ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ពេលព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលព្រះអង្គឮ ហើយនឹងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមក។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយ តែងតែពោលពាក្យភូតភរវិញ។
ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។
ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺដោយព្រោះអ្នកបានស្គាល់សេចក្ដីពិតហើយ ហើយក៏ដឹងថា គ្មានពាក្យភូតភរណាកើតមកពីសេចក្ដីពិតឡើយ។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស
ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។
សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក នឹងត្រូវវិនាសទៅ។
ពេលព្រះដ៏ជាជំនួយយាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ
មិនត្រូវកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។
សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
សូមកុំឆ្ងល់អ្វីឡើយ! សូម្បីតែអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។
យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។
មានផ្លូវមួយដែលមើលទៅ ដូចជាត្រឹមត្រូវល្អដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះជាសេចក្ដីស្លាប់វិញ។
ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។
ឯចិត្តជាគ្រឿងបព្ឆោាតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណាអាចស្គាល់បាន
សូមកុំបញ្ឆោតខ្លួនឯងឡើយ ប្រសិនបើមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយ៍នេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងីល្ងើសិន ដើម្បីឲ្យអ្នកនោះមានប្រាជ្ញាឡើង។
បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។
កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។
ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។
នោះទូលបង្គំនឹងមានពាក្យឆ្លើយតបដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្ត ដល់ព្រះបន្ទូលរបស់ព្រះអង្គ។
កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាង ដោយឥតហេតុឡើយ ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់ឯងដែរ។
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។
យើងមិនបានពោលដោយសម្ងាត់ ក្នុងទីងងឹតនៅផែនដីទេ យើងមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកយើងដោយពោលជាឥតប្រយោជន៍នោះទេ គឺយើង ព្រះយេហូវ៉ានេះ យើងនិយាយតាមសុចរិត យើងថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ»។
មានតែព្រះវិញ្ញាណទេដែលប្រទានឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ។
មនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់របស់ខ្លួន កូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។
មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។
ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្ដាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន។
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅចំពោះភ្នែកទូលបង្គំ ហើយទូលបង្គំបានដើរតាម សេចក្ដីពិតរបស់ព្រះអង្គ។
សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ។
នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា
សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។
ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្តីពិតបានឡើយ គឺធ្វើបានតែអ្វីដែលសម្រាប់សេចក្តីពិតប៉ុណ្ណោះ។
សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ នឹងនាំផ្លូវរបស់គេ តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត នឹងនាំឲ្យវិនាសវិញ។
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។
ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ ទូលបង្គំបានតាំងវិន័យរបស់ព្រះអង្គ នៅមុខទូលបង្គំ។
អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។
ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។
កុំបណ្តោយខ្លួនទៅតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ ដ្បិតគួរតាំងចិត្តឲ្យបានរឹងប៉ឹងដោយសារព្រះគុណ មិនមែនដោយចំណីអាហារទេ អស់អ្នកប្រព្រឹត្តតាមសេចក្តីទាំងនោះ មិនបានប្រយោជន៍អ្វីឡើយ។
ឯអំពើកំហុស នោះនឹងបានជ្រះស្អាត ដោយសារសេចក្ដីមេត្តា និងសេចក្ដីពិត ហើយមនុស្សនឹងរួចពីសេចក្ដីអាក្រក់បាន ដោយកោតខ្លាចដល់ព្រះយេហូវ៉ា។
ឱធីម៉ូថេអើយ ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសម្ដីឡេះឡោះឥតប្រយោជន៍ និងពាក្យទទឹងទទែងនៃសេចក្ដីដែលគេច្រឡំហៅថា ចំណេះដឹង
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
រីឯប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ នោះស្ថិតនៅជាប់ក្នុងអ្នករាល់គ្នា ហើយអ្នកមិនត្រូវការឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាឡើយ។ ប៉ុន្តែ ពេលប្រេងតាំងបង្រៀនពីគ្រប់ការទាំងអស់ដល់អ្នករាល់គ្នា នោះជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ចូរអ្នករាល់គ្នានៅជាប់ក្នុងព្រះអង្គ ដូចសេចក្ដីដែលបានបង្រៀនអ្នករាល់គ្នាចុះ។
គេប្រាប់ដល់ពួកមើលឆុតថា "កុំឲ្យមើលឡើយ" ហើយដល់ពួកហារាថា កុំឲ្យថ្លែងទំនាយពីសេចក្ដីទៀងត្រង់ ឲ្យយើងស្តាប់ឲ្យសោះ គឺត្រូវនិយាយពីសេចក្ដីស្រួលបួលវិញ ត្រូវថ្លែងទំនាយជាសេចក្ដីភូតភរចុះ
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។
គឺអ្នកដែលដើរដោយទៀងត្រង់ ហើយប្រព្រឹត្តអំពើសុចរិត ព្រមទាំងពោលសេចក្ដីពិតពីក្នុងចិត្ត។
អ្នកណាដែលពោលពាក្យពិត នោះរមែងសម្ដែងចេញនូវសេចក្ដីសុចរិត តែសាក្សីក្លែងក្លាយ នោះសម្ដែងសេចក្ដីកំភូតវិញ។
ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ តែងចូលមករកពន្លឺ ដើម្បីឲ្យគេឃើញច្បាស់នូវអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមព្រះមែន»។
ដ្បិតអ្វីដែលយើងទូន្មាន នោះមិនមែនមកពីការបោកប្រាស់ អំពើស្មោកគ្រោក ឬល្បិចកលនោះទេ
បបូរមាត់របស់មនុស្សសុចរិត រមែងដឹងសេចក្ដីដែលគួរគប្បី តែមាត់របស់មនុស្សអាក្រក់ ពោលតែសេចក្ដីក្រវិចក្រវៀនវិញ។
ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។
សាសន៍យូដានៅក្រុងនេះ មានចិត្តល្អជាងសាសន៍យូដានៅក្រុងថែស្សាឡូនីច ដ្បិតគេទទួលព្រះបន្ទូលដោយចិត្តសង្វាត ទាំងពិចារណាមើលគម្ពីររាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬមិនត្រឹមត្រូវ។
ខ្ញុំមានអំណរជាខ្លាំង ដោយបានឃើញកូនៗខ្លះរបស់លោកស្រីប្រព្រឹត្តតាមសេចក្ដីពិត ដូចព្រះវរបិតាបានបង្គាប់មកយើង។
មានប្រាំមួយមុខ ដែលព្រះយេហូវ៉ាស្អប់ មានប្រាំពីរផង ដែលព្រះអង្គខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ ដៃដែលកម្ចាយឈាមមនុស្សឥតទោស
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។
៙ ឱព្រះយេហូវ៉ាអើយ សូមការពារមាត់ទូលបង្គំ សូមថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង!
ចូរសម្តែងខ្លួន ទុកជាគំរូពីអំពើល្អគ្រប់ជំពូក ទាំងបង្រៀនគេដោយចិត្តស្អាតស្អំ និងថ្លៃថ្នូរ
អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។