យ៉ូហាន 17:21 - Khmer Christian Bible ដើម្បីឲ្យទាំងអស់គ្នាត្រលប់ជាតែមួយ ឱព្រះវរបិតាអើយ! ព្រះអង្គនៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះអង្គជាយ៉ាងណា សូមឲ្យពួកគេនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យលោកិយនេះជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យពួកគេទាំងអស់គ្នារួមគ្នាតែមួយ។ ព្រះបិតាអើយ ដូចដែលព្រះអង្គនៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គយ៉ាងណា សូមឲ្យពួកគេ នៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យពិភពលោកបានជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យគេទាំងអស់គ្នាបានរួមមកតែមួយ ដូចព្រះវរបិតាគង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងព្រះអង្គ គឺឲ្យគេបានរួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យមនុស្សលោកបានជឿថា ព្រះអង្គបានចាត់ឲ្យទូលបង្គំឲ្យមកមែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត អាល់គីតាប សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱអុលឡោះជាបិតាអើយ! ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងទ្រង់យ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។ |
ខ្ញុំនៅមានចៀមដែលមិននៅក្នុងក្រោលនេះ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយពួកវានឹងស្តាប់សំឡេងរបស់ខ្ញុំ រួចពួកវាក៏ត្រលប់ជាហ្វូងតែមួយដោយមានអ្នកគង្វាលតែម្នាក់។
ផ្ទុយទៅវិញបើខ្ញុំធ្វើ នោះទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក្ដី ចូរជឿលើកិច្ចការទាំងនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយយល់ថែមទៀតថា ព្រះវរបិតានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាដែរ»។
ខ្ញុំដឹងថា ព្រះអង្គស្តាប់ខ្ញុំជានិច្ច ប៉ុន្ដែខ្ញុំទូលដូច្នេះ ដោយសារតែបណ្តាជនដែលឈរនៅជុំវិញ គឺដើម្បីឲ្យពួកគេជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន»
ដូច្នេះបើព្រះជាម្ចាស់បានតម្កើងឡើងតាមរយៈកូនមនុស្ស នោះព្រះអង្គក៏នឹងតម្កើងកូនមនុស្សឡើងតាមរយៈព្រះអង្គដែរ ហើយព្រះអង្គនឹងតម្កើងកូនមនុស្សឡើងឆាប់ៗនេះ។
មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះ គឺបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
ពួកគេនៅក្នុងលោកិយនេះ រីឯខ្ញុំមិននៅក្នុងលោកិយនេះទៀតទេ ដ្បិតខ្ញុំនឹងទៅឯព្រះអង្គ។ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ! សូមរក្សាអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំនៅក្នុងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យពួកគេត្រលប់ជាតែមួយដូចយើង
ខ្ញុំចាត់ពួកគេឲ្យទៅក្នុងលោកិយនេះ ដូចដែលព្រះអង្គបានចាត់ខ្ញុំឲ្យមកក្នុងលោកិយនេះដែរ។
ខ្ញុំមិនសុំសម្រាប់តែអ្នកទាំងនេះប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលបានជឿខ្ញុំដោយសារពាក្យរបស់ពួកគេដែរ
ឱព្រះវរបិតាដ៏សុចរិតអើយ! លោកិយមិនស្គាល់ព្រះអង្គទេ ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គ រីឯអ្នកទាំងនេះក៏ដឹងថា ព្រះអង្គបានចាត់ខ្ញុំ ឲ្យមកដែរ
ហើយជីវិតអស់កល្បជានិច្ចនោះ គឺឲ្យពួកគេស្គាល់ព្រះអង្គដែលជាព្រះដ៏ពិតតែមួយ និងព្រះយេស៊ូគ្រិស្ដដែលព្រះអង្គបានចាត់ឲ្យមក
ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានឲ្យខ្ញុំនោះ ខ្ញុំបានឲ្យពួកគេ ហើយពួកគេក៏ទទួលយក ទាំងដឹងច្បាស់ថា ខ្ញុំបានមកពីព្រះអង្គ និងជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះរាជបុត្រាវិញ
ដើម្បីឲ្យមនុស្សគ្រប់គ្នាគោរពព្រះរាជបុត្រា ដូចជាគោរពព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពព្រះរាជបុត្រា នោះក៏មិនគោរពព្រះវរបិតាដែលចាត់ព្រះរាជបុត្រាឲ្យមកដែរ។
ជារៀងរាល់ថ្ងៃ ពួកគេបានជួបជុំគ្នាជាបន្តនៅក្នុងព្រះវិហារដោយមានចិត្ដព្រមព្រៀងគ្នា ហើយនៅតាមផ្ទះ ពួកគេក៏កាច់នំប៉័ងបរិភោគអាហារជាមួយគ្នាដោយចិត្ដរីករាយ និងស្មោះត្រង់
ពេលនោះ អស់អ្នកដែលបានជឿមានចិត្ដគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់និយាយថា ទ្រព្យសម្បត្ដិដែលខ្លួនមានជារបស់ខ្លួនឡើយ គឺអ្វីៗទាំងអស់របស់ពួកគេជារបស់រួម។
នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយនៅក្នុងព្រះគ្រិស្ដជាយ៉ាងនោះដែរ ហើយម្នាក់ៗជាអវយវៈរបស់គ្នាទៅវិញទៅមក។
ឥឡូវនេះ បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា សូមអ្នករាល់គ្នានិយាយសេចក្ដីតែមួយទាំងអស់គ្នា ហើយកុំមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ប៉ុន្ដែអ្នករាល់គ្នាត្រូវសាមគ្គីគ្នាដោយមានចិត្ដតែមួយ និងគំនិតតែមួយ។
ដ្បិតដូចដែលមានរូបកាយតែមួយ ហើយមានអវយវៈច្រើន អវយវៈទាំងឡាយរបស់រូបកាយ ទោះជាច្រើនមែន ប៉ុន្ដែរួមគ្នាមកជារូបកាយតែមួយទេ ហើយព្រះគ្រិស្ដក៏ដូច្នោះដែរ
ដូច្នេះ ដោយព្រោះអ្នកទាំងអស់គ្នាបានត្រលប់ជាតែមួយនៅក្នុងព្រះគ្រិស្ដយេស៊ូ នោះគ្មានជនជាតិយូដា គ្មានជនជាតិក្រេក គ្មានបាវបម្រើ គ្មានអ្នកមានសេរីភាព ហើយក៏គ្មានប្រុស គ្មានស្រីទៀតដែរ
អ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្ដិសមនឹងដំណឹងល្អរបស់ព្រះគ្រិស្ដចុះ នោះទោះបីខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយក្ដី ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំមួនដោយមានវិញ្ញាណតែមួយ និងតស៊ូជាមួយគ្នាដោយមានគំនិតតែមួយដើម្បីជំនឿលើដំណឹងល្អ
ដូច្នេះ អ្វីដែលយើងបានឃើញ និងបានឮនោះ យើងប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ ហើយសេចក្ដីប្រកបរបស់យើងជាសេចក្ដីប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។