ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 13:18 - អាល់គីតាប

ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថាៈ “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​និយាយ​មិនមែន​អំពី​អ្នក​ទាំងអស់គ្នា​ទេ​។ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ជ្រើសរើស​ហើយ ប៉ុន្តែ​នេះគឺ​ដើម្បីឲ្យ​បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែលថា​:​‘អ្នក​ដែល​ហូប​នំប៉័ង​របស់ខ្ញុំ​បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់នឹង​ខ្ញុំ’។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ​ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ ប៉ុន្ដែ​ដើម្បី​ឲ្យ​សម្រេច​តាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ អ្នក​ដែល​បរិភោគ​នំប៉័ង​របស់​ខ្ញុំ​ អ្នក​នោះ​បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់​នឹង​ខ្ញុំ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ប៉ុន្តែ ត្រូវ​តែ​បាន​សម្រេចតាម​បទ​គម្ពីរ​ដែល​ថា "អ្នក​ដែល​បរិ‌ភោគ​នំបុ័ង​ជា​មួយ​ខ្ញុំ បាន​លើក​កែង​ជើងទាស់​នឹង​ខ្ញុំ" ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា: “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​រាល់​គ្នា​ទាំង​អស់​ទេ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​រើស ប៉ុន្តែ បទ​គម្ពីរ​ដែល​ថា «អ្នក​ដែល​បរិភោគ​នំបុ័ង​ជា​មួយ​នឹង​ទូលបង្គំ នោះ​បាន​លើក​កែង‌ជើង ទាស់​នឹង​ទូលបង្គំ​វិញ» ពាក្យ​នោះ​ត្រូវ​តែ​បាន​សំរេច

សូមមើលជំពូក



យ៉ូហាន 13:18
27 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ខ្ញុំ គឺ​អ្នក​ដែល​ខ្ញុំ​ទុក​ចិត្ត ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ រួម​ជា​មួយ​ខ្ញុំ ក៏​ប្រឆាំង​នឹង​ខ្ញុំ​ដែរ​ ។


លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ក្រោក​ឡើង​ជា​មួយ​ទាហាន​របស់​គាត់​ទាំង​ដប់​នាក់ ហើយ​យក​ដាវ​ចាក់​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។


អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។


នៅ​ពេល​បរិភោគ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ។


លុះ​ដល់​ល្ងាច អ៊ីសា​មក​ដល់​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​នាក់។


នៅ​ពេល​អ៊ីសា​រួម​តុ ពិសារ​បាយ​ជា​មួយ​ពួក​សិស្ស​អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បរិភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។


អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់‌ពីរ ដែល​កំពុង​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ​នេះ​ហើយ។


ប៉ុន្តែ តោង​ដឹង​ថា អ្នក​ដែល​នឹង​បញ្ជូន​ខ្ញុំ ក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។


កាល អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​ហើយ គាត់​រន្ធត់​ចិត្ត​ក្រៃ‌លែង អ៊ីសា​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។


ពួក​សិស្ស​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា​អ៊ីសា​មាន​ប្រសាសន៍​ពី​នរណា។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ជ្រលក់​នំបុ័ង​មួយ​ដុំ​ហុច​ទៅ​ឲ្យ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ»។ អ៊ីសា​ជ្រលក់​នំបុ័ង​មួយ​ដុំ ហុច​ទៅ​ឲ្យ​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​កូន​របស់​លោក​ស៊ីម៉ូន។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​សូម​ពី​អុលឡោះ​ជា​បិតា​ក្នុង​នាម​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។


ប្រសិន​បើ​អ្នក​រាល់​គ្នា​កើត​មក​ពី​លោកីយ៍ នោះ​លោកីយ៍​មុខ​ជា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ ប៉ុន្ដែ ខ្ញុំ​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​កើត​ពី​លោកីយ៍​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។


គឺ​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​គេ​ថា “គេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ”។


កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ខ្ញុំ​បាន​ថែ​រក្សា​គេ ដោយ​នាម​ដែល​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ។ ខ្ញុំ​បាន​ការ‌ពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើក‌លែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ប៉ុណ្ណោះ។


គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​អ៊ីសា​មាន​ប្រសាសន៍​អំពី​របៀប​គាត់​ត្រូវ​ស្លាប់។


«កុំ​ហែក​អាវ​នេះ​ធ្វើ​អ្វី យើង​ចាប់​ឆ្នោត​វិញ ដើម្បី​ឲ្យ​ដឹង​ថា​អាវ​នេះ​នឹង​បាន​ទៅ​លើ​អ្នក​ណា»។ ពួក​ទាហាន​ធ្វើ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​មក​ថា៖ «គេ​បាន​យក​សម្លៀក‌បំពាក់​របស់​ខ្ញុំ​ចែក​គ្នា ហើយ​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ខ្ញុំ»។


ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​មក​ថា៖ «គ្មាន​ឆ្អឹង​ណា​មួយ​របស់​គាត់​ត្រូវ​បាក់​បែក​ឡើយ»។


អ៊ីសា​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ ពេត្រុស​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​អ៊ីសា​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ឆ្លើយ​តប​ទៅ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ក៏​ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​អ៊ីព្លេស»។


«បង​ប្អូន​អើយ! រស‌អុលឡោះ​ដ៏​វិសុទ្ធ​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ទត​អំពី​យូដាស ជា​អ្នក​នាំ​គេ​មក​ចាប់​អ៊ីសា។ ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​មែន។


រហូត​ដល់​ថ្ងៃ​ដែល​អុលឡោះ​លើក​អ៊ីសា​ឡើង​ទៅ​សូរ៉កា គឺ​បន្ទាប់​ពី​អ៊ីសា​បាន​ផ្ដែ‌ផ្ដាំ​តាម​រយៈ​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដល់​ក្រុម​សាវ័ក​ដែល​គាត់​បាន​ជ្រើស​រើស។


យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បង​ប្អូន ព្រោះ​តែ​អ៊ីសា​នេះ​ហើយ។


គ្មាន​សត្វ​លោក​ណា​មួយ​ដែល​អុលឡោះ​មើល​មិន​ឃើញ​នោះ​ឡើយ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទ‌បាំង​ទាល់​តែ​សោះ​ចំពោះ​ទ្រង់។ យើង​ត្រូវ​រៀប​រាប់​ប្រាប់​អុលឡោះ​ពី​គ្រប់​កិច្ចការ​ទាំង​អស់។


យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ​ក្រុម‌ជំអះ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ដ​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។