អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ព្រះអង្គ ចូររកព្រះភក្ត្រព្រះអង្គជានិច្ច
ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។
នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដ្បិតគ្រឿងសស្ត្រាវុធរបស់យើង មិនមែនខាងសាច់ឈាមទេ គឺជាអាវុធដ៏មានចេស្ដាមកពីព្រះ ដែលអាចនឹងរំលំទីមាំមួននានា ហើយរំលំអស់ទាំងគំនិតដែលរិះគិត
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្ដីសុខ។
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។ ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។
ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។
អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចម្បាំងនេះទេ គ្រាន់តែតម្រៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ព្រោះព្រះយេហូវ៉ាគង់នៅជាមួយអ្នករាល់គ្នាហើយ»។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉្យាងដ៏ល្អិត នោះអ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា "ចូររើចេញពីទីនេះ ទៅទីនោះទៅ!" នោះវានឹងរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះឡើយ។
ខ្ញុំមិនខ្លាចមនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ដូច្នេះ ជំនឿកើតឡើងដោយសេចក្ដីដែលបានឮ ហើយសេចក្ដីដែលបានឮនោះ គឺដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ទ ។
នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើអ្នករាល់គ្នាមានជំនឿ ហើយមិនសង្ស័យ អ្នករាល់គ្នាអាចធ្វើបាន មិនត្រឹមតែអ្វីដែលបានកើតឡើងដល់ដើមល្វាប៉ុណ្ណោះ តែទោះបើអ្នកនិយាយទៅភ្នំនេះថា "ចូររើចេញ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ" នោះនឹងបានសម្រេចដូច្នោះមិនខាន។
អ្នកនោះនឹងមិនខ្លាចដំណឹងអាក្រក់ឡើយ គេមានចិត្តរឹងប៉ឹង ដោយទុកចិត្តដល់ព្រះយេហូវ៉ា។
ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។
យើងដឹងថា អស់អ្នកដែលកើតមកពីព្រះ មិនធ្វើបាបទៀតឡើយ គឺព្រះអង្គដែលកើតមកពីព្រះ ទ្រង់ការពារអ្នកនោះ ហើយមេកំណាចមិនអាចប៉ះអ្នកនោះបានឡើយ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
មើល៍! ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជាន់ទាំងពស់ និងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអាចដូច្នេះឬ? គ្រប់ការទាំងអស់អាចសម្រេចបានដល់អ្នកណាដែលជឿ»។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំខ្លាចអី!»
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ សុទ្ធតែបរិសុទ្ធ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយឲ្យអ្នករួច»។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
ទោះបើមានពលទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចឡើយ ទោះបើមានចម្បាំងកើតឡើងទាស់នឹងខ្ញុំ ក៏ខ្ញុំនៅតែមានសង្ឃឹមដែរ។
ព្រះយេហូវ៉ាល្អ ព្រះអង្គជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកព្រះអង្គជាទីពឹង។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ដាវីឌក៏ទូលទៀតថា៖ «ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ»។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរទៅចុះ សូមព្រះយេហូវ៉ាគង់ជាមួយឯង»។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
ព្រះអង្គជាទីពួនជ្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំ ឲ្យរួចពីទុក្ខលំបាក ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយចម្រៀងជ័យជម្នះ។ –បង្អង់
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
ដូច្នេះ ត្រូវឲ្យអស់អ្នកដែលរងទុក្ខលំបាកតាមព្រះហឫទ័យរបស់ព្រះ ផ្ញើព្រលឹងរបស់ខ្លួនទុកនឹងព្រះអាទិករ ដែលមានព្រះហឫទ័យស្មោះត្រង់ ទាំងប្រព្រឹត្តអំពើល្អចុះ។
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
ផ្លូវរបស់ព្រះសុទ្ធតែគ្រប់លក្ខណ៍ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានសាកមើលដែរ ព្រះអង្គជាខែលដល់អស់អ្នកណា ដែលជ្រកក្នុងព្រះអង្គ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ឯព្រះ ផ្លូវរបស់ព្រះអង្គគ្រប់លក្ខណ៍ ព្រះបន្ទូលនៃព្រះយេហូវ៉ានោះពិតហើយ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំព្រះអង្គ សូមព្រះអង្គការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ។
តើអ្នករាល់គ្នាគិតបង្កើតគម្រោងការអ្វី ទាស់នឹងព្រះយេហូវ៉ា? ព្រះអង្គនឹងធ្វើឲ្យគេវិនាសអស់រលីង មិនឲ្យគេធ្វើទុក្ខជាលើកទីពីរទេ។
មិនត្រូវខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងច្បាំងជំនួសអ្នក"»។
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។
គឺសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា មិនចេះចប់ សេចក្ដីមេត្តាករុណារបស់ព្រះអង្គមិនចេះផុត សេចក្ដីទាំងនោះ ចេះតែថ្មីរៀងរាល់ព្រឹក សេចក្ដីស្មោះត្រង់របស់ព្រះអង្គធំណាស់។
លោកឆ្លើយតបថា៖ «កុំខ្លាចអី ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយអ្នករាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងជួយអ្នក ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គជាអ្នកប្រោសលោះអ្នក។
ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។
ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមកលើមនុស្សសុចរិត ហើយទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់គេ ប៉ុន្តែ ព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់ទទឹងនឹងអស់អ្នកដែលប្រព្រឹត្តអាក្រក់» ។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
រីឯមនុស្សសុចរិតរបស់យើង គេនឹងរស់នៅដោយសារជំនឿ តែបើអ្នកណាដកថយទៅវិញ ចិត្តយើងគ្មានអំណរនឹងអ្នកនោះឡើយ» ។
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ