អ្នកណាដែលមានតម្រិះ រមែងសំចៃទុកនូវពាក្យសម្ដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា។
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ តែមាត់មនុស្សអាក្រក់បង្ហូរចេញ ជាសេចក្ដីអាក្រក់វិញ។
អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះ យកបានទីក្រុងទៅទៀត។
ការដែលស្តាប់ពាក្យរបស់មនុស្ស មានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសម្រែករបស់អ្នក ដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ។
បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។
អស់អ្នកដែលផ្សះផ្សាគេ តែងសាបព្រោះសន្តិភាព ហើយគេច្រូតបានផលជាសេចក្ដីសុចរិត។
ដ្បិតយើងទាំងអស់គ្នាជំពប់ជាញឹកញាប់ ហើយបើអ្នកណាមិនជំពប់ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណ៍ហើយ ក៏អាចនឹងទប់រូបកាយទាំងមូលបានដែរ។