រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉្យាងដ៏ល្អិត នោះអ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា "ចូររើចេញពីទីនេះ ទៅទីនោះទៅ!" នោះវានឹងរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះឡើយ។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿដោយឥតឃើញសោះ!»។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចដូច្នេះឬ? គ្រប់ការទាំងអស់អាចសម្រេចបានដល់អ្នកណាដែលជឿ»។
អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំទាំងមានជំនឿ អ្នករាល់គ្នានឹងបានទទួល»។
ប៉ុន្ដែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬ?»
អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ប្រសិនបើទូលបង្គំមិនបានជឿថា នឹងឃើញសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នៅក្នុងទឹកដីរបស់មនុស្សរស់នេះ នោះតើទូលបង្គំនឹងទៅជាយ៉ាងណា? ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ទោះបើអ្នករាល់គ្នាមិនបានឃើញព្រះអង្គ តែអ្នករាល់គ្នាស្រឡាញ់ព្រះអង្គ ហើយសូម្បីតែឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញព្រះអង្គ ក៏អ្នករាល់គ្នាជឿដល់ព្រះអង្គ ហើយត្រេកអរដោយអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដ្បិតអ្នករាល់គ្នាកំពុងទទួលផលពីជំនឿរបស់អ្នករាល់គ្នា គឺការសង្គ្រោះដល់ព្រលឹង។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។ ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម រហូតមកដល់លោកម៉ូសេ សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ សូម្បីតែពួកអ្នកដែលមិនបានធ្វើបាប ដូចជាអំពើរំលងរបស់លោកអ័ដាមក៏ដោយ ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។ ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ដ្បិត ដូចដែលមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារការមិនស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។ តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមករកខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។ ដ្បិតអស់អ្នកណាដែលសូម នោះនឹងបានទទួល អ្នកណាដែលរក នោះនឹងបានឃើញ ក៏នឹងបើកឲ្យអ្នកណាដែលគោះដែរ។
«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។
ហេតុនេះ យើងមិនរសាយចិត្តឡើយ ទោះបើមនុស្សខាងក្រៅរបស់យើងកំពុងតែពុករលួយទៅក៏ដោយ តែមនុស្សខាងក្នុងកំពុងតែកែឡើងជាថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះយើងមិនចាប់អារម្មណ៍នឹងអ្វីដែលមើលឃើញឡើយ គឺចាប់អារម្មណ៍នឹងអ្វីដែលមើលមិនឃើញវិញ ដ្បិតអ្វីដែលមើលឃើញ នៅស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែអ្វីដែលមើលមិនឃើញ នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។
ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះដែរ ហើយចៀមទាំងនោះមកតាមខ្ញុំ។ ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនត្រូវវិនាសឡើយ ក៏គ្មានអ្នកណាឆក់យកគេពីដៃខ្ញុំបានដែរ។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។ កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។ ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។ ព្រះអង្គតែមួយប៉ុណ្ណោះដែលជាថ្មដា និងជាព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើជាខ្លាំងឡើយ។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអំណត់ កុំក្តៅចិត្តនឹងអ្នក ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ ហើយនឹងមនុស្សដែលសម្រេចបាន តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។ ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សណ្ឋិតលើយើងខ្ញុំ ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គហើយ ដោយការជ្រមុជទៅក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អរបស់ព្រះវរបិតាដែរ។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្តទូលបង្គំផង! សូមល្បងមើលទូលបង្គំ ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។ សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
«កុំខ្លាច ហ្វូង តូចអើយ ព្រោះព្រះវរបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យនឹងប្រទានព្រះរាជ្យមកអ្នករាល់គ្នាហើយ។
លោកមិនបានសង្ស័យចំពោះសេចក្តីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺលោកកាន់តែមានជំនឿខ្លាំងឡើង ហើយថ្វាយសិរីល្អដល់ព្រះ ដោយជឿជាក់អស់ពីចិត្តថា បើព្រះបានសន្យាធ្វើអ្វី នោះព្រះអង្គអាចនឹងសម្រេចបានមិនខាន។
ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់។
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ
ប្រសិនបើយើងកាន់ខ្ជាប់តាមចិត្តជឿជាក់ដែលយើងមានតាំងពីដំបូង រហូតដល់ចុងបំផុតមែន នោះយើងពិតជាមានចំណែកជាមួយព្រះគ្រីស្ទហើយ
«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬផឹកអ្វីនោះឡើយ ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះដែរ។ តើជីវិតមិនវិសេសជាងម្ហូបអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ? ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ? ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់អាចនឹងបន្ថែមអាយុរបស់ខ្លួនមួយម៉ោង ដោយសារសេចក្តីខ្វល់ខ្វាយបានឬ?
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។ «ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!» ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់ ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ ទោះបើទឹកសមុទ្រគ្រហឹម ហើយពុះកញ្រ្ជោល ទោះបើភ្នំទាំងឡាយត្រូវកក្រើកញ័រ ដោយរលកដោលឡើងក្ដី។ –បង្អង់
ដ្បិតនៅក្នុងដំណឹងល្អនេះ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងមក តាមរយៈជំនឿ សម្រាប់ជំនឿ ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។
ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
៙ ឱប្រជាជនទាំងឡាយអើយ ចូរលើកតម្កើងព្រះនៃយើង សូមបន្លឺសំឡេងសរសើរតម្កើងព្រះអង្គឡើង ព្រះអង្គហើយដែលរក្សាព្រលឹងយើង ក្នុងចំណោមមនុស្សរស់ ក៏មិនឲ្យជើងយើងរអិលភ្លាត់ឡើយ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាដែលមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងទីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ»។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
មនុស្សអាក្រក់ត្រូវរងទុក្ខវេទនាជាច្រើន តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះព្រះហឫទ័យសប្បុរស របស់ព្រះអង្គព័ទ្ធជុំវិញ។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!»
ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ
គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ ព្រះអង្គធ្វើឲ្យព្យុះសង្ឃរានៅស្ងៀម ហើយធ្វើឲ្យរលកសមុទ្រស្ងប់។ ហើយបានប្រមូលមកពីស្រុកទាំងប៉ុន្មាន គឺពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង និងពីទិសខាងត្បូង ។ ពេលនោះ គេមានចិត្តរីករាយ ដោយព្រោះរលកស្ងប់ ហើយព្រះអង្គក៏នាំគេទៅដល់ជម្រក ដែលគេប្រាថ្នាចង់ទៅ។
ប្រសិនបើអ្នករាល់គ្នាពិតជាបានចាក់គ្រឹះ ហើយមាំមួននៅក្នុងជំនឿ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ។ ឯខ្ញុំ ប៉ុល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះ។
ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ តាំងពីក្មេងមក។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
ដោយនឹកចាំនៅចំពោះព្រះជាព្រះវរបិតារបស់យើង ពីកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ពីការនឿយហត់ដែលអ្នករាល់គ្នាធ្វើដោយសេចក្ដីស្រឡាញ់ និងពីសេចក្ដីសង្ឃឹមយ៉ាងខ្ជាប់ខ្ជួនដែលអ្នករាល់គ្នាមាន ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
នេះហើយព្រះ គឺព្រះអង្គជាព្រះរបស់យើង អស់កល្បជានិច្ច ព្រះអង្គនឹងធ្វើជាអ្នកនាំមុខយើង ជារៀងរហូតតទៅ។
អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។ ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។
អ្នកណាដែលរកបានជីវិតរបស់ខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិតរបស់ខ្លួន ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ»។
លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ និងឲ្យគេបានឃើញខ្ញុំនៅក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រឹត្យវិន័យនោះទេ តែដោយសារជំនឿដល់ព្រះគ្រីស្ទ គឺជាសេចក្តីសុចរិតដែលមកពីព្រះ ដោយសារជំនឿ។
ព្រះអង្គនឹងប្រោសព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម ដោយសុខសាន្ត ដ្បិតមានមនុស្សជាច្រើនលើកគ្នាទាស់ខ្ញុំ។
ទោះបើអ្នករាល់គ្នាមិនបានឃើញព្រះអង្គ តែអ្នករាល់គ្នាស្រឡាញ់ព្រះអង្គ ហើយសូម្បីតែឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញព្រះអង្គ ក៏អ្នករាល់គ្នាជឿដល់ព្រះអង្គ ហើយត្រេកអរដោយអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន
ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយព្រះអង្គនឹងប្រទានព្រះជាជំនួយមួយអង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយជារៀងរហូត គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលមិនបាន ព្រោះមិនឃើញ ក៏មិនស្គាល់ព្រះអង្គផង តែអ្នករាល់គ្នាស្គាល់ ដ្បិតព្រះអង្គគង់ជាមួយ ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបជាមួយព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
៙ ដ្បិតព្រះយេហូវ៉ាល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។