មិនថាយើងរៀបការបានយូរប៉ុណ្ណាក៏ដោយ ការអធិស្ឋានឲ្យគ្នាទៅវិញទៅមកនៅតែសំខាន់ណាស់។ តាមរយៈការអធិស្ឋាន អ្វីៗទាំងអស់អាចបានប្ដូរផ្លាស់ និងកែលម្អ។ កម្លាំងមនុស្សមិនអាចធ្វើបានដូច្នេះទេ មានតែព្រះវិញ្ញាណបរិសុទ្ធទេដែលអាចប្រទានជីវិតបាន។ ពេលអ្នកអធិស្ឋានឲ្យប្ដីរបស់អ្នក អ្នកកំពុងតែទាក់ទងជាមួយនឹងអ្នកបង្កើតជីវិតរបស់គាត់ ដែលមានផែនការដ៏រុងរឿងសម្រាប់គាត់ និងដឹងពីតម្រូវការរបស់គាត់។ បញ្ហាអ្វីក៏ដោយនឹងអាចរកដំណោះស្រាយបាន ប្រសិនបើអ្នកអធិស្ឋានទូលសូមព្រះយេស៊ូវអន្តរាគមន៍។
វាសំខាន់ណាស់ក្នុងការអង្វរ និងស្វែងរកព្រះពរពីព្រះអម្ចាស់សម្រាប់ប្ដីរបស់អ្នកជារៀងរាល់ថ្ងៃ។ មួយថ្ងៃដែលគ្មានការអធិស្ឋាន គឺដូចជាមួយថ្ងៃដែលគ្មានទឹកផឹក។ ការអធិស្ឋានគឺចាំបាច់ណាស់។ អ្នកត្រូវក្លាយជាអ្នកចម្បាំង ក្លាហានឈរនៅចន្លោះ និងការពារជីវិតបុរសរបស់ព្រះ។ អធិស្ឋានសូមឲ្យព្រះជួយគាត់ ឲ្យគាត់មានកម្លាំងចិត្ត ឲ្យគាត់ប្រគល់ខ្លួនបម្រើព្រះ ឲ្យគាត់ស្រឡាញ់ព្រះបន្ទូល ឲ្យគាត់ទទួលបានជោគជ័យក្នុងគោលដៅរបស់គាត់ ឲ្យគាត់រួចផុតពីការល្បួង ឲ្យគាត់ក្លាយជាសាក្សីដ៏ល្អ ឲ្យព្រះដឹកនាំគ្រប់ជំហានរបស់គាត់ ឲ្យជំនឿរបស់គាត់មិនរលាយ និងឲ្យគាត់ទទួលបានជ័យជំនះ។ សូមឲ្យព្រះប្រទានពរដល់គាត់គ្រប់ពេលវេលា ព្រោះមានអំណាចពិសេសនៅក្នុងការអធិស្ឋានរបស់ភរិយា។
ការអធិស្ឋានរបស់អ្នកនឹងមិនត្រូវបានមើលរំលងឡើយ។ ចូរក្លាយជាផ្លូវឲ្យព្រះបន្ទូលរបស់ព្រះហូរចូល។ អធិស្ឋានសូមឲ្យព្រះប្រទានសុខភាព និងកម្លាំងដល់រូបកាយរបស់គាត់ សូមឲ្យគាត់ជួបនឹងព្រះយេស៊ូវជារៀងរាល់ថ្ងៃ និងស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះ។ កុំឈប់អធិស្ឋានឲ្យសោះ។ ទោះបីជាដំបូងឡើយអ្នកមិនឃើញការផ្លាស់ប្ដូរក៏ដោយ ត្រូវជឿជាក់ថាវានឹងកើតឡើងនៅពេលវេលារបស់ព្រះ។ ព្រះកំពុងតែលើកស្ត្រីៗដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បីនាំព្រះហឫទ័យរបស់ទ្រង់មកកាន់ផែនដី ហើយអ្នកគឺជាផ្នែកមួយនៃកងទ័ពដ៏ធំនោះ។ សូមរក្សាខ្លួននៅក្នុងព្រះវិញ្ញាណ ជឿជាក់លើអ្វីដែលព្រះយេស៊ូវមានបន្ទូលអំពីគ្រួសាររបស់អ្នក សម្រាកនៅក្នុងព្រះហស្តរបស់ទ្រង់។
ចូរចាំថាអ្នកជាស្ត្រីដ៏ឈ្លាសវៃ ស្មោះត្រង់ គ្មានលក្ខខណ្ឌ ជាជំនួយការដ៏ស័ក្តិសមរបស់ប្ដី ហើយគ្មាននរណាល្អជាងអ្នកក្នុងការអធិស្ឋានឲ្យគាត់ឡើយ។ អ្នកមានសេចក្ដីស្រឡាញ់ និងសមត្ថភាពក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់ព្រះដ៏មានឫទ្ធានុភាព និងឃើញសិរីល្អរបស់ទ្រង់។
រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។
អ្នកណាដែលរកបានប្រពន្ធ ឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណ របស់ព្រះយេហូវ៉ាដែរ។
ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។
ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់ តែធ្វើឲ្យសមជាស្ត្រី ដែលប្រកាសខ្លួនថាជាអ្នកគោរពប្រតិបត្តិដល់ព្រះ គឺដោយការប្រព្រឹត្តអំពើល្អវិញ។ ត្រូវឲ្យស្ត្រីៗរៀនដោយស្ងាត់ស្ងៀម ទាំងចុះចូលគ្រប់ជំពូក។ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬប្រើអំណាចលើបុរសឡើយ ត្រូវឲ្យនាងនៅស្ងាត់ស្ងៀមវិញ។ ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ មិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្ត្រីទេតើដែលចាញ់បញ្ឆោត ហើយបានត្រឡប់ជាអ្នកប្រព្រឹត្តរំលង។ ក៏ប៉ុន្ដែ ប្រសិនបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងកិរិយាបរិសុទ្ធ ទាំងមានគំនិតមារយាទត្រឹមត្រូវ នាងនឹងបានសង្គ្រោះតាមរយៈការបង្កើតកូន។ សម្រាប់ស្តេច និងអ្នកកាន់អំណាចទាំងប៉ុន្មានផង ដើម្បីឲ្យយើងបានរស់នៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ទាំងគោរពប្រតិបត្តិដល់ព្រះ ហើយមានជីវិតថ្លៃថ្នូរគ្រប់ជំពូក។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។ គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។
ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។
ពេលទូលបង្គំភ័យខ្លាច ទូលបង្គំទុកចិត្តដល់ព្រះអង្គ។ ៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកព្រះអង្គ ហើយព្រះអង្គប្រោសឲ្យទូលបង្គំបានជា។
នាងមានកម្លាំងនឹងលម្អជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណា ដែលកើតបាននៅខាងមុខ។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ពួកល្ងីល្ងើសម្ដែងចេញ អស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរម្ងាប់ចេញវិញ។
ខ្ញុំក៏អធិស្ឋានសូមការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង មានចំណេះដឹង និងយល់គ្រប់សព្វទាំងអស់
សូមបង្រៀនទូលបង្គំឲ្យធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបងំ្គ! សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ ដឹកនាំទូលបង្គំឲ្យដើរនៅលើដីរាបស្មើ!
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ព្រះអង្គបានកត់ត្រាទុកអស់ការសាត់អណ្តែត របស់ទូលបង្គំ ក៏ដាក់ទឹកភ្នែកទូលបង្គំទុកក្នុងដបរបស់ព្រះអង្គ តើទឹកភ្នែកទាំងនោះ មិននៅក្នុងបញ្ជីព្រះអង្គទេឬ?
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។ ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
ដ្បិត ឱព្រះអម្ចាស់អើយ ព្រះអង្គល្អ ហើយអត់ទោស ក៏មានព្រះហឫទ័យសប្បុរសជាបរិបូរ ចំពោះអស់អ្នកណាដែលអំពាវនាវរកព្រះអង្គ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
នោះខ្ញុំមិនដែលលែងអរព្រះគុណសម្រាប់អ្នករាល់គ្នាឡើយ ពេលខ្ញុំនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ។ សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើង ជាព្រះវរបិតាប្រកបដោយព្រះហឫទ័យមេត្ដាករុណា ជាព្រះដែលកម្សាន្តចិត្តគ្រប់យ៉ាង ជាព្រះដែលកម្សាន្តចិត្តក្នុងគ្រប់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអស់អ្នកដែលកំពុងជួបទុក្ខវេទនា ដោយសារការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់បានទទួលពីព្រះ។
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ ការកម្សាន្តចិត្តណាមួយពីសេចក្ដីស្រឡាញ់ សេចក្ដីប្រកបណាមួយខាងព្រះវិញ្ញាណ ការថ្នាក់ថ្នម និងសេចក្ដីអាណិតអាសូរណាមួយ ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះជាព្រះវរបិតា។ ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។ ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។ ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។ ចូរអ្នករាល់គ្នាមានអំណរយ៉ាងនោះ ហើយអរសប្បាយជាមួយខ្ញុំផង។ ខ្ញុំសង្ឃឹមលើព្រះអម្ចាស់យេស៊ូវថា បន្តិចទៀតខ្ញុំនឹងចាត់ធីម៉ូថេមកអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្ត ដោយបានដឹងរឿងពីអ្នករាល់គ្នា។ នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គយ៉ាងអស់ពីចិត្ត ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ ជារៀងរហូត។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។
ព្រះនៃយើង គឺជាព្រះនៃការសង្គ្រោះ ហើយការរំដោះឲ្យរួចពីស្លាប់ ជារបស់ព្រះ គឺព្រះយេហូវ៉ា។
ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
សូមឲ្យទូលបង្គំបានឮព្រះហឫទ័យសប្បុរស របស់ព្រះអង្គ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តដល់ព្រះអង្គ។ សូមប្រោសឲ្យទូលបង្គំ ស្គាល់ផ្លូវដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំលើកព្រលឹងទូលបង្គំ ទៅរកព្រះអង្គ។
សេចក្ដីបន្ទាល់របស់ព្រះអង្គ ជាទីសប្បាយរីករាយរបស់ទូលបង្គំ ហើយសេចក្ដីបន្ទាល់ទាំងនោះ ជាដំបូន្មានដល់ទូលបង្គំ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ការកើតទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អមួយម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់
បងប្អូនអើយ ព្រះបានហៅអ្នករាល់គ្នាមកឲ្យមានសេរីភាព តែសូមកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាឱកាសសម្រាប់សាច់ឈាមឡើយ គឺត្រូវបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។
ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាការលោតកញ្ឆេង ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ ដើម្បីឲ្យព្រលឹង ទូលបង្គំ បានច្រៀងសរសើរតម្កើងព្រះអង្គ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។
ដ្បិតព្រះអង្គបានរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីស្លាប់ អើ ក៏បានជួយជើងទូលបង្គំមិនឲ្យដួលដែរ ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត។
សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ
៙ នៅក្នុងព្រះ ខ្ញុំសរសើរតម្កើង ព្រះបន្ទូលព្រះអង្គ នៅក្នុងព្រះ ខ្ញុំទុកចិត្ត ខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ។ តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។
៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត និងបានសូនទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់ បទបញ្ជារបស់ព្រះអង្គ។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង! សូមដកផ្លូវភូតភរចេញឆ្ងាយពីទូលបង្គំ ហើយសូមប្រោសប្រទានក្រឹត្យវិន័យ របស់ព្រះអង្គដោយព្រះគុណផង!
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន
ឱបងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ជឿជាក់ថា អ្នករាល់គ្នាមានសេចក្តីល្អពោរពេញ និងមានពេញដោយចំណេះគ្រប់យ៉ាង ហើយអាចទូន្មានគ្នាទៅវិញទៅមកបាន។
ចិត្តរីករាយតែងតែបណ្ដាលឲ្យ មានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែក ដោយកើតមានទុក្ខព្រួយក្នុងចិត្ត។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ
នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត ចូរយើងមានអំណរ ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។ ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ ទូលបង្គំមើលមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមទៀតដែរ។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង! សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ! រីឯអស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្តម!» រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ! ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
ចូររស់នៅដោយអំណរ ជាមួយប្រពន្ធជាទីស្រឡាញ់របស់ឯងដរាប ពេលដែលឯងរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍ដែលព្រះអង្គបានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយជីវិតឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង។
សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំលោះចុះ ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយអ្នកត្រូវឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់ របស់នាងជានិច្ចផង។ ដើម្បីឲ្យឯងបានបម្រុងទុកនូវគំនិតវាងវៃ ហើយឲ្យបបូរមាត់ឯងបានរក្សាទុកនូវតម្រិះ។ ដ្បិតកូនអើយ តើមានទំនងឲ្យឯង ទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃ ហើយឱបទ្រូងនៃស្ត្រីក្រៅឬ?
ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយ នៅក្នុងឆ្អឹងរបស់ប្តីវិញ។
ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់អំពីកម្លាំងរបស់អ្នក "។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួន អើ សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួនតទៅ។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ
តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? តើព្រះអង្គធ្វើឲ្យរួមតែមួយដូច្នេះដើម្បីអ្វី? គឺព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំមានចិត្តក្បត់ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំលោះនោះឡើយ។
ប៉ុន្តែ បើគេអត់ទ្រាំមិនបាន ចូររៀបការចុះ ដ្បិតដែលរៀបការ នោះប្រសើរជាងទុកឲ្យមានតណ្ហាពុះកញ្ជ្រោល។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន?
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
បុរសនោះក៏ពោលឡើងថា៖ «នេះហើយជាឆ្អឹងដែលកើតចេញពីឆ្អឹងអញ ហើយជាសាច់ដែលកើតចេញពីសាច់អញ ត្រូវហៅនាងថា "ស្ត្រី " ព្រោះបានយកចេញពីបុរស មក»។
ប៉ុន្តែ បើអ្នករៀបការ មិនមែនមានន័យថាមានបាបឡើយ ហើយបើស្ត្រីក្រមុំណារៀបការ នាងក៏គ្មានបាបដែរ តែអស់អ្នកដែលរៀបការ នឹងជួបទុក្ខលំបាកក្នុងជីវិតនេះ ព្រោះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនោះ។
ដូច្នេះ អ្នកដែលរៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលទ្រាំមិនរៀបការ នោះរឹតតែប្រសើរថែមទៀត។
តើអ្នកមានប្រពន្ធហើយឬ? កុំរកផ្លូវលែងលះឲ្យសោះ។ តើអ្នកមិនទាន់មានប្រពន្ធឬ? កុំចង់រកប្រពន្ធអី។
ប៉ុន្តែ ចំពោះអ្នករៀបការហើយ ខ្ញុំសូមទូន្មានតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្តីឡើយ (តែបើនាងជ្រុលជាបែកពីប្តីហើយ នោះចូរនៅជាឥតប្តីទៅ ពុំនោះទេសូមទៅជានានឹងប្តីខ្លួនវិញ) ឯប្តី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។
កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្តី ឯប្តីក៏ដូច្នោះដែរ មិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្រពន្ធ។ ប៉ុន្តែ តាមគំនិតខ្ញុំ ខ្ញុំយល់ឃើញថា បើនាងរស់នៅមិនរៀបការបាន នោះនាងនឹងបានសប្បាយជាង ហើយខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ។