មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
មិនត្រូវតាំងសញ្ញាជាមួយពួកអ្នកស្រុកនោះឡើយ ហើយកាលណាគេទៅផិតតាមព្រះរបស់គេ ទាំងថ្វាយយញ្ញបូជាដល់ព្រះរបស់គេ នោះគេនឹងអញ្ជើញអ្នកទៅបរិភោគយញ្ញបូជារបស់គេ
អ្នករាល់គ្នាមានចិត្តឆេះឆួលនឹងរូបព្រះ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សម្លាប់កូនក្មេងនៅតាមក្រហែងថ្មច្រកភ្នំនានា។
ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់អ្នករាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នករាល់គ្នាចុះ
គ្រប់គ្នាបានត្រឡប់ជាមនុស្សល្ងីល្ងើ ហើយក៏ឥតមានតម្រិះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្ដីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ។
លោកទទួលយកមាសពីដៃរបស់ពួកគេ ទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា៖ «ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក!»។
មនុស្សគ្រប់គ្នាទៅជាល្ងីល្ងើ ហើយឥតមានចំណេះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាការកុហក ឥតមានដង្ហើមឡើយ។
តើខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វី ឬរូបព្រះជាអ្វី? គ្រប់គ្នាបានទទួលពិធីជ្រមុជរួមជាមួយលោកម៉ូសេ នៅក្នុងពពក និងនៅក្នុងសមុទ្រ មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។
គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសម្រាប់ដុតកូនប្រុសៗរបស់គេ ទុកជាតង្វាយដុតថ្វាយព្រះបាល ជាការដែលយើងមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតយើងដែរ។
ប៉ុន្តែ អ្នករាល់គ្នាដែលបោះបង់ព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់យើង ហើយក៏រៀបអាសនាមួយថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែងថ្វាយដល់ព្រះវាសនា
ចូរទៅហៅរកព្រះទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានជ្រើសរើសនោះទៅ ទុកឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នា ក្នុងពេលដែលអ្នករាល់គ្នាមានសេចក្ដីវេទនានេះទៅ!»។
យើងនឹងលូកដៃទៅទាស់នឹងស្រុកយូដា ហើយទាស់នឹងពួកអ្នកនៅ ក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់សំណល់របស់ព្រះបាលចេញពីទីនេះ ព្រមទាំងឈ្មោះពួកសង្ឃដែលបម្រើរូបព្រះ រួមជាមួយពួកសង្ឃ
មួយទៀត ព្រះបាទយ៉ូសៀសបានបំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងថេរ៉ាភីម និងរូបព្រះទាំងប៉ុន្មាន និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ ដើម្បីឲ្យបានសម្រេចតាមពាក្យនៃក្រឹត្យវិន័យដែលកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ដ្បិតកាលនាងបានសម្លាប់កូនរបស់ខ្លួន ថ្វាយដល់រូបព្រះទាំងនោះហើយ នៅថ្ងៃនោះ នាងក៏ចូលក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីនោះទៀត នាងបានប្រព្រឹត្តយ៉ាងដូច្នោះ នៅកណ្ដាលវិហាររបស់យើង។
គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណម សម្រាប់ធ្វើឲ្យកូនប្រុសកូនស្រីគេដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលយើងមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតយើង ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនាំឲ្យពួកយូដាបានធ្វើបាបដែរ។
ដូច្នេះ ស្ដេចសូលមានរាជឱង្ការទៅពួករាជបម្រើថា៖ «ចូរទៅរកស្ត្រីណាដែលចេះខាបខ្មោចឲ្យយើង ដើម្បីឲ្យយើងបានទៅសួរទំនាយពីនាង» ពួកអ្នកបម្រើរបស់ទ្រង់ទូលឆ្លើយថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប»។ នោះស្តេចសូលបានក្លែងខ្លួន ហើយផ្លាស់សម្លៀកបំពាក់ចេញទៅ មានមនុស្សពីរនាក់ទៅជាមួយដែរ។ ស្ដេចសូលបានទៅជួបស្ត្រីនោះទាំងយប់ ហើយមានរាជឱង្ការថា៖ «សូមចូលរូប ហើយខាបយកព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់អ្នក»។
ប៉ុន្តែ យើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ព្រោះនៅទីនោះ មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខប្រជាជនអ៊ីស្រាអែល ដើម្បីនាំឲ្យគេបរិភោគតង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសហាយស្មន់ផង ។
ហេតុនេះ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ
រីឯសំណល់មនុស្សដែលមិនបានស្លាប់ដោយសារគ្រោះកាចនោះ មិនព្រមប្រែចិត្តចេញពីកិច្ចការដែលដៃគេធ្វើឡើយ ក៏មិនព្រមលះបង់ការថ្វាយអារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើ ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះដែរ។ ពួកគេក៏មិនបានប្រែចិត្តពីការកាប់សម្លាប់ អំពើមន្តអាគម អំពើសហាយស្មន់ និងអំពើលួចប្លន់ ដែលគេប្រព្រឹត្តនោះសោះ។
មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។
តែគេបែរជាប្រព្រឹត្តច្របូកច្របល់ ជាមួយជាតិសាសន៍ដទៃ ហើយរៀនប្រព្រឹត្តដូចជាសាសន៍ ទាំងនោះទៅវិញ។ គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។
ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។
រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
ដ្បិតប្រជារាស្ត្ររបស់យើងបានប្រព្រឹត្ត អំពើអាក្រក់ពីរយ៉ាង គឺបានទាំងបោះបង់ចោលយើង ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
«ប្រសិនបើមានហោរាណាម្នាក់ ឬអ្នកយល់សប្ដិណាកើតឡើងក្នុងចំណោមអ្នករាល់គ្នា ហើយអ្នកនោះប្រាប់ទីសម្គាល់ ឬពីការអស្ចារ្យណា ត្រូវចោលសម្លាប់នឹងថ្ម ដ្បិតអ្នកនោះរកទាញឲ្យអ្នកបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបាននាំអ្នកចេញពីផ្ទះដែលអ្នកធ្វើជាទាសករ នៅស្រុកអេស៊ីព្ទ។ ដូច្នេះ សាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងឮ រួចភ័យខ្លាច ហើយលែងប្រព្រឹត្តសេចក្ដីអាក្រក់បែបនេះ នៅក្នុងចំណោមអ្នករាល់គ្នាទៀត។ ប្រសិនបើអ្នកឮនិយាយពីទីក្រុងណាមួយ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គប្រទានឲ្យអ្នករស់នៅថា មានមនុស្សទមិឡល្មើសខ្លះ បានចេញពីក្នុងចំណោមអ្នករាល់គ្នា ហើយទាញពួកអ្នកក្រុងនោះចេញ ដោយពាក្យថា ចូរយើងទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់ នោះត្រូវស៊ើបសួរ ហើយតាមដានរកឲ្យអស់ពីចិត្ត ហើយបើឃើញពិតប្រាកដថា មានអំពើរគួរស្អប់ខ្ពើមកើតឡើងក្នុងចំណោមអ្នករាល់គ្នាដូច្នោះមែន នោះត្រូវប្រហារពួកអ្នកក្រុងនោះដោយមុខដាវ គឺត្រូវបំផ្លាញចេញឲ្យអស់កុំឲ្យសល់ គឺមនុស្សទាំងអស់នៅក្នុងទីក្រុង ព្រមទាំងរបស់របរទាំងប៉ុន្មាននៅក្នុងទីក្រុងនោះ ហើយទាំងហ្វូងសត្វផង ដោយមុខដាវ។ ត្រូវប្រមូលអស់ទាំងជ័យភណ្ឌនៅទីក្រុងនោះ មកដាក់នៅចំកណ្ដាលទីលានក្រុង ហើយដុតទាំងអស់ ទាំងទីក្រុង និងជ័យភណ្ឌទាំងប៉ុន្មាន ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក រួចទីក្រុងនោះនឹងនៅជាគំនរជាដរាបតទៅ ឥតមានអ្នកណាសង់ឡើងវិញឡើយ។ មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញ នៅក្នុងដៃរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាបានងាកពីសេចក្ដីក្រោធដ៏សហ័សចេញ ហើយសម្ដែងសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់អ្នកវិញ ព្រមទាំងចម្រើនអ្នកឲ្យច្រើនឡើង ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នក ប្រសិនបើអ្នកស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយកាន់តាមបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក»។ រួចទីសម្គាល់ ឬការអស្ចារ្យដែលអ្នកនោះប្រាប់កើតឡើងមែន ហើយគេនិយាយថា ចូរយើងទៅតាមព្រះដទៃ ហើយគោរពប្រតិបត្តិដល់ព្រះទាំងនោះវិញ (ជាព្រះដែលអ្នករាល់គ្នាមិនបានស្គាល់) នោះមិនត្រូវស្តាប់តាមពាក្យរបស់ហោរានោះ ឬអ្នកយល់សប្តិនោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គគ្រាន់តែល្បងលអ្នករាល់គ្នាមើល ឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង ឬយ៉ាងណា។
ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។
«ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាដើរចុះឡើងនៅតំបន់ហួតហែង ដើម្បីរកកន្លែងសម្រាក តែរកមិនបានសោះ។ ពេលនោះ វាគិតថា "យើងនឹងត្រឡប់ទៅរកផ្ទះ ដែលយើងបានចេញមកនោះវិញ"។ ពេលវាមកដល់ វាឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយរៀបចំល្អ នោះវាក៏ចេញទៅនាំវិញ្ញាណប្រាំពីរផ្សេងទៀត ដែលអាក្រក់ជាងវាមក ហើយនាំគ្នាចូលទៅនៅទីនោះ ធ្វើឲ្យស្ថានភាពក្រោយរបស់មនុស្សនោះ កាន់តែអាក្រក់ជាងមុនទៅទៀត រីឯមនុស្សអាក្រក់ជំនាន់នេះ ក៏នឹងកើតឡើងដូច្នោះដែរ»។
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
គេនឹងសងការអាស្រូវបារាយណ៍របស់នាងទៅលើនាងវិញ ហើយនាងនឹងត្រូវរងទ្រាំទោសនៃការគោរពដល់រូបព្រះរបស់នាងដែរ នោះនាងនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។
ទូលបង្គំស្អប់ អស់អ្នកដែលយកចិត្តទុកដាក់ នឹងរូបព្រះដែលឥតបានការ តែទូលបង្គំទុកចិត្តដល់ព្រះយេហូវ៉ា។
ដ្បិតសាសន៍ទាំងនោះ ដែលអ្នកនឹងបណ្ដេញគេចេញ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស និងគ្រូទស្សន៍ទាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ»។
យើងក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកអ្នក កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ យើង គឺយេហូវ៉ានេះ ជាព្រះរបស់អ្នករាល់គ្នាហើយ។
នៅវេលានោះ លោកសាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ព្រះអង្គតែមួយ ព្រះអង្គនឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។
កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។
ពួកអ្នកដែលរួច គេនឹងនឹកចាំពីយើងនៅកណ្ដាលអស់ទាំងសាសន៍ ដែលត្រូវចាប់ទៅជាឈ្លើយ គឺនឹកពីយើង ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីយើងទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ។
គេបានធ្វើឲ្យយើងប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានបណ្ដាលឲ្យយើងខឹង ដោយសាររូបព្រះរបស់គេ។ ដូច្នេះ យើងនឹងធ្វើឲ្យគេប្រចណ្ឌដែរ ដោយសារពួកអ្នកដែលមិនមែនជាប្រជាជនណាមួយ យើងបណ្ដាលឲ្យគេខឹង ដោយសារសាសន៍មួយដែលឥតប្រាជ្ញា។
ដូច្នេះ ចំពោះការបរិភោគចំណីអាហារ ដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «ក្នុងលោកនេះ រូបព្រះមិនមែនជាអ្វីទេ» ហើយថា «ក្រៅពីព្រះមួយព្រះអង្គ គ្មានព្រះឯណាទៀតសោះ»។
គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាហាមថា អ្នករាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
ពីព្រោះគេបានបោះបង់ក្រឹត្យក្រមរបស់យើង ឥតប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់យើង ក៏បង្អាប់ថ្ងៃសប្ប័ទរបស់យើងដែរ ដ្បិតចិត្តគេជាប់តាមរូបព្រះរបស់គេវិញ។
ដូច្នេះ មិនត្រូវស្តាប់តាមពួកហោរារបស់អ្នក ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សនោះឡើយ ដែលនិយាយប្រាប់អ្នករាល់គ្នាថា កុំទៅបម្រើស្តេចបាប៊ីឡូន។
គឺព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ កុំរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះទីសម្គាល់នៅលើមេឃដែរ ដ្បិតសាសន៍ដទៃគេខ្លាចទីសម្គាល់ទាំងនោះ
ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា វេទនាដល់ពួកស្រីៗដែលធ្វើអំបោះពាក់នៅកដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សម្រាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ អ្នករាល់គ្នារកចាប់ព្រលឹងរបស់សាសន៍យើងដូច្នេះ តើអាចជួយសង្គ្រោះព្រលឹងគេដែលមកឯអ្នកឲ្យរស់នៅបានឬ?
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍ យើងទាស់នឹងខ្សែយ័ន្តរបស់អ្នករាល់គ្នា ដែលប្រើសម្រាប់ប្រមាញ់ព្រលឹងមនុស្ស ដូចប្រមាញ់សត្វស្លាប យើងនឹងហែកវាចេញពីដៃអ្នករាល់គ្នា ហើយនឹងដោះលែងព្រលឹងទាំងនោះឲ្យរួច គឺជាព្រលឹងដែលអ្នករាល់គ្នាបានតាមប្រមាញ់ ដូចប្រមាញ់សត្វស្លាបនោះ។
ដ្បិតថេរ៉ាភីម ទាំងប៉ុន្មាន បានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូថ្លែងទំនាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សម្ដែងជាសេចក្ដីកំភូត ក៏កម្សាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវ របស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានគង្វាល។
៙ បន្ទាប់មក គេទៅភ្ជាប់ខ្លួន នឹងព្រះបាល-ពេអរ ហើយបានបរិភោគសំណែន ដែលបានថ្វាយទៅព្រះដែលគ្មានជីវិត
ដ្បិតអស់ទាំងព្រះរបស់ប្រជាជននានា សុទ្ធតែជារបស់ឥតប្រយោជន៍ តែព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
យើងលើកទីសម្គាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូថ្លែងទំនាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ
យើងនឹងកម្ចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ ឯងនឹងគ្មានគ្រូនក្ខត្តឫក្សតទៅទៀតទេ
អ្នករាល់គ្នាមិនត្រូវបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងអ្នកទៅជាស្មោកគ្រោកដោយសារគេដែរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
អ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា ដែលផិតទៅតាមគេ នោះយើងនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ។
មនុស្សប្រុស ឬស្រីណាដែលធ្វើជាគ្រូខាប ឬជាគ្រូមន្តគាថា នោះត្រូវសម្លាប់ចោលកុំខាន ត្រូវគប់គេនឹងថ្មទៅ ឈាមគេត្រូវធ្លាក់លើគេវិញ»។
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលយកកូនប្រុស ឬកូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើងជាតង្វាយ មិនត្រូវឲ្យឃើញមានគ្រូទស្សន៍ទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះអំពើគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ាជាព្រះរបស់អ្នក បណ្តេញគេចេញពីមុខអ្នក។
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក កាត់សាសន៍នានាចេញពីមុខអ្នក នៅក្នុងស្រុកដែលអ្នកចូលទៅចាប់យកពីគេ ហើយអ្នកបណ្តេញគេចេញពីស្រុកនោះ រួចរស់នៅក្នុងស្រុករបស់គេ ត្រូវរំលំអាសនារបស់ពួកគេ កម្ទេចស្ដូបរបស់គេ ហើយដុតបង្គោលសក្ការៈ របស់គេនឹងភ្លើងទៅ។ ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយបំផ្លាញឈ្មោះព្រះទាំងនោះ ចេញពីទីនោះផង។ នោះចូរប្រយ័ត្ន ក្រែងអ្នកចូលទៅក្នុងអន្ទាក់ ហើយទៅតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខអ្នកចេញហើយ ឬក្រែងអ្នកស៊ើបសួរពីព្រះរបស់គេ ដោយពាក្យថា "តើសាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះរបស់គេយ៉ាងដូចម្ដេច? ដើម្បីឲ្យខ្ញុំបានធ្វើដូចគេដែរ"។ មិនត្រូវថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាតាមបែបដូច្នេះឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេ តាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ថ្វាយដល់ព្រះគេ។
ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើង ក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្ដីក្រោធ។
ដូច្នេះ ស្ដេចសូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងដោយព្រោះទ្រង់បានសួរគ្រូខាប ឲ្យទស្សន៍ទាយ
ក៏ធ្វើឲ្យបុត្រទ្រង់ឆ្លងកាត់ភ្លើង នៅក្នុងច្រកភ្នំរបស់កូនហ៊ីនណម ក៏ប្រព្រឹត្តនក្ខត្តឫក្ស អង្គុយធម៌ អាបធ្មប់ ហើយរកគ្រូខាប និងគ្រូគាថា។ ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ជាច្រើននៅព្រះនេត្រព្រះយេហូវ៉ា ជាហេតុដែលបណ្ដាលឲ្យព្រះមានសេចក្ដីក្រោធ។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
ហើយមានប្រសាសន៍ថា៖ «នែ៎ មនុស្សដែលពេញដោយកិច្ចកល និងល្បិចគ្រប់យ៉ាង ជាកូនរបស់អារក្ស ហើយជាខ្មាំងសត្រូវនៃអស់ទាំងសេចក្តីសុចរិតអើយ! តើអ្នកមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬ?
ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
អ្នករាល់គ្នាបានរើសយកស៊ីគុត ជាទេវរាជរបស់អ្នក និងគីយុន ជារូបព្រះរបស់អ្នក ព្រមទាំងផ្កាយរបស់ព្រះដែលអ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួន
គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ពួកហោរាគេថ្លែងទំនាយកុហកដោយនូវឈ្មោះយើងទេ យើងមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេថ្លែងទំនាយប្រាប់អ្នករាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ។
ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំងពីរនោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់ថេរ៉ាភីម ហើយមើលទំនាយក្នុងថ្លើម។
ពួកហោរាបានបូកល្បាប់ឲ្យគេ ដោយឃើញនិមិត្តជាសេចក្ដីកំភូត ហើយថ្លែងទំនាយកុហកដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ក្នុងកាលដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលសោះ។
រួចលោកអេលីយ៉ាក៏ចូលទៅជិតពួកជន សួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំងពីរនេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ»។ តែពួកប្រជាជនមិនបានឆ្លើយ សូម្បីមួយម៉ាត់ឡើយ។
គេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។
ទ្រង់បំបាត់ពួកសង្ឃរបស់រូបព្រះ ដែលពួកស្តេចយូដាបានតាំងឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មាន។
ដ្បិតគ្មានមន្តអាគមណាទាស់នឹងពួកយ៉ាកុបបានឡើយ ក៏គ្មានអំពើណាទាស់នឹងអ៊ីស្រាអែលបានដែរ។ ឥឡូវនេះ នឹងមានគេថ្លែងពីយ៉ាកុប និងពីអ៊ីស្រាអែលថា "មើលអ្វីដែលព្រះបានធ្វើចុះ!"
ព្រះបាទអ័ហាស៊ីយ៉ាបានធ្លាក់ចុះពីរានហាលនៃដំណាក់ជាន់លើ នៅក្រុងសាម៉ារី ហើយទ្រង់ក៏ប្រឈួន ទ្រង់បានចាត់អ្នកនាំសារឲ្យទៅ ដោយបង្គាប់ថា៖ «ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុន តើយើងនឹងជាពីជំងឺនេះឬទេ?» ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាបានមកប្រាប់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ទៅជួបពួកអ្នកនាំសាររបស់ស្តេចក្រុងសាម៉ារី ហើយសួរគេថា "តើដោយព្រោះតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬ បានជាអ្នករាល់គ្នាទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុនដូច្នេះ?"
ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។
ដ្បិតទ្រង់បានធ្វើអស់ទាំងទីខ្ពស់ឡើងវិញ ដែលព្រះបាទហេសេគា ជាបិតាបានរំលំទៅនោះ ហើយក៏ស្អាងអាសនាថ្វាយព្រះបាល ព្រមទាំងធ្វើបង្គោលសក្ការៈ ហើយថ្វាយបង្គំគោរពដល់អស់ទាំងពួកពលបរិវារនៅលើមេឃផង។
ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
ហើយក៏មានអ្នកដែលប្រព្រឹត្តអំពើមន្តអាគមជាច្រើន បានយកក្បួនតម្រារបស់ខ្លួនមកដុតចោលនៅចំពោះមុខមនុស្សទាំងអស់។ គេបានគិតតម្លៃក្បួនតម្រាទាំងនោះមើល ឃើញមានតម្លៃជាសាច់ប្រាក់ប្រាំម៉ឺនកាក់។
គ្មានពន្លឺចង្កៀងណាភ្លឺនៅក្នុងឯង ឬឮសំឡេងប្តីប្រពន្ធថ្មោងថ្មី នៅក្នុងឯងទៀតឡើយ ដ្បិតពួកជំនួញរបស់ឯងសុទ្ធតែជាអ្នកធំនៅផែនដី ព្រោះអស់ទាំងសាសន៍បានវង្វេង ដោយសារមន្តអាគមរបស់ឯង
ប៉ុន្តែ ផារ៉ោនកោះហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់មក ឯពួកគ្រូនៅស្រុកអេស៊ីព្ទទាំងនោះ ក៏ធ្វើដូច្នោះដោយប្រើមន្តអាគមរបស់គេដែរ។
ហើយក្រែងអ្នករាល់គ្នាងើបភ្នែកទៅលើមេឃ ហើយឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងអស់នៅលើមេឃ នោះមិនត្រូវបណ្ដោយខ្លួនទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិរបស់ទាំងនោះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានបណ្ដោយឲ្យគ្រប់ទាំងសាសន៍នៅក្រោមមេឃវិញ។
ចូរឈរឥឡូវ ដោយពឹងដល់វេទមន្ត និងរបៀនរបស់អ្នកដែលមានជាច្រើននោះ ជាវិជ្ជាដែលអ្នកបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក ហើយលមើល ប្រហែលជាអ្នកនឹងបានប្រយោជន៍ខ្លះ ឬប្រហែលជាអ្នកអាចឈ្នះ។ អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។
នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីពេស្យា ដែលមានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់សាសន៍ទាំងឡាយ ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសាររបៀនអាបធ្មប់របស់វា។
ព្រះយេហូវ៉ាដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែល ហើយជាអ្នកដែលប្រោសលោះ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាដើម ហើយជាចុង ក្រៅពីយើងគ្មានព្រះណាទៀតឡើយ។
ចូរប្រយ័ត្នចុះ ក្រែងចិត្តអ្នករាល់គ្នាត្រូវសេចក្ដីល្បួង រួចបែរចេញទៅគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះដទៃ
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរលើជញ្ជាំងនៅជុំវិញ
នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះ របស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ និងប្រចៀវ។
គឺអ្នកបានប្រព្រឹត្តអាក្រក់នៅចំពោះយើង លើសជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត ព្រមទាំងធ្វើព្រះដទៃ និងសិតរូបផង ជាការដែលបណ្ដាលឲ្យយើងខឹង ហើយអ្នកបានបោះបង់យើងទៅខាងក្រោយខ្នង។