និក្ខមនំ 4:5ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «នេះដើម្បីឲ្យគេជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃបុព្វបុរសរបស់គេ គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប បានលេចមកឲ្យអ្នកឃើញមែន»។ សូមមើលជំពូក |
លុះដល់ពេលថ្វាយតង្វាយល្ងាច ហោរាអេលីយ៉ាក៏ចូលមកជិតទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ព្រះអង្គជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គផង
ស្អែកឡើង គេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅនោះ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «ពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរមានជំនឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ព្រះអង្គ ទើបអ្នករាល់គ្នានឹងប្រកបដោយសេចក្ដីចម្រើន»។
ព្រះទ្រង់ក៏មានព្រះបន្ទូលទៅកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប ព្រះអង្គបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"។ នេះជាឈ្មោះរបស់យើងនៅអស់កល្បជានិច្ច ហើយសម្រាប់ជាសេចក្ដីរំឭកពីយើង ដល់មនុស្សគ្រប់ជំនាន់តរៀងទៅ។
ចូរទៅប្រមូលពួកចាស់ទុំអ៊ីស្រាអែល ហើយប្រាប់គេថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប បានលេចមកឲ្យខ្ញុំឃើញ ហើយមានព្រះបន្ទូលថា យើងបានតាមមើលអ្នករាល់គ្នាជាប់ ក៏បានឃើញហេតុការណ៍ដែលគេប្រព្រឹត្តដល់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទដែរ។
គេនឹងស្តាប់តាមអ្នក ហើយអ្នក និងពួកចាស់ទុំអ៊ីស្រាអែល ត្រូវចូលទៅជួបស្តេចស្រុកអេស៊ីព្ទ ទូលថា "ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍ហេព្រើរ បានយាងមកជួបយើងខ្ញុំ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ"។