ចោទិយកថា 32:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបង្គរមហន្តរាយទៅលើគេ យើងនឹងបាញ់ព្រួញរបស់យើងទៅលើគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ពួកគេផ្ទួនៗគ្នា។ យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង ទៅលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបង្គរសេចក្ដីអាក្រក់ទៅលើគេ អញនឹងបាញ់ព្រួញអញអស់រលីងទៅលើគេ អាល់គីតាប យើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ពួកគេផ្ទួនៗគ្នា។ យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង ទៅលើពួកគេ។ |
គេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យយើងមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់យើង នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង។
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ទៅកម្ចាត់កម្ចាយគេ ព្រះអង្គបាញ់ផ្លេកបន្ទោរទៅបំបាក់ពួកគេ។
ព្រួញរបស់ព្រះអង្គ មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ សាសន៍ទាំងប៉ុន្មានដួលនៅក្រោម ព្រះបាទាព្រះអង្គ។
មើល៍! គេឈឺនឹងសម្រាលអំពើទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសម្រាលចេញជាសេចក្ដីភូតភរ។
ព្រះអង្គបានចម្រើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានចម្រើនសាសន៍នេះហើយ គេលើកតម្កើងព្រះអង្គឡើង ព្រះអង្គបានវាតព្រំប្រទល់ស្រុកឲ្យធំទូលាយ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណាយើងចាត់សេចក្ដីវេទនាទាំងបួនយ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះតើនឹងបានតឹងជាងអម្បាលម៉ានទៅទៀត
ពេលយើងប្រើព្រួញជាសេចក្ដីអំណត់ ព្រួញបំផ្លាញដែលយើងនឹងចាត់មកលើអ្នករាល់គ្នា យើងនឹងធ្វើឲ្យមានអំណត់កាន់តែច្រើនឡើងៗទៅលើអ្នក ហើយនឹងផ្តាច់ស្បៀងអាហាររបស់អ្នករាល់គ្នា។
ត្រូវសម្លាប់ទាំងពួកចាស់ ពួកកំលោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែ កុំចូលទៅជិតមនុស្សណាដែលមានទីសម្គាល់នៅខ្លួនឡើយ ហើយត្រូវចាប់ផ្តើមពីទីបរិសុទ្ធរបស់យើងផង»។ ដូច្នេះ អ្នកទាំងនោះក៏ផ្តើមពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
បើអ្នករាល់គ្នានៅតែមិនស្តាប់តាមយើងទៀត នោះយើងនឹងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
នោះយើងនឹងដើរទាស់អ្នករាល់គ្នាដែរ និងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។
«ប៉ុន្តែ ប្រសិនបើអ្នកមិនស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបទបញ្ជា និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះទេ នោះអស់ទាំងបណ្ដាសានេះ នឹងធ្លាក់មកលើអ្នក ហើយតាមអ្នកជាប់។
ព្រះយេហូវ៉ានឹងញែកអ្នកនោះ ចេញពីគ្រប់កុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល សម្រាប់សេចក្ដីអាក្រក់ តាមអស់ទាំងពាក្យបណ្ដាសានៃសេចក្ដីសញ្ញាដែលចែងទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ។
យើងនឹងធ្វើឲ្យព្រួញរបស់យើងស្រវឹងដោយឈាម ហើយឲ្យដាវរបស់យើងត្របាក់ស៊ីសាច់ គឺដោយឈាមរបស់អ្នកដែលត្រូវគេសម្លាប់ ព្រមទាំងពួកឈ្លើយ ចាប់តាំងពីក្បាលរបស់ខ្មាំងសត្រូវដែលមានសក់វែងទៅ។