ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។
ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។
៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
ផ្លូវរបស់ព្រះសុទ្ធតែគ្រប់លក្ខណ៍ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា បានសាកមើលដែរ ព្រះអង្គជាខែលដល់អស់អ្នកណា ដែលជ្រកក្នុងព្រះអង្គ។
មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា ព្រះយេហូវ៉ាក៏គង់នៅព័ទ្ធជុំវិញ ប្រជារាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ យ៉ាងនោះដែរ។
៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។
ព្រះយេហូវ៉ាជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ តើខ្ញុំនឹងខ្លាចអ្នកណា? ព្រះយេហូវ៉ាជាទីជម្រកយ៉ាងមាំនៃជីវិតខ្ញុំ តើខ្ញុំញញើតនឹងអ្នកណា?
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
អ្នកណាដែលរស់នៅក្រោមជម្រក នៃព្រះដ៏ខ្ពស់បំផុត អ្នកនោះនឹងជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា ។ នោះនឹងគ្មានសេចក្ដីអាក្រក់ណា កើតមានដល់អ្នកឡើយ ក៏គ្មានគ្រោះកាចណាមកជិត ទីលំនៅរបស់អ្នកដែរ។ ៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។ អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់វែក ឯសិង្ហស្ទាវ និងនាគ អ្នកអាចនឹងជាន់ឈ្លីដោយជើងបាន។ ៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។ យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។ ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។
៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។ ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។
ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនត្រូវវិនាសឡើយ ក៏គ្មានអ្នកណាឆក់យកគេពីដៃខ្ញុំបានដែរ។
តែព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែ ក៏នឹងត្រូវឆក់យកទៅ ហើយអ្វីៗដែលពួកខ្លាំងបានរឹបអូសទៅ យើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក ហើយយើងនឹងជួយសង្គ្រោះកូនចៅអ្នកដែរ។
ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា៖ «ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នា ដូចជារែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។
ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រក នៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។
សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង
ព្រមទាំងនាំទូលបង្គំចេញឲ្យរួច ពីពួកខ្មាំងសត្រូវ ហើយលើកទូលបង្គំឡើងយ៉ាងខ្ពស់ ជាងអស់អ្នកដែលលើកខ្លួនទាស់នឹងទូលបង្គំ ក៏ដោះទូលបង្គំឲ្យរួចពីមនុស្សច្រឡោតផង។
យ៉ាងនោះគេនឹងកោតខ្លាច ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច ហើយដល់សិរីល្អនៃព្រះអង្គ ចាប់តាំងពីទិសខាងថ្ងៃរះ កាលណាខ្មាំងចូលមកដូចជាទឹកជន់ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងលើកទង់ជ័យឡើងទាស់នឹងវា។
ឱព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំ ឲ្យរួចពីខ្មាំងសត្រូវរបស់ទូលបង្គំផង សូមការពារទូលបង្គំឲ្យរួចពីអស់អ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ។
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួច ពីអស់ទាំងការភ័យខ្លាចរបស់ខ្ញុំ។
យើងត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លច្រក ត្រូវវិលវល់ តែមិនអស់សង្ឃឹម យើងត្រូវគេបៀតបៀន តែមិនត្រូវបោះបង់ចោលឡើយ ត្រូវគេវាយឲ្យដួល តែមិនស្លាប់ទេ
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយឲ្យអ្នករួច»។
ពេលនោះ ខ្មាំងសត្រូវរបស់ទូលបង្គំនឹងដកថយ នៅថ្ងៃដែលទូលបង្គំស្រែករកព្រះអង្គ ហើយទូលបង្គំដឹងច្បាស់ថា ព្រះអង្គគង់ខាងទូលបង្គំ។
ឱព្រះយេហូវ៉ាអើយ សូមតតាំងនឹងអស់អ្នកដែលតតាំងនឹងទូលបង្គំ សូមតយុទ្ធនឹងអស់អ្នក ដែលតយុទ្ធនឹងទូលបង្គំផង!
ទូលបង្គំនឹងសម្រាកកាយ ហើយដេកលក់ដោយសុខសាន្ត ដ្បិតឱព្រះយេហូវ៉ាអើយ មានតែព្រះអង្គទេ ដែលធ្វើឲ្យទូលបង្គំរស់នៅ ដោយសាន្តត្រាណ។
ព្រះអង្គដែលបានរំដោះយើងឲ្យរួចពីការស្លាប់យ៉ាងសម្បើមនោះ ទ្រង់នឹងនៅតែរំដោះយើងតទៅទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន
ចូរប្រឹក្សាគ្នា នោះការសម្រេចរបស់អ្នក នឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសម្ដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះគង់ជាមួយយើង ។
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំ ឲ្យរួចពីមនុស្សឃោរឃៅ
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អ្នកនឹងមានអ្នកការពារជុំវិញ ហើយសម្រាកដោយសុខសាន្ត។
កុំឲ្យនឹកខ្លាច ក្រែងលោមានហេតុភ័យ កើតមកឆាប់ភ្លាមនោះឡើយ ក៏កុំឲ្យខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ ក្នុងកាលដែលកើតមកនោះដែរ ដ្បិតព្រះយេហូវ៉ានឹងបានជាទីទុកចិត្តដល់ឯង ព្រះអង្គនឹងរក្សាជើងឯងមិនឲ្យត្រូវជាប់ឡើយ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។
ព្រះនៃសេចក្តីសុខសាន្តនឹងកម្ទេចអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ដ្បិតព្រះអង្គនឹងរំដោះអ្នកឲ្យរួចពីអន្ទាក់ របស់នាយព្រាន និងពីជំងឺរាតត្បាតដែលនាំឲ្យអន្តរាយ។ ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
ព្រះយេហូវ៉ាល្អ ព្រះអង្គជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកព្រះអង្គជាទីពឹង។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ដ្បិតគ្រឿងសស្ត្រាវុធរបស់យើង មិនមែនខាងសាច់ឈាមទេ គឺជាអាវុធដ៏មានចេស្ដាមកពីព្រះ ដែលអាចនឹងរំលំទីមាំមួននានា ហើយរំលំអស់ទាំងគំនិតដែលរិះគិត
ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ គ្មានអំណាចលើក្រុមជំនុំនេះឡើយ។
៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាខែលបាំងទូលបង្គំជុំវិញ ជាសិរីល្អរបស់ទូលបង្គំ ហើយជាអ្នកធ្វើឲ្យទូលបង្គំងើបក្បាលឡើង។
មើល៍! ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជាន់ទាំងពស់ និងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ។
ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់បែបយ៉ាង ហើយសង្គ្រោះខ្ញុំសម្រាប់ព្រះរាជ្យនៃស្ថានសួគ៌របស់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ
ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។
៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។
ដ្បិតយើងនឹងធ្វើជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ និងជាសិរីល្អនៅកណ្ដាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។
អ្នកនឹងមិនភ័យខ្លាចគ្រោះថ្នាក់ ដែលគួរឲ្យតក់ស្លុតនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ ឬជំងឺរាតត្បាតដែលកើតមាននៅទីងងឹត ឬមហន្តរាយដែលបំផ្លាញ នៅពេលថ្ងៃត្រង់ឡើយ។
ព្រះអង្គនឹងប្រោសឲ្យអ្នករួច ពីសេចក្ដីវេទនាប្រាំមួយមុខ អើ ដល់គម្រប់ប្រាំពីរផង នោះសេចក្ដីអាក្រក់ នឹងមិនមកពាល់ប៉ះអ្នកឡើយ។
ព្រះអង្គជាថ្មដានៃទូលបង្គំ ទូលបង្គំនឹងយកព្រះអង្គជាទីពឹង ព្រះអង្គក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ជាជម្រកដ៏រឹងមាំ និងជាទីជ្រកកោនរបស់ទូលបង្គំ ព្រះអង្គជាអង្គសង្គ្រោះ ដែលសង្គ្រោះទូលបង្គំ ឲ្យរួចពីអំពើឃោរឃៅ។
សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា នៅថ្ងៃមានចលាចល សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប ការពារព្រះករុណា!
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គយាងទៅជាមួយអ្នក ដើម្បីច្បាំងនឹងខ្មាំងសត្រូវជំនួសអ្នក ហើយប្រទានឲ្យអ្នកមានជ័យជម្នះ"។
លោកឆ្លើយតបថា៖ «កុំខ្លាចអី ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។
ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ប្រសិនបើឯង អង្គុយចុះ ឯងនឹងមិនភ័យខ្លាចអ្វីឡើយ កាលណាឯងចូលដេក នោះឯងនឹងដេកលក់យ៉ាងស្កប់ស្កល់។
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ហើយដាក់អ្នករាល់គ្នានៅចំពោះសិរីល្អរបស់ព្រះអង្គ ដោយឥតបន្ទោសបាន ទាំងមានអំណរ
យើងដឹងថា អស់អ្នកដែលកើតមកពីព្រះ មិនធ្វើបាបទៀតឡើយ គឺព្រះអង្គដែលកើតមកពីព្រះ ទ្រង់ការពារអ្នកនោះ ហើយមេកំណាចមិនអាចប៉ះអ្នកនោះបានឡើយ។
ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ
ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។
ព្រះអង្គតែមួយប៉ុណ្ណោះដែលជាថ្មដា និងជាព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើជាខ្លាំងឡើយ។
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។
ព្រះយេហូវ៉ានឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះ ខ្ញុំបានរក្សាទឹកមុខរឹងមាំ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ដ្បិតព្រះអង្គជាទីជ្រកកោនរបស់ទូលបង្គំ ជាប៉មយ៉ាងមាំតទល់នឹងខ្មាំងសត្រូវ។
ព្រលឹងយើងខ្ញុំសង្ឃឹមដល់ព្រះយេហូវ៉ា ព្រះអង្គជាជំនួយ និងជាខែលរបស់យើងខ្ញុំ។
ទូលបង្គំមិនទូលសូមឲ្យព្រះអង្គយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យព្រះអង្គការពារគេពីអាកំណាចវិញ។
៙ ព្រះយេហូវ៉ាជាព្រះដែលថែរក្សាអ្នក ព្រះយេហូវ៉ាជាម្លប់នៅខាងស្តាំអ្នក។ នៅពេលថ្ងៃ អ្នកនឹងមិនត្រូវព្រះអាទិត្យ ធ្វើទុក្ខឡើយ ហើយនៅពេលយប់ ក៏មិនត្រូវព្រះចន្ទធ្វើទុក្ខដែរ។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។
តែអ្នកណាដែលស្តាប់តាមយើង នោះនឹងនៅដោយសេចក្ដីសុខពិត ហើយនឹងមានសេចក្ដីសម្រាក ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។
ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។
ព្រះយេហូវ៉ាលោះជីវិត ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយក្នុងចំណោមអស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ គ្មានអ្នកណាម្នាក់នឹងត្រូវទោសឡើយ។