ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីប្រកបដោយប្រាជ្ញា តាមរយៈព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសម្ដីប្រកបដោយចំណេះដឹង តាមព្រះវិញ្ញាណដដែល
ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ ដ្បិតព្រះវិញ្ញាណទតមើលអ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះ។ ដ្បិតតើអ្នកណាស្គាល់គំនិតមនុស្សបាន ក្រៅពីវិញ្ញាណអ្នកនោះដែលនៅក្នុងខ្លួន? ឯព្រះក៏ដូច្នោះដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះ ក្រៅពីព្រះវិញ្ញាណរបស់ព្រះនោះឡើយ។
សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។
សូមបង្រៀនឲ្យទូលបង្គំចេះវិនិច្ឆ័យដឹងខុសត្រូវ ដ្បិតទូលបង្គំជឿដល់បទបញ្ជារបស់ព្រះអង្គ។
ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!
ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។
ក៏ប៉ុន្តែ ក្នុងចំណោមមនុស្សពេញវ័យ យើងនិយាយតាមប្រាជ្ញា តែមិនមែនតាមប្រាជ្ញារបស់លោកីយ៍នេះ ឬរបស់ពួកចៅហ្វាយនៅលោកីយ៍នេះ ដែលត្រូវសាបសូន្យនោះទេ គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។
ទ្រង់មានព្រះបន្ទូលឆ្លើយថា៖ «មកពីព្រះបានប្រទានសេចក្ដីនេះឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងរបស់ព្រះរាជ្យនៃស្ថានសួគ៌ តែទ្រង់មិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ។
ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង
ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
ចូរពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះចុះ ដ្បិតព្រះអម្ចាស់នឹងប្រទានឲ្យអ្នកមានយោបល់ក្នុងគ្រប់ការទាំងអស់។
ពេលអ្នករាល់គ្នាអានសេចក្ដីនេះ អ្នករាល់គ្នាមុខជានឹងយល់ពីចំណេះរបស់ខ្ញុំអំពីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ។ ព្រះមិនបានបើកសម្ដែងអាថ៌កំបាំងនេះ ឲ្យមនុស្សជំនាន់មុនបានស្គាល់ ដូចជាបានបើកសម្ដែងឲ្យពួកសាវក និងពួកហោរាបរិសុទ្ធរបស់ព្រះអង្គស្គាល់នៅពេលនេះ ដោយសារព្រះវិញ្ញាណនោះឡើយ
ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ នោះគឺជាយោបល់
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានយោបល់ផង ដើម្បីឲ្យទូលបង្គំបានស្គាល់ សេចក្ដីបន្ទាល់របស់ព្រះអង្គ!
យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
រីឯយុវជនទាំងបួននាក់នោះ ព្រះទ្រង់ប្រទានឲ្យគេមានតម្រិះ មានការប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាគ្រប់យ៉ាង ឯដានីយ៉ែលមានការយល់ដឹងក្នុងការកាត់ស្រាយអស់ទាំងនិមិត្ត និងការយល់សប្តិ។
ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។
ហើយព្រះអង្គជាស្ថិរភាពក្នុងគ្រារបស់អ្នក សេចក្ដីសង្គ្រោះយ៉ាងបរិបូរ ប្រាជ្ញា និងតម្រិះ ឯការកោតខ្លាចដល់ព្រះយេហូវ៉ា ជាកំណប់ទ្រព្យរបស់ក្រុងស៊ីយ៉ូន។
កាលអស់លោកទាំងនោះ ឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយដឹងច្បាស់ថា អ្នកទាំងពីរជាមនុស្សមិនដែលបានរៀនសូត្រ និងជាមនុស្សសាមញ្ញ អស់លោកទាំងនោះក៏មានសេចក្ដីអស្ចារ្យ ហើយទទួលស្គាល់ថា អ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ។
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
ឥឡូវនេះ បងប្អូនអើយ បើខ្ញុំមករកអ្នករាល់គ្នាដោយនិយាយភាសាដទៃ តើខ្ញុំមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា? លើកលែងតែខ្ញុំនិយាយទៅអ្នករាល់គ្នាដោយការបើកសម្ដែង ឬដោយចំណេះដឹង ដោយសេចក្តីទំនាយ ឬដោយសេចក្តីបង្រៀនវិញ។
រួចមានព្រះបន្ទូលដល់មនុស្សយើងថា "មើល៍ សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់"»។
ឱបងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ជឿជាក់ថា អ្នករាល់គ្នាមានសេចក្តីល្អពោរពេញ និងមានពេញដោយចំណេះគ្រប់យ៉ាង ហើយអាចទូន្មានគ្នាទៅវិញទៅមកបាន។
ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង
ការដែលសង់ផ្ទះឡើងបាន ក៏ដោយសារប្រាជ្ញា និងដោយសារយោបល់ ដែលផ្ទះនោះបានតាំងនៅជាមាំមួន យើងបានដើរក្បែរចម្ការ របស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូរ របស់មនុស្សដែលឥតមានប្រាជ្ញា នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។ នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត យើងយល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច យ៉ាងនោះសេចក្ដីកម្សត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។ ហើយដោយសារតម្រិះ នោះបន្ទប់ទាំងឡាយបានពេញ ដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។
ដ្បិតក្នុងព្រះអង្គ អ្នករាល់គ្នាបានចម្រើនឡើងគ្រប់ជំពូក ទាំងពាក្យសម្ដី និងចំណេះដឹងគ្រប់យ៉ាង
ឱព្រះនៃបុព្វបុរសរបស់ទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើង ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងឥទ្ធិឫទ្ធិ ហើយឥឡូវនេះបានសម្ដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានទូលសូមពីព្រះអង្គ ដ្បិតព្រះអង្គបានសម្ដែងឲ្យយើងខ្ញុំ ស្គាល់រឿងរ៉ាវរបស់ស្តេច»។
ព្រះចេស្តារបស់ព្រះអង្គ បានប្រទានឲ្យយើងមានអ្វីៗទាំងអស់ខាងឯជីវិត និងការគោរពប្រតិបត្តិដល់ព្រះ តាមរយៈការស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីល្អ និងសេចក្ដីល្អរបស់ព្រះអង្គ
ខ្ញុំក៏អធិស្ឋានសូមការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចម្រើនកាន់តែច្រើនឡើង មានចំណេះដឹង និងយល់គ្រប់សព្វទាំងអស់
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងនោះ ឲ្យបានរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់ ហើយឲ្យគេមានការយល់ដឹងយ៉ាងជឿជាក់សព្វគ្រប់ទាំងអស់ ជាសម្បត្តិយ៉ាងបរិបូរ ដើម្បីឲ្យបានស្គាល់អាថ៌កំបាំងរបស់ព្រះ ពោលគឺព្រះគ្រីស្ទផ្ទាល់ ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ខាងវិញ្ញាណបថមសិក្សារបស់លោកីយ៍នេះមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាចុះចូលនឹងបញ្ញត្តិទាំងឡាយ ដូចជាថា «កុំកាន់ កុំភ្លក់ កុំប៉ះពាល់» ដូច្នេះ? បញ្ញត្តិទាំងនោះជាអ្វីៗដែលវិនាសបាត់ទៅដោយការប្រើប្រាស់ ជាបទបញ្ជា និងសេចក្តីបង្រៀនរបស់មនុស្ស។ សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដែលគ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹងលាក់ទុកក្នុងព្រះអង្គ។
ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគាត់ថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ អ្នកមានពរ ដ្បិតមិនមែនសាច់ឈាម ទេ ដែលបានសម្តែងឲ្យអ្នកដឹងសេចក្ដីនេះ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃប្រាជ្ញា អស់អ្នកដែលកាន់តាម តែងមានការយល់ដឹងល្អ ការសរសើរតម្កើងព្រះអង្គ នៅជាប់អស់កល្បជានិច្ច។
មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណា ដែលមានយោបល់។
ការជួយគំនិតជារបស់ផងយើង ព្រមទាំងការទាំងអស់ដែលមានប្រយោជន៍ផង យើងជាតួយោបល់ ក៏មានឥទ្ធិឫទ្ធិដែរ
គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
ហើយយើងបានធ្វើឲ្យគាត់ពេញដោយព្រះវិញ្ញាណរបស់ព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់
ព្រះអង្គបានសម្ដែងឲ្យយើងស្គាល់អាថ៌កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ ដោយប្រាជ្ញា និងការយល់ដឹងគ្រប់យ៉ាង ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យសម្រេចទុកក្នុងព្រះគ្រីស្ទ
ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា! ប្រសិនបើទូលបង្គំខំប្រឹងរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត កាលណាទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។
ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចម្កួតវិញ។
ព្រះបានប្រទានឲ្យសាឡូម៉ូនមានប្រាជ្ញា និងយោបល់ច្រើនក្រៃលែង ព្រមទាំងព្រះហឫទ័យធំទូលាយដូចជាបណ្ដាខ្សាច់ដែលនៅមាត់សមុទ្រ អេលីហូរែប និងអ័ហ៊ីយ៉ា កូនស៊ីសា ជាស្មៀនហ្លួង យេហូសាផាត កូនអ័ហ៊ីលូឌ ជាអ្នកតែងពង្សាវតារ ប្រាជ្ញារបស់សាឡូម៉ូនមានលើសហួសជាងប្រាជ្ញារបស់អស់ទាំងពួកស្រុកខាងកើត និងអស់ទាំងប្រាជ្ញារបស់ស្រុកអេស៊ីព្ទផង។
ប៉ុន្ដែ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពគ្រប់ទាំងអស់ ទាំងចែកឲ្យម្នាក់ៗរៀងៗខ្លួន តាមដែលទ្រង់សព្វព្រះហឫទ័យ។
ដូច្នេះ បងប្អូនអើយ ចូររើសប្រាំពីរនាក់ពីក្នុងចំណោមអ្នករាល់គ្នា ជាអ្នកមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា នោះយើងខ្ញុំនឹងតាំងគេឲ្យបំពេញការងារនេះ។
ព្រោះឃើញថា នៅក្នុងអ្នកនោះមានវិញ្ញាណមួយដ៏វិសេស មានចំណេះជ្រៅជ្រះ និងមានយោបល់ចេះកាត់ស្រាយសុបិន ដោះស្រាយប្រស្នា និងដោះស្រាយបញ្ហាស្មុគស្មាញបាន។ ស្ដេចប្រទានឈ្មោះឲ្យអ្នកនោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមក លោកនឹងកាត់ស្រាយន័យថ្វាយព្រះករុណា»។
យ៉ូអាប់ជាអ្នកបម្រើរបស់ទ្រង់បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញាដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន»។
ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។
៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
ព្រះអង្គដែលវាយប្រដៅអស់ទាំងសាសន៍ តើព្រះអង្គមិនវាយផ្ចាលទេឬ? ព្រះអង្គដែលបង្រៀនមនុស្សឲ្យមានចំណេះ
អណ្ដាតរបស់មនុស្សមានប្រាជ្ញា ថ្លែងប្រាប់ពីចំណេះដឹង តែមាត់របស់មនុស្សខ្លៅ បង្ហូរចេញជាសេចក្ដីចម្កួត។
ក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្ដេចសួរដល់ពួកគេ នោះក៏ឃើញថា យុវជនទាំងនោះពូកែជាងពួកគ្រូមន្តអាគម និងគ្រូអង្គុយធម៌ទាំងប៉ុន្មាននៅក្នុងនគររបស់ស្ដេច មួយជាដប់។
ពាក្យសម្ដីរបស់មនុស្សដែលមានប្រាជ្ញា ចូរផ្ទៀងត្រចៀកស្តាប់ពាក្យ ហើយផ្ចង់ចិត្តចំពោះតម្រិះរបស់ខ្ញុំចុះ
ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
ប៉ុន្តែ មនុស្សលោកសុទ្ធតែមាន វិញ្ញាណសណ្ឋិតនៅ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តា ក៏ឲ្យមានយោបល់
សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
មាស និងត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ទូលបង្គំមានយោបល់ជាងគ្រូទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំសញ្ជឹងគិតពីសេចក្ដីបន្ទាល់ របស់ព្រះអង្គ។
សូមបង្រៀនទូលបង្គំឲ្យធ្វើតាម ព្រះហឫទ័យរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបងំ្គ! សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ ដឹកនាំទូលបង្គំឲ្យដើរនៅលើដីរាបស្មើ!
សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្ប គ្រប់ជំនាន់តរៀងមក តែឥឡូវនេះ បានបើកសម្ដែងឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់។ ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។
រីឯព្រះដែលអាចនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងសេចក្ដីប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ស្របតាមការបើកសម្ដែងអំពីអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីដើមរៀងមក តែឥឡូវនេះបានសម្ដែងឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមសេចក្ដីបង្គាប់របស់ព្រះដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់តាមជំនឿ
លើសពីនេះទៀត ខ្ញុំរាប់អ្វីៗទាំងអស់ទុកដូចជាខាត ដោយសារតែសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ។ ដោយយល់ដល់ព្រះអង្គ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយខ្ញុំរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យខ្ញុំបានព្រះគ្រីស្ទវិញ
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ដោយហេតុនោះបានជាប្រាជ្ញារបស់ព្រះបានសម្តែងថា "យើងនឹងចាត់ពួកហោរា និងពួកសាវកឲ្យទៅរកគេ គេនឹងសម្លាប់ខ្លះ ហើយបណ្តេញខ្លះ"
ដើម្បីឲ្យពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានសួគ៌ បានស្គាល់ប្រាជ្ញារបស់ព្រះ ដែលមានជាច្រើនយ៉ាងនៅពេលនេះ តាមរយៈក្រុមជំនុំ។
៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។
រីឯប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ នោះស្ថិតនៅជាប់ក្នុងអ្នករាល់គ្នា ហើយអ្នកមិនត្រូវការឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាឡើយ។ ប៉ុន្តែ ពេលប្រេងតាំងបង្រៀនពីគ្រប់ការទាំងអស់ដល់អ្នករាល់គ្នា នោះជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ចូរអ្នករាល់គ្នានៅជាប់ក្នុងព្រះអង្គ ដូចសេចក្ដីដែលបានបង្រៀនអ្នករាល់គ្នាចុះ។
សិរីរុងរឿងរបស់ព្រះស្ថិតនៅ ក្នុងគម្រោងការលាក់កំបាំង ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ គឺស្វែងយល់បាន។
តើអ្នកអាចស្វែងយល់ ពីសេចក្ដីជ្រាលជ្រៅរបស់ព្រះបានឬ? តើអាចស្វែងយល់ពីដែនកំណត់របស់ព្រះ ដ៏មានគ្រប់ព្រះចេស្តា បានឬ? សេចក្ដីនោះខ្ពស់ជាងស្ថានសួគ៌ ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណា? ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ ផង ធ្វើដូចម្តេចឲ្យអ្នកដឹងបាន? បើវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត។
ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យយើងស្គាល់អំណោយទានដែលព្រះបានប្រទានមកយើង។
នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះពីពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹង តែបានសម្តែងសេចក្ដីទាំងនោះឲ្យពួកកូនក្មេងយល់វិញ។
តម្រិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។
ខ្ញុំជាប្រាជ្ញា ខ្ញុំរស់នៅជាមួយគំនិតវាងវៃ ខ្ញុំមានតម្រិះ និងមានសុភនិច្ឆ័យ។
ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។
សេចក្ដីបន្ទាល់របស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។
សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញការដ៏អស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ។
មើល៍ ព្រះធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ព្រះអង្គ តើមានគ្រូណាដែលប្រៀបផ្ទឹមនឹងព្រះអង្គបាន?
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។