ទំនុកតម្កើង 45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ចម្រៀងនៅពេលព្រះរាជារៀបអភិសេក ទំនុករបស់កូនចៅកូរេ តាមបទ «ផ្កាឈូក» សម្រាប់មេភ្លេង ជាចម្រៀងស្នេហា។ 1 ចិត្តរបស់ខ្ញុំពេញហៀរដោយពាក្យពេជន៍ដ៏ល្អ ខ្ញុំលើកកំណាព្យរបស់ខ្ញុំថ្វាយព្រះមហាក្សត្រ អណ្ដាតខ្ញុំប្រៀបដូចជាប៉ាកការបស់កវីនិពន្ធ ដែលត្រៀមជាស្រេច។ 2 ៙ ព្រះករុណាមានរូបសម្បត្តិល្អ លើសជាងបុរសទាំងអស់ បបូរមាត់ព្រះករុណាមានពេញដោយព្រះគុណ ហេតុនេះហើយបានជា ព្រះប្រទានពរព្រះអង្គជានិច្ច។ 3 ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវរបស់ព្រះអង្គជាប់នឹងត្រគាក ឲ្យសមនឹងតេជានុភាពដ៏រុងរឿងរបស់ព្រះអង្គ! 4 សូមយាងទៅដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ ទាំងមានជ័យជម្នះ ដើម្បីការពារសេចក្ដីពិត ភាពស្លូតបូត និងសេចក្ដីសុចរិត សូមព្រះហស្តស្តាំរបស់ព្រះអង្គ បង្រៀនព្រះអង្គ ពីការដែលគួរកោតខ្លាច! 5 ព្រួញរបស់ព្រះអង្គ មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ សាសន៍ទាំងប៉ុន្មានដួលនៅក្រោម ព្រះបាទាព្រះអង្គ។ 6 ៙ ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ចរៀងរាបតទៅ។ ដំបងរាជ្យនៃរាជ្យព្រះអង្គ ជាដំបងរាជ្យសុចរិត 7 ព្រះករុណាស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់អំពើទុច្ចរិត។ ហេតុនេះហើយបានជាព្រះ គឺព្រះរបស់ករុណា បានចាក់ប្រេងលើព្រះករុណា ជាប្រេងនៃសេចក្ដីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះករុណា 8 ព្រះពស្ត្រព្រះករុណាផ្សាយក្លិនក្រអូប ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន មានសូរសព្ទតន្ត្រីចេញពីដំណាក់ភ្លុក ធ្វើឲ្យព្រះអង្គសប្បាយរីករាយ។ 9 មានបុត្រីស្តេចនៅក្នុងចំណោមស្ត្រីជាន់ខ្ពស់ របស់ព្រះករុណា ព្រះមហាក្សត្រិយានី ទ្រង់គ្រឿងដោយមាសពីស្រុកអូភារ គង់នៅខាងស្តាំព្រះអង្គ។ 10 ៙ ឱបុត្រីអើយ ចូរស្តាប់ ហើយពិចារណា ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរបំភ្លេចប្រជារាស្ត្ររបស់បុត្រី និងពួកដំណាក់បិតារបស់បុត្រីទៅ 11 នោះព្រះមហាក្សត្រនឹងគាប់ព្រះហឫទ័យ ដោយសោភ័ណភាពរបស់បុត្រី ដ្បិតព្រះអង្គជាម្ចាស់របស់បុត្រី ចូរចុះចូលនឹងព្រះរាជាទៅ! 12-13 ប្រជារាស្ត្រនៅក្រុងទីរ៉ុស គឺពួកអ្នកមានស្ដុកស្ដម នឹងនាំតង្វាយមកថ្វាយព្រះនាង ដើម្បីផ្គាប់ផ្គុនព្រះនាង។ ៙ ព្រះអង្គម្ចាស់ក្សត្រិយ៍ដែលនៅក្នុងក្រឡាបន្ទំ ព្រះនាងមានពេញដោយសេចក្ដីរុងរឿង ព្រះភូសារបស់ព្រះនាងប៉ាក់លម្អដោយមាស។ 14 គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា ទាំងគ្រងព្រះភូសាចម្រុះពណ៌ ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង ហែហមពីក្រោយ។ 15 កាលពួកនាងចូលមកក្នុងព្រះដំណាក់ព្រះរាជា មានសំឡេងអបអរសាទរ យ៉ាងសប្បាយរីករាយ។ 16 ៙ ព្រះករុណានឹងបានរាជបុត្រ តពីអយ្យកោរបស់ព្រះអង្គ ព្រះករុណានឹងតាំងរាជបុត្រទាំងនោះ ជាអ្នកគ្រប់គ្រងលើផែនដីទាំងមូល។ 17 ទូលបង្គំនឹងធ្វើឲ្យមនុស្សលោក នឹកចាំពីព្រះនាមព្រះករុណា គ្រប់ជំនាន់តទៅ ហេតុនេះ ជាតិសាសន៍ទាំងឡាយ នឹងសរសើរព្រះករុណា អស់កល្បជាអង្វែងតរៀងទៅ។ |
© 2016 United Bible Societies
Bible Society in Cambodia