មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។
កាលគាត់អធិស្ឋានមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក។ នាងជាកូនរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអ័ប្រាហាំ។
នៅពេលនោះ លោកអេសាយជាកូនអ័ម៉ូស បានចាត់គេឲ្យទៅគាល់ស្ដេចហេសេគា ទូលថា៖ «ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា សេចក្ដីដែលអ្នកបានអធិស្ឋានដល់យើង ពីដំណើរសានហេរីប ជាស្តេចអាសស៊ើរ នោះយើងបានយល់ព្រមហើយ។
៙ ទូលបង្គំបានសារភាពអំពើបាប របស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ទូលបង្គំនឹងលន់តួអំពើរំលង របស់ទូលបង្គំចំពោះព្រះយេហូវ៉ា» ហើយព្រះអង្គក៏បានអត់ទោសអំពើបាប ឲ្យទូលបង្គំ។ –បង្អង់
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ឱប្រជាជននៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ អ្នកនឹងមិនត្រូវយំទៀតឡើយ ព្រះអង្គនឹងមានព្រះគុណចំពោះអ្នក ដោយឮសំឡេងអ្នកស្រែក កាលណាព្រះអង្គឮ នោះព្រះអង្គនឹងឆ្លើយមកអ្នក។
ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
មើល៍ ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លី ដែលជួយសង្គ្រោះមិនបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ
ពេលនោះ លោកប្រាប់ខ្ញុំថា៖ «ដានីយ៉ែលអើយ កុំខ្លាចអី ដ្បិតចាប់ពីថ្ងៃមុនដំបូង ដែលលោកបានតាំងចិត្តចង់យល់ ហើយបន្ទាបខ្លួននៅចំពោះព្រះរបស់លោក ព្រះអង្គឮពាក្យរបស់លោកហើយ រួចខ្ញុំបានមក ក៏ព្រោះតែពាក្យរបស់លោកដែរ។
ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ នោះអ្នកនឹងបានមែន។
កាលគេបានអធិស្ឋានរួចហើយ កន្លែងដែលគេប្រជុំគ្នានោះក៏រញ្ជួយ គេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយគេប្រកាសព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន។