វិវរណៈ 22:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបើអ្នកណាដកអ្វីចេញពីព្រះបន្ទូលនៅក្នុងគម្ពីរទំនាយនេះ ព្រះក៏នឹងដកចំណែករបស់អ្នកនោះ ចេញពីដើមជីវិត និងពីទីក្រុងបរិសុទ្ធ ដូចបានរៀបរាប់ក្នុងគម្ពីរនេះដែរ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកណាដកអ្វីចេញពីពាក្យព្យាកររបស់សៀវភៅនេះ ព្រះនឹងដកចំណែករបស់អ្នកនោះចេញពីដើមឈើនៃជីវិត និងពីក្រុងដ៏វិសុទ្ធ ដែលមានសរសេរទុកក្នុងសៀវភៅនេះ។ Khmer Christian Bible ហើយបើអ្នកណាដកយកអ្វីចេញពីព្រះបន្ទូលដែលបានថ្លែងទុកក្នុងសៀវភៅនេះ ព្រះជាម្ចាស់នឹងដកយកចំណែករបស់អ្នកនោះចេញពីដើមជីវិត និងពីក្រុងបរិសុទ្ធដែលបានសរសេរទុកក្នុងសៀវភៅនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីព្រះបន្ទូល ដែលមានថ្លែងទុកក្នុងសៀវភៅនេះ ព្រះជាម្ចាស់ក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើ ដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនឲ្យគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងសៀវភៅនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើអ្នកណាដកអ្វី ពីព្រះបន្ទូលក្នុងគម្ពីរនៃសេចក្ដីទំនាយនេះចេញ នោះព្រះទ្រង់នឹងដកចំណែក ដែលអ្នកនោះមានដល់ដើមជីវិត នឹងទីក្រុងបរិសុទ្ធ ហើយនឹងសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកក្នុងគម្ពីរនេះចេញដែរ។ អាល់គីតាប ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីបន្ទូលនៃអុលឡោះ ដែលមានថ្លែងទុកក្នុងគីតាបនេះ អុលឡោះក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើ ដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនឲ្យគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងគីតាបនេះឡើយ។ |
ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកណាដែលបានប្រព្រឹត្តអំពើបាបទាស់នឹងយើង នោះយើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង។
កុំបន្ថែមបញ្ចូលក្នុងព្រះបន្ទូលរបស់ព្រះអង្គឡើយ ក្រែងព្រះអង្គបន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ។
វេទនាដល់អ្នករាល់គ្នា ពួកអ្នកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះដឹងចេញហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយថែមទាំងរាំងរាអស់អ្នកដែលកំពុងចូល មិនឲ្យគេចូលទៀតផង»។
អស់ទាំងសេចក្ដីដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា នោះត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែម ឬបន្ថយអ្វីឡើយ»។
អ្នករាល់គ្នាមិនត្រូវបន្ថែមអ្វីមួយ ទៅលើសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យអ្នករាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបង្គាប់អ្នករាល់គ្នា។
មានពរហើយ អ្នកណាដែលអានមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។
តែកុំវាស់ទីលានខាងក្រៅព្រះវិហារឡើយ ត្រូវទុកឲ្យនៅដោយឡែក ដ្បិតទីនោះព្រះអង្គបានប្រគល់ឲ្យជាតិសាសន៍នានា ហើយគេនឹងជាន់ទីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។
មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលគេបានសម្លាប់ តាំងពីកំណើតពិភពលោកមក នឹងក្រាបថ្វាយបង្គំសត្វនោះ។
ខ្ញុំក៏ឮសំឡេងពីលើមេឃថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលស្លាប់ក្នុងព្រះអម្ចាស់ ចាប់ពីពេលនេះតទៅ»។ ព្រះវិញ្ញាណមានព្រះបន្ទូលថា៖ «មែនហើយ គឺដើម្បីឲ្យគេបានឈប់សម្រាក ពីគ្រប់ទាំងការនឿយហត់របស់គេ ដ្បិតកិច្ចការដែលគេធ្វើទាំងប៉ុន្មាន ចេះតែដេញតាមគេជាប់ជានិច្ច»។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ នោះសេចក្ដីស្លាប់ទីពីរនឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ"»។
អ្នកណាដែលឈ្នះ ហើយធ្វើកិច្ចការរបស់យើងរហូតដល់ចុងបំផុត យើងនឹងឲ្យអ្នកនោះមានអំណាចលើជាតិសាសន៍នានា
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគផ្លែពីដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ"»។
ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។
ព្រះអង្គដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងធ្វើទាំងអស់ជាថ្មី»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរសរសេរដូច្នេះ ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ»។
មើល៍! យើងមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីចែកឲ្យគ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
កាត់តាមកណ្ដាលផ្លូវក្រុង ហើយនៅមាត់ទន្លេទាំងសងខាង មានដើមឈើជីវិតដែលមានផ្លែដប់ពីរដង គឺមួយខែម្តងៗ ឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលជាតិសាសន៍នានាឲ្យជា ។
"មើល៍! យើងមកជាឆាប់ មានពរហើយអ្នកណាដែលប្រតិបត្តិតាមពាក្យទំនាយក្នុងគម្ពីរនេះ"»។
អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។
អ្នកណាដែលឈ្នះ យើងនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយយើង ដូចជាយើងបានឈ្នះ ហើយបានអង្គុយជាមួយព្រះវរបិតាយើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។