្រមទាំងរក្សាពេលចាំយាមផង។
ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។