១ ពង្សាវតារក្សត្រ 17:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នាងឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មានមួយដុំឡើយ មានតែម្សៅមួយក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ៎ ខ្ញុំកំពុងតែរើសរំកាច់ឧសពីរនេះ ដើម្បីចូលទៅចម្អិនសម្រាប់ខ្ញុំ និងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្ដាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ង សម្រាប់នាងខ្ញុំ និងកូន ទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្ដាយកូននឹងស្លាប់ទាំងអស់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនាងឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មាន១ដុំឡើយ មានតែម្សៅ១ក្តាប់នៅក្នុងខាប់ នឹងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើ២នេះ ដើម្បីចូលទៅចំអិនសំរាប់ខ្ញុំនឹងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ អាល់គីតាប នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប ជាម្ចាស់របស់លោកថា នាងខ្ញុំគ្មាននំបុ័ងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្តាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះយកទៅដុតនំបុ័ងសម្រាប់នាងខ្ញុំ និងកូនទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្តាយកូននឹងស្លាប់ទាំងអស់គ្នា»។ |
ហើយទៅអង្គុយទល់មុខកូន ចម្ងាយមួយសន្ទុះបាញ់ធ្នូ ដោយគិតថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅនឹងមុខឡើយ»។ ដូច្នេះ កាលនាងអង្គុយទល់មុខកូន នាងក៏ឡើងសំឡេងស្រែកយំ។
ប៉ុន្តែ អ៊ីតតាយទូលតបថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ និងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំដ៏មានព្រះជន្មថា នៅកន្លែងណាដែលព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំគង់នៅ ទោះបើស្លាប់ ឬរស់ក្តី នោះទូលបង្គំ ជាបាវបម្រើទ្រង់ និងនៅទីនោះដែរ»។
គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។
កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្តាំថា៖ «សូមយកនំបុ័ងបន្តិចមកឲ្យខ្ញុំផង»។
ប៉ុន្តែ លោកអេលីយ៉ាប្រាប់នាងថា៖ «កុំខ្លាចឡើយ សូមទៅធ្វើដូចជាអ្នកបានថាចុះ តែសូមធ្វើនំមួយយ៉ាងតូចមកឲ្យខ្ញុំជាមុនសិន រួចសឹមធ្វើសម្រាប់អ្នក និងកូនអ្នកចុះ
បើខ្ញុំចេញទៅវាល មើល៍ មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ មានសុទ្ធតែមនុស្សដែលឈឺដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
ហើយបើអ្នកស្បថដោយពិតត្រង់ ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតថា ព្រះយេហូវ៉ាមានព្រះជន្មគង់នៅយ៉ាងណា នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងព្រះអង្គ ហើយនឹងអួតសរសើរពីព្រះអង្គយ៉ាងនោះដែរ។
ទោះបើគេថា គេស្បថដោយព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅក៏ដោយ គង់តែគេស្បថដោយភូតភរទេ
ពួកអ្នកដែលស្លាប់ដោយដាវ វិសេសជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លាន ដ្បិតពួកមួយនេះហេវទៅ ហើយត្រូវស្លាប់ ដោយខ្វះស្បៀងអាហារ។
នោះមានស្ត្រីម្នាក់ចូលមកគាល់ព្រះអង្គទាំងកាន់ដបថ្មកែវមួយ ដាក់ប្រេងក្រអូបដ៏មានតម្លៃបំផុត ហើយចាក់ប្រេងក្រអូបនោះលើព្រះសិររបស់ព្រះអង្គ ពេលទ្រង់កំពុងគង់នៅតុអាហារ។
ដ្បិតយើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ ដែលព្រះអង្គបានសង្គ្រោះពួកអ៊ីស្រាអែលថា ទោះបើបាបនោះ នៅលើរូបយ៉ូណាថានជាកូនយើងក៏ដោយ គង់តែវានឹងត្រូវស្លាប់ទៅជាប្រាកដ»។ ក្នុងពួកពលទ័ពគ្មានអ្នកណាមួយឆ្លើយឡើងសោះ។
ពួកបណ្ដាទ័ពទូលសួរដល់ស្ដេចសូលថា៖ «យ៉ូណាថានដែលបាននាំឲ្យមានសេចក្ដីសង្គ្រោះក្នុងពួកអ៊ីស្រាអែលយ៉ាងធំដល់ម៉្លេះ តើលោកត្រូវស្លាប់ឬ? មិនត្រូវទៅជាដូច្នោះឡើយ យើងខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា មិនត្រូវឲ្យមានសក់មួយសរសៃជ្រុះពីក្បាលរបស់លោកទេ ដ្បិតការដែលលោកបានធ្វើនៅថ្ងៃនេះ នោះគឺបានធ្វើជាមួយព្រះហើយ» ដូច្នេះ ពួកបណ្ដាទ័ពបានជួយដោះយ៉ូណាថានមិនឲ្យស្លាប់ឡើយ។
រួចខ្ញុំនឹងចាត់ក្មេងជំទង់ម្នាក់ឲ្យទៅដោយថា "ចូរទៅរកព្រួញមក" ហើយបើខ្ញុំនិយាយទៅក្មេងនោះថា "មើល៍ ព្រួញនៅខាងអាយឯងឯណេះ ចូររើសយកមក" នោះខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា គ្មានហេតុអ្វីនឹងនាំឲ្យអន្តរាយទេ មានតែសេចក្ដីមេត្រីដល់អ្នកប៉ុណ្ណោះ
ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។
ដូច្នេះ លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះ ដោយព្រោះព្រះយេហូវ៉ាបានឃាត់លោកមិនឲ្យកម្ចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ។
ដាវីឌនិយាយទៀតថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចម្បាំងណាមួយជាមិនខាន។