ជីវិតដ៏មានជ័យជំនះត្រូវបានព្រះយេស៊ូប្រទានឲ្យអ្នករួចហើយ តាមរយៈការបូជាលើឈើឆ្កាង។ ឥឡូវនេះ អ្នកត្រូវដើរលើមាគ៌ានៃជ័យជំនះនេះជារៀងរាល់ថ្ងៃ។
ចូរគិតថា តាមរយៈឈើឆ្កាង មារសាតាំងត្រូវបានចាញ់រួចទៅហើយ។ ការតស៊ូតែមួយគត់ដែលអ្នកត្រូវធ្វើគឺនៅក្នុងចិត្តរបស់អ្នកប៉ុណ្ណោះ។ ព្រះយេស៊ូបានប្រទានជ័យជំនះលើជំងឺ លើបញ្ហាគ្រួសារ លើកូនចៅ និងលើគ្រប់យុទ្ធសាស្ត្ររបស់សាតាំង។ ឥឡូវនេះ អ្នកគ្រាន់តែជឿថា អ្នកជាអ្នកមានជ័យជំនះ តាមរយៈព្រះលោហិតរបស់ព្រះគ្រីស្ទ។
រាល់ថ្ងៃ ចូរដើរដោយដឹងថា អ្នកមានជ័យជំនះរួចហើយ តាំងពីអ្នកទទួលយកព្រះយេស៊ូចូលក្នុងចិត្ត។ ព្រះលោហិតរបស់ទ្រង់ធ្វើឲ្យអ្នកជាអ្នកឈ្នះ ក្នុងគ្រប់កាលៈទេសៈទាំងអស់។
រាល់ព្រឹក ចូរចងចាំថា ទ្រង់មិនបានសុគតដើម្បីឲ្យអ្នករស់នៅក្នុងការបរាជ័យនោះទេ ប៉ុន្តែដើម្បីឲ្យអ្នកដើរពីជ័យជំនះមួយទៅជ័យជំនះមួយ ពីសិរីល្អមួយទៅសិរីល្អមួយ។
ចូរយកឧបសគ្គ និងការរារាំងទាំងអស់ទៅថ្វាយព្រះ។ ចូរប្រាប់ទ្រង់អំពីការសង្ស័យ និងការភ័យខ្លាចរបស់អ្នក។ ចូរទទួលយកកម្លាំងដែលវិញ្ញាណរបស់អ្នកត្រូវការ ដើម្បីឲ្យអ្នករឹងមាំក្នុងសេចក្តីជំនឿ ដោយដឹងថា ជ័យជំនះស្ថិតនៅក្នុងដៃរបស់អ្នក។
គ្មានទុក្ខលំបាកណាធំជាងព្រះដ៏បង្កើតផ្ទៃមេឃ និងផែនដីឡើយ។ ហើយទ្រង់ជាអ្នកកាន់ជីវិតរបស់អ្នកនៅក្នុងដៃរបស់ទ្រង់។
កុំប្រយុទ្ធដោយកម្លាំងខ្លួនឯង។ ចូរពឹងផ្អែកលើព្រះ ដែលជាអ្នកខ្លាំងពូកែ និងជាអ្នកចម្បាំង។ ទ្រង់គាំទ្រអ្នកនៅក្នុងគ្រាលំបាក ហើយទ្រង់មានបន្ទូលថា «កុំភ័យខ្លាចឡើយ ព្រោះយើងនៅជាមួយនឹងឯង»។
ចូរប្រយ័ត្នគំនិតរបស់អ្នក។ ចូរប្រយុទ្ធគ្រប់ការតស៊ូដោយព្រះបន្ទូលរបស់ព្រះ។ ចូរជឿអ្វីដែលព្រះវរបិតាមានបន្ទូលអំពីអ្នក។ កុំមើលអ្វីដែលព្រះយេស៊ូបានឈ្នះរួចហើយថា វាមិនអាចទៅរួច។ ចូរទុកចិត្តទាំងស្រុងថា ព្រះដ៏មានជ័យជំនះគង់នៅក្នុងអ្នក។ ហេតុដូច្នេះហើយ អ្នកមានជ័យជំនះលើគ្រប់ទុក្ខលំបាក និងគ្រប់តម្រូវការទាំងអស់។
តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គយាងទៅជាមួយអ្នក ដើម្បីច្បាំងនឹងខ្មាំងសត្រូវជំនួសអ្នក ហើយប្រទានឲ្យអ្នកមានជ័យជម្នះ"។
ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់ប្រាំពីរដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទម្លាក់ ទៅក្នុងសេចក្ដីអន្តរាយវិញ។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។
ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។
៙ ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ សូមសង្គ្រោះយើងខ្ញុំ! ឱព្រះយេហូវ៉ាអើយ យើងខ្ញុំទូលអង្វរព្រះអង្គ សូមប្រទានឲ្យយើងខ្ញុំមានជោគជ័យ! ៙ សូមឲ្យព្រះអង្គដែលយាងមកក្នុងព្រះនាម ព្រះយេហូវ៉ា បានប្រកបដោយព្រះពរ! យើងសូមឲ្យពរអ្នករាល់គ្នា ពីក្នុងដំណាក់របស់ព្រះយេហូវ៉ា។
ប៉ុន្តែ លោកអេលាសារ និងព្រះបាទដាវីឌបានឈរនៅកណ្ដាលស្រែ ហើយបានការពារ ព្រមទាំងសម្លាប់ពួកភីលីស្ទីនអស់ ព្រះយេហូវ៉ាបានជួយសង្គ្រោះគេ ដោយជ័យជម្នះយ៉ាងធំ។
ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងប្រជារាស្ត្រព្រះអង្គ ព្រះអង្គតាក់តែងមនុស្សរាបសា ដោយការសង្គ្រោះ។
ឱព្រះយេហូវ៉ាអើយ ព្រះរាជាត្រេកអរណាស់ ចំពោះឫទ្ធានុភាពរបស់ព្រះអង្គ ហើយព្រះរាជារីករាយជាខ្លាំង ចំពោះការសង្គ្រោះរបស់ព្រះអង្គ!
បន្ទាប់មក លោកម៉ូសេ និងកូនចៅអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា៖ «ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានផ្តួល ទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដោយសារព្រះនាមព្រះអង្គ យើងខ្ញុំបានច្រានផ្ដួលសត្រូវ ដោយសារព្រះនាមព្រះអង្គ យើងជាន់ឈ្លីពួកអ្នកដែលលើកគ្នា ទាស់នឹងយើងខ្ញុំ។
ព្រះអង្គបានប្រទានខែលនៃការសង្គ្រោះ របស់ព្រះអង្គមកទូលបង្គំ ព្រះហស្តស្តាំរបស់ព្រះអង្គបានទ្រទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ព្រះអង្គ ធ្វើឲ្យទូលបង្គំបានជាធំ។
ដាវីឌឆ្លើយតបទៅវិញថា៖ «ចំណែកឯង មកជួបយើងទាំងកាន់ដាវកាន់លំពែង និងដែកពួយផង តែយើងវិញ មកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯងមកក្នុងកណ្ដាប់ដៃរបស់យើងហើយ យើងនឹងវាយឯង ហើយកាត់ក្បាលឯងយកទៅនៅថ្ងៃនេះ យើងនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត
រួចលោកពោលថា៖ «ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយេហូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តចំពោះពួកមនុស្សច្រើននេះដែរ ដ្បិតចម្បាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះ។
ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។
អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។ អ្នកទាំងនោះនឹងរំលំ ហើយដួលចុះ តែយើងនឹងក្រោកឈរយ៉ាងមាំ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ដ្បិតដោយសារព្រះអង្គ ទូលបង្គំអាចប្រហារសត្រូវទាំងកង ហើយដោយសារព្រះនៃទូលបង្គំ ទូលបង្គំអាចលោត រំលងកំផែងបាន។
គេត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជម្នះ នោះស្រេចនៅព្រះយេហូវ៉ាទេ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
ព្រះនៃសេចក្តីសុខសាន្តនឹងកម្ទេចអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។
ដោយសារជំនឿ អ្នកទាំងនោះបានច្បាំងឈ្នះនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។ ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាមិនសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា គឺព្រះអង្គនឹងប្រគល់អ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃរបស់យើង»។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
៙ នៅក្នុងជំរំរបស់មនុស្សសុចរិត មានចម្រៀងយ៉ាងសប្បាយរីករាយ អំពីការសង្គ្រោះ គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ
គ្រានោះ អ្នកនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយយើងនឹងបញ្ជិះអ្នកនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមអ្នកដោយមត៌ករបស់យ៉ាកុប ជាបុព្វបុរសអ្នក ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនពន្លត់ប្រឆេះដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំសេចក្តីយុត្តិធម៌ឲ្យមានជ័យជម្នះ
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ឱស្ត្រីអារដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង មានច្រើនជាងកូនរបស់ស្ត្រី ដែលមានប្តីទៅទៀត។
ចំណែកដាវីឌ លោកច្របូកច្របល់ក្នុងចិត្តណាស់ ដ្បិតពួកអ្នកដែលនៅជាមួយលោក គេចង់យកដុំថ្មគប់លោក ព្រោះគ្រប់គ្នាមានការឈឺចាប់ក្នុងចិត្តជាខ្លាំង ដោយសារកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានលើកទឹកចិត្តខ្លួនឯង ដោយនូវព្រះយេហូវ៉ាជាព្រះរបស់លោកវិញ។
អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។ ចិត្តគេនឹងន គេនឹងមិនភ័យខ្លាចអ្វីឡើយ រហូតទាល់តែបានជ័យជម្នះ លើខ្មាំងសត្រូវរបស់គេ។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម
យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លច្រក ត្រូវវិលវល់ តែមិនអស់សង្ឃឹម យើងត្រូវគេបៀតបៀន តែមិនត្រូវបោះបង់ចោលឡើយ ត្រូវគេវាយឲ្យដួល តែមិនស្លាប់ទេ
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំស្រឡាញ់ព្រះអង្គ។ ព្រះអង្គគង់លើចេរូប៊ីម ហើយហោះមក ព្រះអង្គហោះសំកាំងនៅលើខ្យល់។ ព្រះអង្គបានយកភាពងងឹតធ្វើជាទីបាំងអង្គទ្រង់ ជាពន្លានៅព័ទ្ធជុំវិញ ជាពពកខ្មៅក្រាស់ពេញដោយទឹក។ ឯពន្លឺភ្លឺនៅចំពោះព្រះអង្គ មានព្រឹល និងរងើកភ្លើង ចេញមកតាមពពករបស់ព្រះអង្គ។ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ព្រះអង្គបន្លឺព្រះសូរសៀង ព្រមទាំងព្រឹល និងរងើកភ្លើង។ ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។ ពេលនោះ បាតសមុទ្រក៏លេចឲ្យឃើញ ហើយគ្រឹះផែនដីលេចចេញមក ដោយព្រះអង្គបន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយខ្យល់គំហុក ចេញមកពីព្រះនាសាព្រះអង្គ។ ៙ ព្រះអង្គបានលូកព្រះហស្ដពីលើស្ថានដ៏ខ្ពស់ មកចាប់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញពីទឹកធំ ព្រះអង្គបានរំដោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែ ហើយពីអស់អ្នកដែលស្អប់ខ្ញុំដែរ ដ្បិតគេមានកម្លាំងជាងខ្ញុំ។ នៅថ្ងៃដែលខ្ញុំមានទុក្ខវេទនា គេនាំគ្នាសង្ខុញ មកលើខ្ញុំ ប៉ុន្តែ ព្រះយេហូវ៉ាជាជំនួយរបស់ខ្ញុំ។ ព្រះអង្គបាននាំខ្ញុំចេញទៅឯទីធំទូលាយ ព្រះអង្គរំដោះខ្ញុំ ដ្បិតព្រះអង្គរីករាយនឹងខ្ញុំ។ ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។ ៙ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានសងខ្ញុំ តាមអំពើបរិសុទ្ធដែលដៃខ្ញុំធ្វើ។ ដ្បិតខ្ញុំបានកាន់តាម អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា ហើយមិនបានថយចេញពីព្រះនៃខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់ឡើយ។ ដ្បិតអស់ទាំងវិន័យរបស់ព្រះអង្គ នៅចំពោះមុខខ្ញុំ ហើយខ្ញុំមិនបានងាកចេញពីបញ្ញត្តិ របស់ព្រះអង្គទេ។ ខ្ញុំគ្មានសៅហ្មងនៅចំពោះព្រះអង្គ ហើយខ្ញុំបានរក្សាខ្លួនមិនឲ្យមានកំហុសឡើយ។ ហេតុនេះ ព្រះយេហូវ៉ាបានប្រទានរង្វាន់ដល់ខ្ញុំ តាមអំពើសុចរិតរបស់ខ្ញុំ គឺតាមអំពើបរិសុទ្ធ ដែលដៃខ្ញុំធ្វើ នៅចំពោះព្រះនេត្រព្រះអង្គ។ ៙ ចំពោះអ្នកដែលមានចិត្តមេត្តា ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកមានចិត្តមេត្តា ចំពោះអ្នកដែលមានចិត្តស្មោះស ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកមានចិត្តស្មោះស ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកបរិសុទ្ធ ហើយចំពោះអ្នកដែលមានចិត្តវៀចវេរ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកទាស់ប្រឆាំង។ ដ្បិតព្រះអង្គសង្គ្រោះមនុស្សរាបសា តែមនុស្សឆ្មើងឆ្មៃ ព្រះអង្គបន្ទាបគេចុះ។ ដ្បិតព្រះអង្គអុជប្រទីបទូលបង្គំឲ្យភ្លឺឡើង ព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ ព្រះអង្គបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។ ដ្បិតដោយសារព្រះអង្គ ទូលបង្គំអាចប្រហារសត្រូវទាំងកង ហើយដោយសារព្រះនៃទូលបង្គំ ទូលបង្គំអាចលោត រំលងកំផែងបាន។ ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ដែលព្រះអង្គស័ក្ដិសមនឹងលើកសរសើរ យ៉ាងនោះខ្ញុំនឹងបានសង្គ្រោះ រួចពីពួកខ្មាំងសត្រូវរបស់ខ្ញុំ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យផែនដីបានត្រេកអរ ចូរឲ្យកោះជាច្រើនរីករាយឡើង!
ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ជាព្រះចេស្តាដែលព្រះអង្គបានសម្ដែងចេញ ដោយប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយតាំងឲ្យគង់ខាងស្តាំព្រះអង្គនៅស្ថានសួគ៌
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច! ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំ តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំគ្រប់ទិស តែក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា ក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែព្រះយេហូវ៉ាបានជួយខ្ញុំ។ ព្រះយេហូវ៉ា ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។ ៙ នៅក្នុងជំរំរបស់មនុស្សសុចរិត មានចម្រៀងយ៉ាងសប្បាយរីករាយ អំពីការសង្គ្រោះ គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ! ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។ ព្រះយេហូវ៉ា បានវាយផ្ចាលខ្ញុំយ៉ាងខ្លាំង តែមិនបានបណ្ដោយឲ្យខ្ញុំស្លាប់ទេ។ ៙ សូមបើកទ្វារនៃសេចក្ដីសុចរិតឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា ។ ៙ ចូរឲ្យសាសន៍អ៊ីស្រាអែលពោលថា៖ «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច»។
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង
តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកម្លាំងឡើយ ព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់»។
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
ព្រះអង្គបានបើកឲ្យមនុស្សជិះលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង និងឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំ ចេញមកកន្លែងដែលមានបរិបូរ។
ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
ការសង្គ្រោះជារបស់ព្រះយេហូវ៉ា សូមព្រះអង្គប្រទានពរប្រជារាស្ត្រ របស់ព្រះអង្គផង! -បង្អង់
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ ធនធាន និងទ្រព្យសម្បត្តិស្ថិតនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះ នៅជាប់ជាដរាប។
ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។ ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តរបស់ព្រះអង្គមានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយព្រះអង្គមានអំណាចនឹងលើកជាធំ ប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។
ដ្បិតអ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ព្រោះព្រះយេហូវ៉ានឹងយាងនាំមុខអ្នក ហើយព្រះនៃសាសន៍អ៊ីស្រាអែលនឹងការពារអ្នក។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅពេលបច្ចុប្បន្ននេះ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលត្រូវបើកសម្ដែងឲ្យយើងឃើញបានឡើយ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ព្រះយេហូវ៉ា ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ [ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី ដែលព្រះអង្គមានព្រះបន្ទូល ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ ដែលព្រះអង្គធ្វើ។ ]
តើអ្នកណាដែលឈ្នះលោកីយ៍នេះ? គឺមានតែអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះប៉ុណ្ណោះ។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
៙ តើទូលបង្គំនឹងទៅឯណា ឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន? តើទូលបង្គំនឹងរត់ទៅឯណា ឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន?
ដ្បិតទោះជាយើងរស់នៅខាងសាច់ឈាមក៏ដោយ ក៏យើងមិនតយុទ្ធតាមសាច់ឈាមដែរ ដ្បិតគ្រឿងសស្ត្រាវុធរបស់យើង មិនមែនខាងសាច់ឈាមទេ គឺជាអាវុធដ៏មានចេស្ដាមកពីព្រះ ដែលអាចនឹងរំលំទីមាំមួននានា ហើយរំលំអស់ទាំងគំនិតដែលរិះគិត
ឱសូមប្រោសប្រទានជំនួយឲ្យយើងខ្ញុំ ទាស់នឹងពួកសត្រូវផង ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។ ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។
គ្មានស្តេចណាបានសង្គ្រោះ ដោយសារមានទ័ពច្រើននោះឡើយ ហើយមនុស្សខ្លាំងពូកែ ក៏មិនបានរួច ដោយសារខ្លួនមានកម្លាំងខ្លាំងនោះដែរ។ សេះចម្បាំង មិនមែនជាទីសង្ឃឹម ឲ្យមានជ័យជម្នះឡើយ ក៏មិនអាចសង្គ្រោះដោយសារកម្លាំងដ៏ខ្លាំង របស់វាបានដែរ។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
តែសូមឲ្យអស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ បានរីករាយឡើង សូមឲ្យគេច្រៀងដោយអំណរ សូមព្រះអង្គរក្សាការពារគេ ហើយសូមឲ្យអស់អ្នក ដែលស្រឡាញ់ដល់ព្រះនាមព្រះអង្គ បានត្រេកអរក្នុងព្រះអង្គ។